លោក ញឹម វណ្ណដា ប្តេជ្ញាអភិវឌ្ឍន៍រមណីយដ្ឋាន «កោះតាដា» ឲ្យកាន់តែស្រស់ស្អាតបន្ថែមទៀត

0
944

 

កំពតៈ រមណីយដ្ឋានទេសចរណ៍ធម្មជាតិ «កោះតាដា» ដែលពីដើមឡើយជាតំបន់ជ្រលងភំ្ន ត្រូវបាន​ចាប់​ផ្ដើម​ធ្វើការ​អភិវឌ្ឍជាជំហានៗនោះ, លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានកាត់​ខ្សែបូសម្ពោធ​ដាក់​ឲ្យដំ​ណើរ​ការ​ជា​ផ្លូវ​ការ​ហើយ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ។

រមណីយដ្ឋាននេះ បានផ្តើមកសាងតាំងពីចុងឆ្នាំ២០១៥មកម្លេះ ហើយវាជាកន្លែងធម្មជាតិ ដែលត្រូវ​បានក្រុម​ហ៊ុន «កោះតាដា» កែលម្អដើម្បីបើកឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិចូលមកកំសាន្ត ជាពិសេស​កន្លែង​ទឹកធ្លាក់​ដល់​ស្រស់ត្រកាលមួយនេះតែម្តង។

លោកទេសរដ្ឋមន្រ្ដី ញឹម វណ្ណដា បានឲ្យដឹងថា គិតមកដល់បច្ចុប្បន្ននេះ រមណីយដ្ឋានទេសចរណ៍ធម្មជាតិ «កោះតាដា» បានចំណាយដើមទុនជាច្រើន ក្នុងការរៀបចំកែលម្អ ពង្រាបដីតាមចម្រៀកភ្នំ ដើម្បី​សម្រួល​ការធ្វើដំណើរ ដែលមានប្រវែងផ្លូវចម្ងាយផ្លូវជាង៣គីឡូម៉ែត្រ ព្រមជាមួយការរៀបចំដាក់ប្រព័ន្ធរំដោះទឹក សាង​សង់​ស្ពាន និងការរៀបចំកន្លែងលំហែរកម្សាន្ត។

លោកបានបន្តថា កន្លែងកម្សាន្តទាំងនេះរួមមាន៖ ទឹកធ្លាក់តាដារូងចាន់, ទឹកធ្លាក់តាដាសច្ចាំង, អាងទំនប់បង្ហៀរ​ទឹក​សម្រាប់ទឹកងូត តាមថ្នាក់នីមួយៗដែលទឹកហូរធ្លាក់ពីជ្រលងភ្នំធម្មជាតិ ទៅតាមតម្រូវការអ្នកទេសចរណ៍។

ពាក់ព័ន្ធទៅនឹងគម្រោងអភិវឌ្ឍន៍ រមណីយដ្ឋានទេសចរណ៍ធម្មជាតិ «កោះតាដា» នេះដែរ ពិសេសអាស្រ័យ​ដោយ​មានការកើនឡើង ជាលំដាប់ចំនួនភ្ញៀវទេសចរណ៍នោះ ទេសរដ្ឋមន្រ្ដី ញឹម វណ្ណដា ក៏បានបញ្ជាក់ដែរថា លោក​នឹងបន្ដធ្វើការអភិវឌ្ឍបន្ថែមទៀត សម្រាប់បំពេញសេចក្ដីត្រូវការ របស់ភ្ញៀវជាតិនិងអន្តរជាតិ មក​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍ ដ៏ស្រស់ត្រកាលមួយនេះ៕