សៀមរាប៖ ក្រៅពីប្រាសាទបុរាណនានានៅក្នុងខេត្តសៀមរាបនោះ តំបន់ទេសចរណ៍កំពង់ភ្លុកក៏ជាគោលដៅទេសចរណ៍ធម្មជាតិ ដ៏ទាក់ទាញមួយនៅក្នុងរដូវស្សានេះនៅក្នុងខេត្ត ដែលនៅទីនោះភ្ញៀវទេសចរអាចគយគន់សម្រស់ពិតនៃធម្មជាតិ និងឈ្វេងយល់ពីជីវភាពរស់នៅ និងប្រពៃណីទំនៀមទម្លាប់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោក សាង គង់ ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុកបានឱ្យដឹងកាលពីថ្ងៃអាទិត្យ ៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ថា សហគមន៍ទេសចរណ៍កំពង់ភ្លុក ជាគោលដៅទេសចរណ៍ធម្មជាតិមួយដ៏សំខាន់ និងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យទៅដើរលេងកម្សាន្តនៅទីនោះ ដែលមានទេស ភាពព្រៃលិចទឹក ផ្ទះប្រជាពលរដ្ឋ ដែលហ៊ុមព័ទ្ធដោយផ្ទៃទឹកខៀវស្រងាត់នៅជុំវិញនៅក្នុងបឹងទន្លេសាបដ៏ស្រស់ស្អាតនារដូវវស្សានេះ។ ប្រជាពលរដ្ឋរស់នៅមូលដ្ឋាននេះមួយចំនួនធំកំពុងមានការងារធ្វើនិងប្រកបមុខរបររកស៊ីទទួលបានប្រាក់កម្រៃសមរម្យពីវិស័យទេសចរណ៍។
លោកបានបញ្ជាក់ថា ភ្ញៀវទេសចរពេលធ្វើដំណើរទៅដល់ភូមិឋានដ៏ស្រស់ស្អាតមួយនេះ ភ្ញៀវទេសចរអាចជិះទូកតូចទស្សនានៅក្រោមម្លប់ព្រៃឈើលិចទឹកដ៏ត្រជាក់ ក្រៅពីនេះនៅពេលល្ងាចអាចទស្សនាថ្ងៃលិចនៅលើផ្ទៃទឹកដ៏ស្រស់ស្អាត នៅពេលយប់ភ្ញៀវទេសចរអាច ស្នាក់នៅទីនោះបានដោយសហគមន៍មានផ្ទះស្នាក់រៀបចំយ៉ាងស្អាតនិងមានផាសុកភាពល្អ និងឈ្វេងយល់ពីជីវភាពរស់នៅនិងប្រពៃណីទំនៀមទម្លាប់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាននេះផងដែរ។
លោកបានបន្តថា ដោយសារភាពស្រស់ស្អាតនៃតំបន់ទេសចរណ៍កំពង់ភ្លុកនេះកាលពីបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនបានមកកម្សាន្តនៅតំបន់នេះ ដោយពួកគេអាចទស្សនាទេសភាពដ៏ស្រស់ស្អាត និងអាចលេងទឹកសប្បាយផង។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងថា កំពង់ភ្លុក ជាគោលដៅទស្សនាចរណ៍មួយដែលមិនគួរអាក់ខាន ព្រោះនៅទីនោះភ្ញៀវទេសចរអាចទស្សនាជាមួយទស្សនីយភាពប្លែកៗនៃសម្រស់ធម្មជាតិ និងឈ្វេងយល់ពីជីវភាពរស់នៅ និងប្រពៃណីទំនៀមទម្លាប់ ក៏ដូចជាការប្រកបរបរនេសាទជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋយ៉ាងជក់ចិត្ត ។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា កំពង់ភ្លុកត្រូវបានភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរបរទេសដែលបានទៅកម្សាន្តទីនោះ មានការពេញចិត្តទៅនិងបរិយា កាសដ៏ត្រជាក់បរិសុទ្ធ នៅលើផ្ទៃទឹកដ៏ថ្លាយង់ ឃើញមានសំណង់ផ្ទះបណ្តែតទឹក ព្រៃលិចទឹកលាតសន្ធឹងយ៉ាងឆ្ងាយ។
ដើម្បីដឹងច្បាស់ថា តើសម្រស់ធម្មជាតិកំពង់ភ្លុក ការរស់នៅរបស់ប្រជាពលរដ្ឋ មានទិដ្ឋភាពឆើតឆាយយ៉ាងណានោះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកកម្សាន្តនៅខេត្តសៀមរាប កុំភ្លេចចូលទៅកម្សាន្តនៅតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាតមួយនេះ។
តំបន់ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ស្ថិតនៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានចម្ងាយពីរួមខេត្តសៀមរាបប្រមាណជាង ១០គីឡូម៉ែត្រប៉ុណ្ណោះ ភ្ញៀវទេសចរដែលចង់ទៅកម្សាន្តនៅទីនោះគ្រាន់តែចំណាយពេលប្រមាណជា៣០នាទី ក្នុងការធ្វើដំណើរពីទីរួមខេត្ត នឹងទៅដល់កន្លែងដ៏ស្រស់ស្អាតនេះហើយ៕