កម្ពុជាមានសក្តានុពលខ្ពស់ក្នុងការចាប់យកប្រយោជន៍ពីបដិវត្តន៍វិស័យទេសចរណ៍

0
723

កំពត: បដិវត្តន៍វិស័យទេសចរណ៍នឹងនាំមកនូវការអភិវឌ្ឍជាវិជ្ជមាន សម្រាប់ប្រជាជាតិទាំងមូល ខណៈកម្ពុជាមានសក្តានុពលខ្ពស់ ក្នុងការចាប់យកប្រយោជន៍ ដែលកើតចេញពីបដិវត្តន៍ឧស្សាហកម្មនេះ។

ក្នុងឱកាសទិវាទេសចរណ៍ពិភពលោក ២៧ កញ្ញា រៀបចំឡើងនៅសាលប្រជុំសាលាខេត្ត កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ក្រោមប្រធានបទវិស័យទេសចរណ៍ និងនិន្នាការផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថល លោក ជឹង ផល្លា អភិបាលរងខេត្តកំពត បានមានប្រសាសន៍ថា នាពេលបច្ចុប្បន្ន ឌីជីថលរូបនីយកម្មបានក្លាយជាកាតាលីករកំណើនថ្មីមួយ ដែលធ្វើឱ្យប្រទេសអភិវឌ្ឍតិចតួច ឬប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍអាចចាប់យកបច្ចេកវិទ្យាថ្មីៗ ដើម្បីមានឱកាសហក់រំលងពីឧស្សាហកម្មបែបប្រពៃណី ឆ្ពោះទៅកាន់ឧស្សាហកម្មធុនទំនើប។ លោកថា៖«បដិវត្តន៍ឧស្សាហកម្មទី៤ ឬបំលាស់ប្តូរវិស័យទេសចរណ៍នឹងនាំមកនូវការអភិវឌ្ឍជាវិជ្ជមានសម្រាប់ប្រជាជាតិទាំងមូល»។

លោកអភិបាលរងខេត្តបានបន្តថា កម្ពុជាមានសក្តានុពលខ្ពស់ចំពោះការចាប់យកប្រយោជន៍ ដែលកើតចេញពីបដិវត្តន៍ឧស្សាហកម្មតាមរយៈការត្រៀមលក្ខណៈសម្របខ្លួន ខណៈដែលបដិវត្តន៍នៃវិស័យនេះកំពុងបង្ហាញពីភាពរីកចម្រើនផ្នែកបច្ចេកវិទ្យាក្នុងពិភពលោកដែលជះឥទ្ធិពលយ៉ាងខ្លាំងនូវការកំណត់ឡើងវិញនៃកត្តាផលិតកម្ម ឥរិយាបថប្រើប្រាស់ និងរចនាសម្ព័ន្ធសេដ្ឋកិច្ចផ្អែកលើការប្រើបញ្ញាសិប្បនិម្មិត មនុស្សយន្ត ការបោះពុម្ពស្រ៊ីឌី(3D)។ល។

កាលានុវឌ្ឍភាពក្នុងការចាប់យកប្រយោជន៍ដែលកើតចេញពីបដិវត្តន៍ឧស្សាហកម្មទី៤គឺផ្អែកលើកត្តាសក្តានុពលមួយចំនួន រួមមាន ការកើនឡើងនូវចំនួនយុវជនមានចំណេះដឹង និងនិន្នាការចាប់យកបានលឿននូវបច្ចេកវិទ្យាឌីជីថល។

លោកជឹង ផល្លាបានបញ្ជាក់ថាបច្ចេកវិទ្យាទាំងនេះបានធ្វើឱ្យមានការផ្លាស់ប្តូរក្នុងល្បឿនយ៉ាងលឿនមួយដែលមិនធ្លាប់មានពីមុនមកសម្រាប់វិស័យផលិតកម្ម អប់រំ សុខាភិបាល ទីផ្សារការងារ ពាណិជ្ជកម្មទេសចរណ៍ ធុរកិច្ច រដ្ឋបាលសាធារណៈជាដើម។

កំណើននៃការប្រើប្រាស់ប្រព័ន្ធទូរសព្ទចល័ត និងទូរសព្ទវ័យឆ្លាត ជាមួយនឹងអត្រាប្រើប្រាស់ទូរសព្ទដៃខ្ពស់។ លំហូរនៃការិនិយោគពីក្រៅប្រទេសដែលនាំមកនូវបច្ចេកវិទ្យា។

លើសពីនេះ ឌីជីថលរូបនីយកម្មបាន និងកំពុងរីកចម្រើនស្ទើរគ្រប់វិស័យសេដ្ឋកិច្ចសំខាន់ៗ ដូចជា ពាណិជ្ជកម្មអេឡិចត្រូនិក ស្របពេលដែលភ្ញៀវទេសចរកំពុងសម្របខ្លួនជាបណ្តើរៗក្នុងការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះ៕