រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា-ថៃ​ឯកភាពគ្នា​លើ​​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍

0
726

កំពតៈ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ទ្វេភាគី​កម្ពុជា-ថៃ​លើក​ទី២ ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​រួច​មក រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា លោក ថោង ខុន រួមជាមួយ​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​ថៃ លោក វី​រ៉ា​ស័ក្តិ កូវ​​ស៊ូ​រ៉ាត់ បាន​ឯកភាពគ្នា​ដាក់ចេញ​ផែនការធំៗមួយចំនួន ដើម្បី​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ជា​មួយ​គ្នា។

កិច្ចប្រជុំ​ដ៏​សំខាន់​នេះ ត្រូវបាន​រៀបចំឡើង​នា​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅ​សណ្ឋាគារ ឡឺ បូកគោ​ផា​លេស (ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ)ខេត្តកំពត។

ភាគី​កម្ពុជា-ថៃ បាន​ឯកភាពគ្នា ដូចខាងក្រោម៖

១៖ ជំរុញ​លំហូរ​ទេសចរ ទស្សនា​គ្នា​ទៅវិញទៅមក ទាំង ទេសចរ​កម្ពុជា និង ទេសចរ​ថៃ ព្រមទាំង ទេសចរ​មកពី ប្រទេស​ទី​បី ទស្សនា ប្រទេស​ទាំងពីរ។ រដ្ឋមន្ត្រី​ទាំងពីរ ឯកភាពគ្នា ធ្វើការ​បន្ថែមទៀត​ជាមួយ​ភាគី ពាក់​ព​ន្ធ័ ដើម្បី​សំរួលការ​ធ្វើដំណើរ និង ដឹកជញ្ជូន​ទេសចរ ការរៀបចំ សម្បា​ទា និង ហេ​ដ្ឋា​រចនា​សម្ព​ន័នា​នា នៅតាម​ច្រកទ្វារព្រុំដែន ព្រមទាំង​បញ្ហា ទិ​ដ្ឋ​ការ និង ការប្រើប្រាស់ ប​ណ័​ព្រុំដែន។ ភាគី​ទាំងពីរ បាន​លើក​គំនិត ធ្វើការ​បូកសរុប ពី ACMECS Single Visa ជូន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន នៅពេល​ខាងមុខ។

២៖ ការសិក្សា​ទីផ្សារ និង ការផ្សព្វផ្សាយ​ទេសចរណ៍៖ ភាគី​ទាំងពីរ បាន​ឯកភាពគ្នា​បន្ត​ជំរុញ​សកម្មភាព​ផ្សព្វ​ផ្សា​យ​​រួមគ្នា «ព្រះរាជាណាចក្រ​ពីរ គោល​ដៅ​ទេសចរណ៍​មួយ» ចូលរួម​គ្នា​ផលិត​ឯកសារ​ផ្សព្វផ្សាយ video និង​ការ​ចូលរួម​ការតាំង​ពិ​ពរណ៍​ទេសចរណ៍។

៣៖ ពាក់ព័ន្ធ​នឹង​វិស័យ​ទេ​សចណ៍​នៅ​ច្រករបៀង ទេសចរណ៍​ភាគខាងត្បូង ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា ជំរុញ​ខ្សែ​ទស្សនកិច្ច​ដែល​ក្រុម​ជំនាញ​បានរៀបចំ​ដោយ​ត្រូវ​រៀបចំ​អោយ មាន​កិច្ចប្រជុំ​ត្រីភាគី តំបន់ត្រីកោណ​សមុទ្រ​កម្ពុជា ថៃ វៀតណាម និង ត្រូវ​ជំរុញ​ទេសចរណ៍ សមុទ្រ ទេសចរណ៍ តាម​នាវា។ ភាគី​ទាំងពីរ​ក៍បាន​ស្រប​យោបល់​គ្នា ក្នុងការ​ជំរុញ ការតភ្ជាប់​ការហោះហើរ​ត្រង់​ទៅវិញទៅមក​រវាង​ប្រទេស​ថៃ ពិសេស ភាគខាងត្បូង​ថៃ និង​ខេត្ត​ព្រះសីហនុ​ផងដែរ។

៤៖ ភាគី​កម្ពុជា​ស្នើសុំ​ភាគី​ថៃ​ពិចារណា​ជួយផ្ដល់​ការបណ្ដុះបណ្ដាល ផ្នែក​ជំនាញ​ទេសចរណ៍ ការគ្រប់គ្រង គោល​ដៅ​​ទេសចរណ៍ រម​និ​យ​ដ្ឋា​ន​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច ពិសេស​ដល់​មន្ទីរ​ទេស​ចរណ៍​នៃ​ខេត្ត​ជាប់​ព្រំ​ដែន​។​ភាគី​ថៃ​បាន​ឆ្លើយតប​ការជួយ​ជំរុញ​ការងារ​នេះ ខណៈ​ថៃ​កំពុង​ជួយ​បណ្ដុះបណ្ដាល (តាមរយៈ​ការចុះ​អនុស្ស​រណៈ​​ជាមួយ​ក្រសួងទេសចរណ៍ និង​សាកលវិទ្យាល័យ រា​ចា​ម៉ាន់​ហ្កា​ឡា ថា​ន់​យ៉ា​បុរី)។

៥៖ ភាគី​ទាំងពីរ បាន​គាំទ្រ​គ្នា ក្នុងការ​ជំរុញ​ការ​វិ​និ​យោ​គ លើ​វិ​ស​យ័​ទេសចរណ៍ ។ កម្ពុជា​បាន​អញ្ជើញ​វិនិយោគិន​ថៃ ក៏ដូចជា​អ្នកពាក់ព័ន្ធ​ខាង​ភាគី​ថៃ មក​វិ​និ​យោ​គ​នៅ​កម្ពុជា និង ចូលរួម​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍ ក្នុង​ព្រឹត្តិ​ការ​បុណ្យ​ទន្លេ និង​បុណ្យ​សមុទ្រ​ដែល​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ។

៦៖ អង្គប្រជុំ​ក៍​បានអនុម័ត​ផែនការ​សកម្មភាព​រួម សម្រាប់ អភិវឌ្ឍន៍​វិ​ស​យ័​ទេសចរណ៍​ឆ្នាំ២០១៩-២០២១ (The Joint Action Plan 2019-2021)។

សូមបញ្ជាក់ថា នៅ​ឆ្នាំ២០១៧ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ៥,៦លាន​នាក់ ក្នុង​អត្រាកំណើន ១១,៨%ធៀប​នឹង​ឆ្នាំ២០១៦ ក្នុងនោះ​ទេសចរ​ថៃ​មាន​ប្រមាណ ៤០ម៉ឺន​នាក់​រីឯ ទេសចរ កម្ពុជា​ទៅ​ថៃ​មាន​ប្រ​មាណ ៨៤ ម៉ឺ​ន​នាក់។សម្រាប់៨ខែ​ដើមឆ្នាំ២០១៨នេះ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ចំនួន ៣,៩៤៩,៧៥៩ កើនឡើង​ចំនួន ១១.៧% ក្នុងនោះ​ទេសចរ​ថៃ​មាន​ប្រមាណ ២១០,៨២៦នាក់៕