កម្ពុជា ​ផលិត​ស្ករ​អំ​ពៅ​បាន​ ១២ ម៉ឺន​តោន​រយៈ​ពេល​ ៩ ខែ

0
1392
ចំការអំពៅខេត្តបាត់ដំបង
ចំការអំពៅខេត្តបាត់ដំបង

ភ្នំ​ពេញៈ​ ក្រុម​ហ៊ុន​ផលិត​ស្ករ​ស​ធំ​ចំ​នួន​​ ៣​ នៅ​ក្នុង​ប្រ​ទេស​​កម្ពុជា បាន​ផលិត​ស្ករ​អំ​ពៅ​ឆៅ (​មិន​ទាន់​កែ​ច្នៃ​) ​ជាង ១២០ ​០០០ ​តោន​ក្នុង​រយៈ​ពេល​ ៩ ខែ​ដំ​បូង​ឆ្នាំ​នេះ​។ ​នេះ​បើ​យោង​តាម​តួ​លេខ​ដែល​បាន​ពី​ក្រ​សួង​ឧស្សា​ហ​កម្ម ​និង​សិប្ប​កម្ម​។​

របាយ​ការណ៍​​បាន​បង្ហាញ​ថា ​ចំ​នួន​សរុប​​នៃ​ស្ករ​អំ​ពៅ​ឆៅ ​ដែល​ត្រូវ​បាន​ចម្រាញ់​​ក្នុង​អំ​ឡុង​ពេល​នេះ​មាន​ចំ​នួន ​១២០​ ១២៦​ តោន​។

ក្រុម​ហ៊ុន​ Rui Feng (Cambodia) International Company Limited ដែល​វិ​និ​យោគ​លើ​ឧស្សាហ​កម្ម​ផលិត​ស្ករ​អំ​ពៅ​​ឈាន​មុខ​គេ​​មាន​តម្លៃ ​១,៥​ ពាន់​លាន​ដុល្លារ​នៅ​ខេត្ត​ព្រះ​វិ​ហារ​ ផ​លិត​ស្ករ​អំ​ពៅ​បាន ៥៦ ៦៦៤​ តោន​ ​ក្រុម​ហ៊ុន​ Yellow Field (Cambodia) International Limited ផលិត​បាន​ ៥១ ៤២០ តោន ​និង​ក្រុម​ហ៊ុន ​Koh ​Kong ​Sugar ​Industry ​ផលិត​បាន​ ១២ ០៤២ តោន​ ខណៈ​ក្រុម​ហ៊ុន Phnom Penh Sugar ​Co.,​Ltd​ មិន​បាន​ផ្ដល់​តួ​លេខ​នោះ​ទេ។​ នេះ​បើ​យោង​តាម​របាយ​ការណ៍​។​​

របាយ​ការណ៍​នេះ​មិន​បាន​ផ្ដល់​តួ​លេខ​ប្រៀប​ធៀប​សម្រាប់​ឆ្នាំ​មុន​ទេ។ ប៉ុន្តែ​​ក្រុម​ហ៊ុន​ផលិត​ស្ករ​ស​​ធំ​ៗ​ចំ​នួន​ ៥​ នៅ​​ក្នុង​ប្រ​ទេស​​ កម្ពុជា ​បាន​នាំ​ចេញ​​បាន​តែ​ ៤ ​​ភាគ​រយ​នៃ​សមត្ថ​ភាព​ស្ករ​ស​ សរុប​ប៉ុ​ណ្ណោះ ទៅ​ទី​ផ្សារ​អន្តរ​ជាតិ​​កាល​​ពី​ឆ្នាំ ២០១៦​ ដែល​ស្មើ​នឹង​ចំ​នួន ៨០​ ០០០ តោន។ នេះ​បើ​យោង​តាម​របាយ​ការណ៍​​ដែល​ចេញ​កាល​ពី​ឆ្នាំ​ទៅ​របស់​ក្រ​សួង​។​

មន្ដ្រី​មក​ពី​ក្រ​សួង​ឧស្សា​ហ​កម្ម និង​សិប្ប​កម្ម ​មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថា​ធិ​ប្បាយ​បាន​ទេ​កាល​ពី​ម្សិល​មិញ​។​

មន្ដ្រី​ក្រ​សួង​កសិ​កម្ម ​បាន​ឲ្យ​ដឹង​ថា វិ​ស័យ​នេះ ​នៅ​តែ​​មាន​ឱ​កាស​ច្រើន​សម្រាប់​កំ​ណើន ដោយ​សារ​តែ​​ក្រុម​ហ៊ុន​ផលិត​ស្ករស​ជា​ច្រើន​កំ​ពុង​​ជំ​រុញ​ទិន្ន​ផល​កាន់​តែ​ខ្ពស់​។​

លោក ​ស្រី​ វុឌ្ឍី ​អ្នក​នាំ​ពាក្យ​ក្រ​សួង​​កសិ​កម្ម បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​នេះ​ក្រ​សួង​​កំ​ពុង​ព្យា​យាម​ត​ភ្ជាប់​​កសិ​ករ​ទៅ​ក្នុង​ឧស្សា​ហ​កម្ម​នេះ​​។​ ​​លោក​បាន​​ថ្លែង​ថា​៖ «​ឧស្សាហ​កម្ម​​អំ​ពៅ​មាន​សក្ដា​នុព​ល​ធំ​សម្រាប់​កសិ​ករ ​ប្រ​សិន​បើ​កសិ​ករ​អាច​ផលិត​​អំ​ពៅ​បាន​តាម​តម្រូវ​ការ​របស់​ឧស្សាហ​​កម្ម​នេះ​ វា​នឹង​​មិន​គ្រាន់​តែ​ផ្ដល់​ប្រាក់​ចំ​ណេញ​ច្រើន​ដល់​​កសិ​ករ​ប៉ុ​ណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជំ​រុញ​​កំ​ណើន​សេដ្ឋ​កិច្ច​របស់​យើង​ផង​ដែរ​»​។​

លោក​​បាន​​បន្ត​ថា​៖ «​នៅ​ពេល​​នេះ​យើង​​កំ​ពុង​ធ្វើ​ការ​ងារ​ជា​មួ​យ​កសិ​ករ​ និង​ការ​ត​ភ្ជាប់​ជា​មួយ​រោង​ចក្រ​ផលិត​តាម​រយៈ​ការ​ធ្វើ​កសិកម្ម​តាម​កិច្ច​សន្យា​ដែល​ធានា​តម្លៃ​ និង​ទី​ផ្សារ​សម្រាប់​ពួក​គេ​»​។​

តួ​លេខ​បាន​ពី​ក្រ​សួង​កសិ​កម្ម ​បាន​​បង្ហាញ​​ថា គ្រួ​សារ​ជា​ច្រើន​បាន​ដាំ​ដុះ​អំ​ពៅ​លើ​ផ្ទៃ​ដី​ ១៩ ៧​១៧ ​ហិក​តា​​កាល​ពី​ឆ្នាំ​មុន ​ធ្លាក់​ចុះ​ ១១ ​ភាគ​រយ​ធៀប​នឹង​ឆ្នាំ​មុន ដោយ​ទទួល​បាន​ទិន្ន​ផល​អំ​ពៅ​​​ ៦២៩​ ៣២០ តោន​ បាន​ធ្លាក់​ចុះ​ ១៥ ​ភាគ​រយ​។​ ​

លោក​​បាន​​ថ្លែង​ថា​៖ «​ប្រ​សិន​បើ​យើង​អាច​ធ្វើ​ការ​ងារ​តាម​ផែន​ការ​របស់​យើង​ដោយ​ជោគ​ជ័យ​ ការ​ដាំ​ដុះ​អំ​ពៅ​​នឹង​កើន​ឡើង ​ហើយ​រោង​ចក្រ​​នឹង​អាច​ដំណើរ​ការ​ចង្វាក់​ផលិត​កម្ម​​ពេញ​លេញ​ វា​នឹង​ផ្ដល់​ប្រាក់​ចំ​ណេញ​ច្រើន​ដល់​​អ្នក​ទាំង​អស់​គ្នា​»៕