កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ដឹកជញ្ជូន​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន​កម្ពុជា-ថៃ និង ទទួល​ក្បាលរថភ្លើង (DMU)

0
592

បន្ទាប់ពី​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​អាគារ​ច្រកព្រំដែន​ស្ទឹង​បត់​រួចហើយ នៅ​ថ្ងៃទី ២២ ខែមេសា ដដែល​នេះ សម្តេចតេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ប្រតិបត្តិការ​រួមគ្នា​លើ​ការដឹកជញ្ជូន​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន និង​ពិធី​ប្រគល់-ទទួល​ក្បាលរថភ្លើង (DMU) ដែលជា​អំណោយ​របស់​រាជរដ្ឋាភិបាល​ថៃ ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា។

ថ្លែង​នៅក្នុង​ពិធី​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា នេះ​ជា​យុទ្ធសាស្ត្រ និង​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេស​ទាំងពីរ កម្ពុជា-ថៃ ក្នុង​ការតភ្ជាប់​ផ្លូវដែក​សារជាថ្មី ក្រោយពី​បាន​កាត់ផ្តាច់​នៅ​ឆ្នាំ ១៩៧៣ ដោយសារ​សង្គ្រាម​នៅ​កម្ពុជា។

កិច្ចព្រមព្រៀង​ប្រតិបត្តិការ​រួមគ្នា​លើ​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន តាមផ្លូវ​ដែក និង​ការតភ្ជាប់​ផ្លូវដែក​កម្ពុជា​និង ថៃ គឺ​នឹង​នាំមក​នូវ​កាលានុវត្តភាព​ថ្មី សម្រាប់​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ដែក ដែល​ជាម​ធ្យា​បាយ​ដឹកជញ្ជូន​ទំនិញ ដ៏​មាន​ប្រ​សិ​ទ្ឋ​ភាព មានតម្លៃ​ថោក និង​មាន​សុវត្ថិភាព​ខ្ពស់ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ខឿនសេដ្ឋកិច្ច​ជាតិ​របស់​ប្រទេស​ទាំងពីរ និង​រួមចំណែក​ក្នុង​ការតភ្ជាប់ និង​អភិវឌ្ឍ​តំបន់​អាស៊ាន និង​មហា​អនុតំបន់​មេគង្គ​ផងដែរ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជម្រាប​ផងដែរ​ថា ផ្លូវដែក​ពី​ភ្នំពេញ មក​ប៉ោយប៉ែត​ព្រំដែន​កម្ពុជា-ថៃ ដែលមាន​ប្រវែង ៣៨៦គីឡូម៉ែត្រ គឺ​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ស្តារឡើងវិញ​រួចហើយ ថ្វីត្បិតតែ​មិនទាន់មាន​លក្ខណៈ​ស្តង់ដារ និង​ទំនើប​ក៏ពិតមែន ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុ​ជាមាន​ចក្ខុវិស័យ​យុទ្ធសាស្ត្រ និង​ផែនការ ច្បាស់លាស់​ក្នុងការ​អភិវឌ្ឍ​វិស័យ​ផ្លូវដែក​ដែលជា​ឆ្អឹងខ្នង​នៃ​ការដឹកជញ្ជូន​នៅ​កម្ពុជា។

នៅក្នុង​ពេលនោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់ រាជរដ្ឋាភិបាល​ថៃ ដែល​បាន​ជួយ​សាងសង់​ជាថ្មី​នូវ​ស្ពាន និង​ផ្លូវដែក​ព្រំដែន​កម្ពុជា-ថៃ អូរជ្រៅ​ប្រវែង ៤៣ម៉ែត្រ ដែល​ប្រើប្រាស់​ថវិកា​សាងសង់​ប្រមាណ ១លាន ដុល្លារ ព្រមទាំង​បានធ្វើ​អំណោយ​ជា​ក្បាលរថភ្លើង​ចំនួន​មួយគ្រឿង ជាប់​ជាមួយ​ទូ​អ្នកដំណើរ ចំនួន ៤ ដែល​អាច​ផ្ទុក​អ្នកដំណើរ​បាន​ដល់ ៨០នាក់​ក្នុង​ទូនីមួយ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដ៏​ស្មោះ​ផងដែរ ចំពោះ ឯកឧត្តម រដ្ឋមន្ត្រី​ដឹកជញ្ជូន​ថៃ និង លោក​ប្រធាន​អគ្គនាយក​ស្តីទី​នៃ​សហគ្រាស​រថភ្លើង​រដ្ឋ​នៃ​ប្រទេស​ថៃ​ដែល​បាន ជួយ​ជំរុញ​កិច្ចព្រមព្រៀង អោយមាន​ការចុះហត្ថលេខា​នា​ថ្ងៃនេះ និង​សង្ឃឹមថា​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ដឹកជញ្ជូន​រវាង​ប្រទេស​ទាំងពីរ នឹង​ទទួលបាន​ជោគជ័យ​ទាំង​ក្នុង​ពេលនេះ និង​ក្នុង​អាណត្តិក្រោយៗទៀត។

បន្ទាប់មក សម្តេច​តេ​ជោ ហ៊ុន សែន និង ឯកឧត្តម ប្រា​យុទ្ធ ចាន់​អូ​ចា ព្រមទាំង​គណៈប្រតិភូ បាន​អញ្ជើញ​ធ្វើដំណើរ​រួមគ្នា​តាម​ខ្សែ​រថភ្លើង​ពី​ស្ថានីយ៍​បាន​ក្លង​លឹក​នៃ​ប្រទេស​ថៃ ឆ្ពោះ​មកកាន់​ស្ថានីយ​រថភ្លើង​ប៉ោយប៉ែត នៃ​ប្រទេស​កម្ពុជា ក្នុង​បរិយាកាស​សប្បាយរីករាយ​ក្រៃលែង៕