ភ្នំពេញ ៖ កម្ពុជាបាននាំចេញផលិតផលជ័រកៅស៊ូប្រមាណជាង ៤ម៉ឺនតោនហើយ ទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេលត្រឹម៣ខែ ដើមឆ្នាំ២០១៨នេះ ខណៈទទួលបានចំណូលជាង ៥៧លានដុល្លារអាមេរិក កើនឡើងតិចតួចបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនក្នុងតម្លៃលក់ចេញជាង ១៤០០ដុល្លារក្នុង១តោន។
លោក ប៉ុល សុផា អគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ បានអះអាងថា ការកើនឡើងនេះ គឺដោយសារតែកម្ពុជាបានពង្រីកផ្ទៃដីដាំកៅស៊ូក្នុងប្រទេសច្រើនជាងមុន ដើម្បីឆ្លើយតបទៅ នឹងតម្រូវការទីផ្សារជ័រកៅស៊ូនៅក្រៅប្រទេស ដែលធ្វើឱ្យទិន្នផលផលិតរបស់យើងបានច្រើន។
លោកបានបញ្ជាក់ថា ទីផ្សារអន្តរជាតិនាំចេញសំខាន់ៗរបស់កម្ពុជា រួមមាន វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងប្រទេសចិន ដោយក្នុងនោះវៀតណាមជាទីផ្សារធំជាងគេរបស់កម្ពុជា។
បើតាមអគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងទៀតថា គិតមកដល់ពេលនេះ កម្ពុជាមាន ផ្ទៃដីកៅ ស៊ូសរុបមានប្រមាណ៤៣ម៉ឺនហិកតា ដែលក្នុងនោះផ្ទៃដីចៀរជ័រ មានចំនួនប្រមាណ ១៧ម៉ឺនហិកតាស្មើនឹង៣៩ភាគរយ និងផ្ទៃដីថែទាំកៅស៊ូមានជាង២៦ម៉ឺនហិកតា ជិត៦១ភាគរយ។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនចិនមួយ នៅក្នុងខេត្តសានស៊ី បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា ជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីទិញកៅស៊ូពី កម្ពុជា លើកដំបូង នៅឆ្នាំ ២០១៨ ដែលមានចំនួន៣០០.០០០តោន។
គួរបញ្ជាក់ថា ប្រទេសកម្ពុជាមានផ្ទៃដីដាំកៅស៊ូសរុបចំនួន ៣៦ម៉ឺនហិកតា ដែលអាចផលិតជ័រកៅស៊ូបានត្រឹមជា ១០ម៉ឺនតោនក្នុងមួយឆ្នាំៗ ។ តាមគោលការណ៍ កម្ពុជាគ្រោងនឹងពង្រីកផ្ទៃដីដាំដុះដល់ទៅជាង ៤០ម៉ឺនហិកតានៅឆ្នាំ២០២០ ។ ទីផ្សារសំខាន់ៗ ក្នុងការនាំជ័រកៅស៊ូចេញរបស់កម្ពុជា មាន ម៉ាឡេស៊ី សិង្ហបុរី ចិន និងវៀតណាម។
ប្រទេសកម្ពុជាធ្លាប់បានដឹកនាំកិច្ចប្រជុំលើកទី១៩ នៃសមាគមអ្នកផលិតកៅស៊ូធម្មជាតិ ដែលរៀបចំឡើងរយៈពេល៥ថ្ងៃ។ កិច្ចប្រជុំនេះ មានសមាជិកសរុបទាំងអស់ ១១ប្រទេសចូលរួម។
ក្នុងកិច្ចប្រជុំរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់២៣តុលានេះ បានសម្រេចនូវលទ្ធផលមួយចំនួនរួម ការងារគ្រប់គ្រងផ្ទៃដីដាំកៅស៊ូ ដើម្បីងាយស្រួលប៉ាន់ស្មាន ចំពោះបរិមាណផ្គត់ផ្គង់ទៅតាមទីផ្សារ ជាមួយនឹងតម្រូវឲ្យស្មើគ្នា។
មួយទៀត គឺការកំណត់គោលនយោបាយ ការពង្រឹងការប្រើប្រាស់កៅស៊ូក្នុងស្រុក មានន័យថា ក្រៅពីការនាំចេញ បណ្តាប្រទេសជាសមាជិកនៃសមាគមអ្នកផលិតកៅស៊ូធម្មជាតិ ត្រូវរិះរកវិធីសាស្ត្រ ដើម្បីផលិតជាឧស្សាហកម្មក្នុងស្រុកផង។ ចំណុចមួយទៀត គឺការគិតគូរពីនិរន្តរភាពរបស់កៅស៊ូ។ល៕