កម្ពុជា​ស្នើ​អង់គ្លេស​​បន្ថែម​ការនាំ​ចូល ​អង្ករ ស្ក​ត្នោត និង​ម្រេចពីកម្ពុជា​

0
627

ភ្នំពេញ​៖ នៅក្នុង​ជំនួប​រវាង​ប្រមុខ​ការទូត​កម្ពុជា​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយ​បេសកជន​នាយករដ្ឋមន្ត្រី​អង់គ្លេស គឺ​លោក អេ​ត​វើត វៃ​សឺ (Edward Vaizey) នៅ​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ​កន្លងទៅ កម្ពុជា បានស្នើ​ឲ្យ​ចក្រភព​អង់គ្លេស បន្ថែម​ការនាំ​ចូល​អង្ក​រ ស្ករត្នោត និង​ម្រេច​របស់​កម្ពុជា​បន្ថែម​ទៅកាន់​ទីផ្សារ​របស់​អង់គ្លេស​។​

​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានអនុញ្ញាត​ឲ្យ​លោក អេ​ត​វើត វៃ​សឺ បេសកជន​នាយករដ្ឋមន្ត្រី​អង់គ្លេស​ទទួលបន្ទុក​ផ្នែក​ពាណិជ្ជកម្ម ដែល​ទើប​តែងតាំង​ថ្មី​ចូលជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​​លើ​ការងារ​មួយចំនួន​។ ជំនួប​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកអគ្គ​រដ្ឋ ទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា លោក Bill Longhurst ផងដែរ​។​

​ក្នុងឱកាស​ចូលជួប​សំណេះសំណាល​ជាមួយ​ប្រមុខ​ការទូត​កម្ពុជា​នេះ គេ​រំពឹងថា បេសកជន​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក អេ​ត​វើត វៃ​សឺ នឹងមាន​ការជជែក​លើ​បញ្ហានយោបាយ ជាពិសេស​ការរំលាយ​គ​ណ​បក្ស​សង្គ្រោះ​ជាតិ និង​ការបញ្ចប់​សិទ្ធិ​ធ្វើ​នយោបាយ​របស់​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្សប្រឆាំង​នៅ​កម្ពុ​ជាមួយនេះ​។

ផ្ទុយ​ពី​ការរំពឹងទុក​បញ្ហានយោបាយ​របស់​កម្ពុជា មិនត្រូវ​បាន​លើក​យកមក​ជជែក​សូម្បី​តែមួយ​មាត់ គឺ​និយាយ​តែ​ការពង្រីក​ពង្រឹង​ការធ្វើ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ​តែប៉ុណ្ណោះ​។​

​ថ្លែងប្រាប់​ក្រុម​អ្នកព័ត៌មាន​នៅក្រោយ​ជំនួប​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ​បាន​គូ​សប​​ញ្ជា​ក់ថា ជំនួប​នោះ​ទាំង​លោក​បេសកជន និង​លោក​ឯកអគ្គរដ្ឋទូត មិនបាន​លើកឡើង​ពី​បញ្ហានយោបាយ​នោះឡើយ​។

លោក ជុំ សុន្ទរី បាន​អះអាងថា ការដែល​មិន​លើកឡើង​ពី​បញ្ហានយោបាយ​របស់​កម្ពុ​ជា​នេះ​ក៏​ព្រោះតែ​អង់គ្លេស​តែង​ប្រកាន់​ជំហរ​មិន​ជ្រៀតជ្រែក​​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ឡើយ​។​

​លោក ជុំ សុន្ទរី បានបញ្ជាក់​យ៉ាង​ដូច្នេះ «…​ជារួម​នៅក្នុង​ជំនួប​នេះ គណៈប្រតិភូ​ទាំង​ឯកឧត្តម​បេសកជន​ពាណិជ្ជកម្ម​របស់​នាយក​រដ្ឋ​​មន្ត្រី​អង់គ្លេស​ទាំង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​អត់​មានការ​លើកឡើង​ណាមួយ​ដែល​ពាក់ព័ន្ធ​សភាពការណ៍​នយោបាយ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​ទេ​… បញ្ហា​នេះ​ចំពោះ​ខ្ញុំ​ផ្ទាល់​ខ្ញុំ​យល់ថា ជាការ​គូសបញ្ជាក់​អំពី​ជំហរ​របស់​រដ្ឋាភិបាល​អង់គ្លេស​កន្លងមក​ធ្លាប់បាន​អះអាង​ក្នុង​​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​កម្ពុជា​ថា អង់គ្លេស​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ឡើយ​…​នេះ​តាម​ជំនួប​កន្លងមក​គាត់​និយាយ​​អ៊ីចឹង​…​ហើយ​ក្នុងជំនួប​លើក​នេះ​អត់​មានការ​លើកឡើង​ណាមួយ ដែល​ពាក់ព័ន្ធ​សភាពការណ៍​នយោបាយ​បាយ​បច្ចុប្បន្ន​ហ្នឹង​ទេ​…”»។​

​បើតាម​លោក ជុំ សុន្ទរី ក្នុងជំនួប​នេះ ប្រមុខ​ការទូត​កម្ពុជា និង​លោក​បេសកជន​នាយករដ្ឋមន្ត្រី​អង់គ្លេស​បាន​ជជែក​គ្នា​យ៉ាង​ស៊ី​​សង្វាក់​ជាទី បំផុត​លើ​ការពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អង់គ្លេស​។​

​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សម្តែង​ការពេញចិត្ត​ជាខ្លាំង​ចំពោះ​ការរីក​ធំធាត់​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អង់គ្លេស ដែល​បាន​កើនឡើង​ពី ៨០០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៥ មកដល់ ១.០០០​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៧​កន្លងទៅនេះ​។ លោក ប្រាក់ សុខុន បាន​អះអាងថា ទំហំ​ពាណិជ្ជ​កម្មនេះ គឺ​កម្ពុជា​នាំ​ចេញទៅ​អង់គ្លេស​ច្រើនជាង​អង់គ្លេស​នាំ​ម​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រីក្រសួង​បរទេស​កម្ពុជា ក៏បាន​ឆ្លៀត​ស្នើ​ឲ្យ​លោក​បេសកជន​អង់គ្លេស បន្ថែម​ការនាំ​ចូល​អង្ក​រ ស្ក​ត្នោត​និង​ម្រេច​របស់​កម្ពុជា​​ទៅកាន់​ទីផ្សារ​របស់​អង់គ្លេស​ផងដែរ​។​

​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​មក​កម្ពុជា​ជា​លើកដំបូង​នាពេលនេះ លោក អេ​ត​វើត វៃ​សឺ​បាន​កោតសរសើរ​ចំពោះ​សេដ្ឋកិច្ច​​របស់​ប្រទេស​កម្ពុជា និង​បាន​សន្យា​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។​

​លោក​បេសកជន បាន​បន្តថា ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប មិន​ប៉ះពាល់​ដល់​ការធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អង់គ្លេស​នោះឡើយ​។ ផ្ទុយទៅវិញ​នឹង​ផ្តល់ឱកាស​បន្ថែម​សម្រាប់​ការបង្កើន​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម ផលិតផល​អង់គ្លេស និង​ធុរកិច្ច​របស់​អង់គ្លេស​នៅ​កម្ពុជា​៕​