កម្ពុជាស្នើអង្គការយូនីដូជួយដល់ការនាំចេញផលនេសាទសមុទ្រ និងកសិផល ទៅទីផ្សារអន្តរជាតិ

0
616

ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើឱ្យអង្គការយូនីដូ (UNIDO) ជួយដល់កម្ពុជា ក្នុងការរៀបចំបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ដើម្បីឈានទៅទទួលបានការអនុញ្ញាតនាំចេញផលនេសាទសមុទ្រ ទៅកាន់ទីផ្សារអឺរ៉ុប។

សំណើនេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សារវាង លោក វេង សាខុន និង លោក Liyong អគ្គនាយកអង្គការយូនីដូ នៅឯស្ថានបេសកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក នាទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨។

លោករដ្ឋមន្រ្តីបន្ថែមថា កម្ពុជាក៏កំពុងស្វែងរកទីផ្សារនាំចេញកសិផលផងដែរ ដោយតម្រូវនូវការស្នើសុំឲ្យមានការទទួលស្គាល់គុណភាពនិងស្តង់ដារ ដូច្នេះក្រសួងកសិកម្ម ស្នើឱ្យអង្គការយូនីដូ ជួយផ្តល់នូវការគាំទ្របន្ថែមពីនីតិវិធី ក្នុងការទទួលបានការទទួលស្គាល់នូវគុណភាព និងស្តង់ដារផលិតផលកសិកម្ម។

ជាការឆ្លើយតប លោក Liyong បាននិយាយថា អង្គការយូនីដូ មានបំណងពង្រឹងកម្មវិធីភាពជាដៃគូប្រទេសជាមួយកម្ពុជា ដោយផ្តោតទៅលើការពង្រឹងសមត្ថភាព ការអភិវឌ្ឍវារីវប្បកម្ម ជំរុញការវិនិយោគសួនកសិឧស្សាហកម្មទំនើបដែលផ្សារភ្ជាប់ទៅនឹងខ្សែចង្វាក់ផលិតកម្មកសិកម្ម កិច្ចសហប្រតិបត្តិការលើហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់គុណភាព និងស្តង់ដារផលិផលកសិកម្ម (អនាម័យ និងភូតគាមអនាម័យ) និងការជំរុញពាណិជ្ជកម្មធុនស្រាលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

លោកបញ្ជាក់ទៀតថា លោកនឹងធ្វើការពិនិត្យនូវលទ្ធភាពក្នុងការរៀបចំកម្មវិធីគាំទ្រសម្រាប់ជួយដល់ការអភិវឌ្ឍនៅកម្ពុជា ទៅតាមចំណុចអាទិភាពនៃកិច្ចពិភាក្សាខាងលើនេះ៕