ក្រសួងបរិស្ថានស្នើដល់ដៃគូគ្រប់ស្ថាប័ន ជួយគិតគូរកាត់បន្ថយការប្រើប្រាស់ និងនាំចូលសារធាតុផ្លាស្ទិកនៅកម្ពុជា

0
1424

(ភ្នំពេញ)៖ កាលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ក្រសួងបរិស្ថានរៀបចំពិធីផ្សព្វផ្សាយខ្លឹមសាសំខាន់ៗនៃអនុក្រឹត្យ១៦៨ស្តីពីគ្រប់គ្រងថង់ផ្លាស្ទិក ផ្សព្វផ្សាយឯកសារសេចក្តីព្រាងសារាចរអន្តរ ក្រសួងស្តីពីការអនុវត្តអនុក្រឹត្យស្តីពីការគ្រប់គ្រងថង់ផ្លាស្ទិក និងប្រកាសអន្តរក្រសួងពីការកំណត់កម្រៃបន្ថែម លើការផ្តល់ផ្លាស្ទិកដល់អតិថិជន។


នាឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តី សាយ សំអាល់ បានស្នើសុំដល់ដៃគូគ្រប់ស្ថាប័ន ជាពិសេសក្រុមហ៊ុនឯកជន ពីការប្រើប្រាស់ និងនាំចូលសារធាតុផ្លាស្ទិក ពីព្រោះផ្លាស្ទិកជាបញ្ហាមួយលំបាក និងជារឿងធំសម្រាប់ពិភពលោកដែកត្រូវយកចិត្តទុកដាក់លើបញ្ហានេះ។

ឯកឧត្តមបានសំណូមពរដល់ គ្រប់អ្នកពាក់ព័ន្ធចូលរួមគិតគូ ធ្វើយ៉ាងណាកាត់បន្ថយថង់ផ្លាស្ទិក និងសំរាមនៅក្នុងទីក្រុង និងចូលរួមបញ្ចេញ នូវមតិយោបល់ ក្នុងការប្រមូលធាតុចូល ដើម្បីឱ្យការអនុវត្តអនុក្រឹត្យ១៦៨សម្រេចនេះមាននិរន្តរភាព។

Related image

ឯកឧត្តម ហេង ណារ៉េត អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានអោយដឹងថា ភាគរយនៃថង់ផ្លាស្ទិក ក្នុងបរិមាណសំរាមដែលប្រមូលបានតាមរយៈការបោសសំអាតផ្លូវក្នុងទីក្រុងធំៗ មានប្រមាណ ១៧,៣ភាគរយ ក្នុងទីក្រុងភ្នំពេញ, ២០,៧ភាគរយ ក្នុងខេត្តសៀមរាប និង ៣៤ភាគរយ នៅក្នុងខេត្តព្រះសីហនុ ដោយក្នុងទីក្រុងភ្នំពេញ ត្រូប៉ាន់ប្រមាណថាមានថង់ផ្លាស្ទិកប្រមាណជា១០លានថង់ជារៀងរាល់ថ្ងៃ។


គូសបញ្ជាក់ដែរថា ការផ្តល់ថង់ផ្លាស្ទិកស្តើងមានដៃយួរដល់អតិថិជននៅតាមបណ្តាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើបនឹងត្រូវគិតកម្រៃបន្ថែម ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ៕