កម្ពុជាគ្រោងចំណាយជាងថវិកា១៩ពាន់លានដុល្លារសម្រាប់កសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ

0
549

ភ្នំពេញៈ តាមរយៈគម្រោងសិក្សាផែនការមេភស្ដុភារកម្មនៅកម្ពុជា រាជរដ្ឋាភិបាល គ្រោងនឹងចំណាយថវិកាប្រមាណជាង១៩ពាន់លានដុល្លារ សម្រាប់កសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងកសាងផ្លូវល្បឿនលឿន ព្រមទាំងការតភ្ជាប់ទៅកាន់ប្រទេសក្នុងតំបន់ថែមទៀត។ នេះបើតាមការថ្លែងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍សិក្សាផែនការមេភស្ដុភារកម្មនៅកម្ពុជា កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៨ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ភ្នំពេញ។

លោកលើកឡើងថា ថវិកានេះ គឺជាចំនួនដ៏ច្រើន ហើយរាជរដ្ឋាភិបាល មិនអាចធ្វើកិច្ចការងារនេះតែម្នាក់ឯង តាមរយៈការប្រើប្រាស់ថវិកាជាតិបាននោះទេ គឺត្រូវពឹងផ្អែកលើដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីចូលរួមអនុវត្ដគម្រោងទាំងនេះឱ្យទទួលបានជោគជ័យ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការសិក្សាជាច្រើនត្រូវបានធ្វើឡើងតាមរយៈការដាក់បញ្ចូលផែនការមេផ្នែកភស្ដុភារកម្ម ដែលដៃគូអភិវឌ្ឍន៍បានធ្វើទាក់ទងនឹងការកសាងផ្លូវថ្នល់ ការកសាងផ្លូវល្បឿនលឿន ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវទឹក និងការជួសជុល និងកសាងផ្លូវដែកជាដើម។ ប៉ុន្ដែការសិក្សា និងគម្រោងទាំងអស់នោះ នៅមិនទាន់បាន ដាក់ច្របាច់បញ្ចូលគ្នា និងបញ្ចប់ផែនការមេនៅឡើយទេ ដែលត្រូវធ្វើការពិនិត្យឡើងវិញ ព្រមទាំងបំពេញបន្ថែមទៅលើផែនការមេផងដែរ។ លោករដ្ឋមន្ត្រីបន្ថែម។

ផែនការទាំងនេះ រួមមាន ការពង្រីកផ្លូវជាតិលេខ៥ ពីភ្នំពេញទៅខេត្ដបាត់ដំបង បន្ទាយមានជ័យ និងប៉ោយប៉ែត ដោយពង្រីកពី ២គន្លង ទៅ៤គន្លង ដែលផ្លូវនេះគឺជាផ្លូវអាស៊ានភ្ជាប់ពីប្រទេសចិន ដល់ប្រទេសមីយ៉ាន់ម៉ា ថៃ និងចូលមកកម្ពុជា ហើយបន្ដភ្ជាប់ទៅកាន់ផ្លូវជាតិលេខ១ ដល់បាវិត និងភ្ជាប់ជាមួយនឹងប្រទេសវៀតណាម។ ចំណែកផ្លូវជាតិលេខ៣ ក៏កំពុងតែពង្រីកកែលម្អបន្ថែមទៀត ចាប់ពីរាជធានីភ្នំពេញទៅកាន់ខេត្ដកំពត ដោយពង្រីកពី ២គន្លង ទៅ ៤គន្លង ដែលមានប្រវែង៧០គីឡូមែត្រ ចាប់ពីរង្វង់មូលចោមចៅ ដល់ផ្លូវបែកគូស។ ទន្ទឹមនេះ ការកសាង និងកែលម្អផ្លូវជាតិលេខ១១ ពីអ្នកលឿងរហូតដល់ផ្លូវជាតិលេខ៧ ព្រមទាំងការកសាង និងកែលម្អផ្លូវជាតិសំខាន់ៗជាច្រើនទៀតពីការចាក់កៅស៊ូ ST ទៅAC ឬចាក់បេតុង ដើម្បីធានាគុណភាពប្រើប្រាស់ឱ្យបានយូរអង្វែង។

លោក ស៊ុន ចាន់ថុល បញ្ជាក់ថា ក្រៅពីការកសាង និងកែលម្អផ្លូវថ្នល់នោះ ក្រសួងសាធារណការ នឹងបន្ដរៀបចំផែនការមេលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៅខេត្ដព្រះសីហនុ ខេត្ដសៀមរាប ក្រុងតាខ្មៅ ខេត្ដកណ្ដាល ខេត្ដកំពង់ស្ពឺ ខេត្ដកែប និងខេត្ដកំពត ដោយសារតែខេត្ដទាំងនេះ កំពុងតែមានការរីកចម្រើនផ្នែកសំណង់ និងការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងរយៈពេលចុងក្រោយនេះ ក៏ដូចជានាពេលខាងមុខផងដែរ៕