កម្ពុជា​នឹង​បង្កើត​តំបន់​ទេសចរណ៍​ពិសេស ដើម្បី​ពន្យារពេល​ការ​ស្នាក់នៅ​របស់​ភ្ញៀវ

0
745

ភ្នំពេញ៖ ក្រសួងទេសចរណ៍ រួមទាំង​ស្ថាប័ន​ជំនាញផ្សេងៗទៀត នា​ព្រឹក​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បាន​ជួបជុំ​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី ការបង្កើត​តំបន់​ទេសចរណ៍​ពិសេស ខណៈដែល​មន្ត្រី​ជំនាញ​អះអាងថា តំបន់​ទេសចរណ៍​ពិសេស ជា​ផលិតផល​ទេសចរណ៍​ថ្មី ក្នុងការ​ជំរុញ​ការទាក់ទាញ​ទេសចរ​ពី​គ្រប់ទិសទី​លើ​ពិភពលោក។

លោក ទិ​ត ចន្ថា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងទេសចរណ៍ បាន​ថ្លែងថា គោលដៅ​នៃ​ការបង្កើត​តំបន់​ទេសចរណ៍​ពិសេស គឺជា​ការធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍ថ្មីៗ ដើម្បី​ជំរុញ​ការទាក់ទាញ​ទេសចរ​ជាតិ-អន្តរជាតិ ហើយក៏​នឹង​ផ្តល់ឱកាស​ការងារ​បង្កើត​ឱកាស​មុខរបរ ប្រាក់ចំណូល ពង្រឹងគុណភាព​ផលិតផល និង​សេវាកម្ម​ទេសចរណ៍ ការពន្យារពេល​ស្នាក់នៅ​របស់​ទេសចរ ទាក់ទាញ​វិនិយោគ ជាពិសេស​វិនិយោគ​លើ​វិស័យ​ទេសចរណ៍។

លោក ទិ​ត ចន្ថា បាន​អះអាងថា ការបង្កើត​តំបន់​ទេសចរណ៍​ពិសេស​នេះ គឺ​ផ្តោតជាសំខាន់​លើ​ការជំរុញ​កិច្ច​អភិវឌ្ឍ​ប្រកបដោយ​បរិ​យា​ប័ន្ន ក្នុង​ក្របខ័ណ្ឌ​សេដ្ឋកិច្ច-សង្គម​ទាំងមូល ហើយក៏​ដើម្បី​ប្រែក្លាយ​តំបន់​ដែលមាន​សក្កា​នុព​ល​ទេសចរណ៍ ទៅជា​តំបន់​វេ​សន​ដ្ឋា​ន​ទេសចរណ៍ ឬ​តំបន់​ទេសចរណ៍​ពិសេស ដែលជា​បណ្តុំ​ផលិតផល​សម្បទា សេវាកម្ម​ទេសចរណ៍ និង​សេវាកម្ម​គាំទ្រ​ទេសចរណ៍​ដទៃទៀត។

លោក​រដ្ឋលេខាធិការ​បា​ន​ឱ្យដឹងថា ទោះបីជា​វិស័យ​ទេសចរណ៍​កំពុង​ស្ថិតក្នុង​កំណើន​ជាង ១០% ក្នុងមួយឆ្នាំៗ ដែលជា​មោទនភាព​សម្រាប់​កម្ពុជា​ក៏ដោយ ក៏​វិស័យ​ទេសចរណ៍​នឹង​ថយចុះ​មកវិញ ប្រសិនបើ​កម្ពុជា​មិនបាន​បង្កើត​នូវ​ផលិតផល​ទេសចរណ៍ថ្មីៗបន្ថែមទៀត។

លោក​ថា កម្ពុជា​បច្ចុប្បន្ន​វិស័យ​ទេសចរណ៍​ពឹងផ្អែក​ភាគច្រើន​លើ​សក្តានុពល​វប្បធម៌ ប៉ុន្តែ​ដើម្បី​ស្រូប​ទាញ​ទេសចរ​ឱ្យមាន​កំណើន​កាន់តែ​ខ្ពស់​ថែមទៀត​នោះ កម្ពុជា​គប្បី​បង្កើត​ផលិតផល​ទេសចរណ៍ថ្មីៗបន្ថែម និង​ជា​បន្តបន្ទាប់​ទៀត។ ដូច្នេះហើយ ទើប​កម្ពុជា​យកចិត្តទុកដាក់​រៀបចំ​តំបន់​ទេសចរណ៍​ពិសេស​នេះ។

លោក​បាន​រឭក​ថា តាម​ទស្សនវិស័យ​របស់​រាជ​រដ្ឋាភិបាល ដែលមាន​ផែនការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឱ្យបាន​ប្រមាណ ៣០លាន​នាក់ ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ នៅ​អំឡុង​ឆ្នាំ២០៣០នោះ គឺ​ពិតណាស់​យើង​មិនអាច​ពឹងផ្អែក​ទាំងស្រុង​លើ​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ​ដូច​សព្វថ្ងៃ​នោះទេ ប៉ុន្តែ​យើង​ត្រូវខិតខំ​រៀបចំ​បង្កើតឱ្យមាន​ផលិត​ជំនាញ​ទេសចរណ៍ថ្មីៗ គឺ​ទេសចរណ៍​កែច្នៃ ដើម្បី​បំពេញបន្ថែម​លើ​សក្តានុពល​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ។

យ៉ាងណាក៏ដោយ លោក ទិ​ត ចន្ថា រំពឹងថា តំបន់​ទេសចរណ៍​ពិសេស ដែល​នឹងត្រូវ​ចេញ​ជា​រូបរាង​នៅពេល​ខាងមុខ តាមរយៈ​អនុក្រឹត្យ​នេះ វា​នឹង​ក្លាយជា​ផលិតផល​ទេសចរណ៍​ថ្មី ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ដ៏​សកម្ម ខណៈដែល​តំបន់​ទេសចរណ៍​ពិសេស​នេះ ត្រូវបាន​ប្រមូលផ្តុំ​ដោយ​តំបន់​ទេសចរណ៍ ដែលមាន​សក្តានុពល​ទាក់ទាញ​បំផុត។

សូមជម្រាបថា រយៈពេល១០ខែ ឆ្នាំ២០១៨ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង ៤.៩លាន ក្នុង​កំណើន​ប្រមាណ ១១% បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន។ ទន្ទឹម​នោះ ក៏​មានការ​រំពឹងថា ពេញ​មួយឆ្នាំ២០១៨នេះ កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ៦លាន​នាក់ ហើយ​ទេសចរ​ជាតិប្រមាណ ១០លាន​នាក់ ក្នុង​កំណើន​ជាង ១០% បើ​ប្រៀបធៀប​ឆ្នាំមុន​ផងដែរ៕