ស្ករត្នោតខ្មែរគ្រោងនាំចេញ​ទៅបរទេស​ឲ្យបាន​១ពាន់តោន​ក្នុងឆ្នាំ​២០១៨​

0
1043

ភ្នំពេញ៖ ​ខណៈស្ករត្នោត​ខ្មែរកំពុង​ពេញ​និយម​ និង​ទទួលស្គាល់​ពីសំណាក់​បរទេស​ជាច្រើន មាន​ដូចជា សហភាព អ៊ឺរ៉ុប និង​កូរ៉េជាដើម ក្នុង​ឆ្នាំ​២០១៨នេះស្ករត្នោត​ខ្មែរ​នឹង​នាំចេញទៅ​បរទេសបន្ថែម​សរុប​ជាង៨០០តោន។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពីលោក កែវ ចិត្រ ប្រធាន​សមាគមត្នោត​មាស​។

លោក ចិត្រ​ បាន​ប្រាប់​ Business Cambodia នាព្រឹក​ថ្ងៃ ច័ន្ទនេះ​ថា បើ​សរុប​លទ្ធផល​ពី​សមាគម​របស់​លោក និង​សមាគម​ផ្សេង​ៗខ្លះទៀត ស្កត្នោត​ខ្មែរ​មាន​គម្រោង​នាំចេញ​រហូត​ដល់ជាង ៨០០តោន ដែល​នឹង​នាំចេញទៅកាន់​ប្រទេស​មួយចំនួន ដូចជា សហគមអ៊ឺរ៉ុប កូរ៉េ ថៃ និង​វៀតណាម​​ជាដើម។

ទាក់ទិន​ចំពោះ​កំណើន​នៃការនាំចេញ​ស្ករត្នោត​ខ្មែរនេះ លោកប្រធានសមាគម​ ស្ករត្នោត​មាសរូបនេះ បាន​លើក​ឡើងថា ខាង​សមាគម​ក៏ជួបការលំបាកខ្លះដែរ ព្រោះ​ប្រជាពលរដ្ឋភាគច្រើន មិនសូវ​ប្រកប​របរ​ឡើង​ត្នោត​ច្រើនដូចមុនទេ ដោយ​ពួកគាត់បែរ​ទៅ​ចំណាកស្រុក​ ធ្វើ​ការ​នៅ​ប្រទេស​ក្រៅវិញ។​

​​លោក ហឹម ពិ​សិទ្ធ ប្រធាន​សមាគម​លើក​កំពស់​ស្ករត្នោត​កម្ពុជា​ បានប្រាប់ រស្មី​កម្ពុជា ឱ្យដឹង​នៅ​ថ្ងៃទី​០២ ខែ មិនា​ថា នៅ ឆ្នាំ​២០១៨​នេះ ​សមាគម​​មាន​គំរោង​ទិញ​ស្ករត្នោត​ពី​សមាជិក​របស់ខ្លួន​ចំនួន​ ២០០​តោន សំរាប់​ច្នៃ​នាំ​ចេញទៅ​ក្រៅប្រទេស ខណៈដែល​កាលពី ឆ្នាំ​២០១៧ ​ស្ករត្នោត​​នាំចេញ​បាន​ប្រមាណ​១២០​តោន។

​លោក ពិ​សិទ្ធ បាន​ឲ្យ​ដឹងថា ឆ្នាំនេះ​ការចាប់​ផ្តើមធ្វើ​ស្ករត្នោត របស់​សហគមន៍​ឡើងត្នោត​មានការ​យឺតយ៉ាវ​ជាង​ឆ្នាំទៅ​មិញ​ពោល គឺ​ទើប​​តែ​អាច​ឡើងត្នោត​នៅ​ខែកុម្ភៈ​នេះ​ទេ ខណៈដែល តាម​រដូវ​កាល​ជា​រៀងរាល់ឆ្នាំ​ស្ករត្នោត​គេ អាច​ប្រមូលយក​ផល​នៅ​ខែមករា។​

លោក​បាន​ឲ្យ​ដឹងថា ស្ករត្នោត​យើង​មាន​ក្រុមហ៊ុន​ធំៗ​ចំនួន​៣ ម​កក​ម្ម៉​ង់​យកទៅលក់​នៅ​ទីផ្សារ​អឺរ៉ុប។​

​លោក​បាន​បញ្ជាក់ថា «យើង​បាន​ច្នៃ​ស្ករ​ទាំងនេះ ឱ្យទៅជា​ស្ករ​រាយ​ស្ងួត វេច​ខ្ចប់​មាន​ស្តង់ដារ មាន​ចាប់ពី ៥​ក្រាម ១០០​ក្រាម និង ៥០០​ក្រាម រហូតដល់ ២០​គីឡូក្រាម សំរាប់​នាំចេញ នៅ​ខែមេសា​ខាងមុខនេះ ” ។​

មកដល់​បច្ចុប្បន្ននេះ លោក​ពិ​សិទ្ធ​បាន​ឲ្យ​ដឹងថា សមាជិកសមាគម​ឡើងត្នោត​មានការ​ថយចុះ​១០​គ្រួសារ ក្នុងចំណោម​១០០ គ្រួសារ ដែល​បាន​ឡើងត្នោត នេះ​ដោយសា​ពួកគាត់​ស្ថិតក្នុង វ័យចាស់​ជរា​មិនអាច​ឡើងត្នោត​បាន​តទៅទៀត។

​គួរ​បញ្ជាក់ថា ស្ករត្នោត​កម្ពុជា បានទទួល​មេដាយមាស​មួយ​ទៀតហើយ នៅឯ​សន្និសីទ​ពិ​ព័រណ៍​ម្ហូប​អាហារ​​លើក​ទី ១៥ ក្នុង​តំបន់​អាស៊ាន កាលពី​ថ្ងៃទី ១៤ ដល់​ថ្ងៃទី ១៧ ខែវិច្ឆិកា នៅ​ទីក្រុង​ហូជីមិញ​ប្រទេស​​វៀតណាម កន្លងទៅ​ថ្មីៗ​នេះ ។

បើតាមលោក ចិត្រ ស្ក​ត្នោត​នេះ មាន​ស្តង់ដារ​តាមបែប​អឺរ៉ុប​ទទួលស្គាល់។ ទី​២ មាន​ស្តង់ដារ​ស្រប​នឹង​ស្តង់ដារ​​សហរដ្ឋអាមេរិកនិង​ស្តង់ដា ស្របតាម​បទដ្ឋាន​សរីរាង្គ​បែប​ជប៉ុន ។ គឺ​ប្រភេទ​ស្ករត្នោត​សរីរាង្គ​ដែលមាន​សារធាតុចិញ្ចឹម​ច្រើន ។ ពិសេស​សំបូរ​ដោយ​ជីវជាតិ ប៉ូ​លី​ស៊ី​ណុល ( Policinol) ច្រើន​បំផុត​ដែល​ជួយ​ការពារ កុំឱ្យ​ស្បែក​ជ្រាវ​ជ្រួញ របស់​មនុស្ស ។

មួយវិញទៀត​ដែល​ជួយ​ឱ្យ​ស្ករត្នោត​កម្ពុជា​បាន​មេដាយមាស​នេះ​ គឺ​សមាជិកសមាគម អ្នក​ផលិត​ស្ករត្នោត​ត្រូវបាន​ទទួលផល​ប្រយោជន៍​ដោយ​សមធម៌ ផ្តល់​ចំណូល​ខ្ពស់ ពី​អ្នកទទួល​ទិញ ឬ​ក្រុមហ៊ុន ដែល​បាន​ទិញ​ស្ក​ត្នោត ទាំងនេះ​មកកាន់​ទីផ្សារ​នាំចេញ​។

កាល​ចុងឆ្នាំ ២០១៧ ស្ករត្នោត​ខ្មែរ​បានទទួល​មេដាយមាស នៅឯ​ពិរ​ព័​ណ៍​ម្ហូបអាហារ អាស៊ាន នៅ​ទីក្រុង​ហូជីមិញ​ប្រទេស​​វៀតណាម​៕​

មេដាយមាស​ផ្តល់​ដោយ​អាស៊ាន​នេះ គឺ​បាន​ចាត់ ទុកជា​ផលិតផល​មានគុណ​ភាព ល្អ​ដាច់​គេ​ក្នុង​តំបន់ (ASEAN BEST PRODUCT) ។​

កាលពី​ឆ្នាំ ២០០៥ ស្ករត្នោត​យើង​បាន ទៅ​ប្រ​គួ​ត​ប្រជែង​នៅ​ប្រទេស​បារាំង គឺ​បានឈ្នះ​មេដាយ​មាស​​ម្តង​ហើយ​ដែរ។ ឆ្នាំ ២០១៧​នេះ ស្ករត្នោត​កម្ពុជា​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​បាន​ជាង ២០០​តោន៕