ពលរដ្ឋដាំដំណាំស្ពៃ​នៅតំបន់បឹងកំពីងពួយរអ៊ូរទាំរឿងតម្លៃធ្លាក់ចុះខ្លាំង

0
1321
ប្រជាពលរដ្ឋកំពុង​ប្រមូល​ផល​បន្លែស្ពៃ​នៅ​ក្នុង​ខេត្ដ​បាត់​ដំបង នៅ​តំបន់​បឹងកំពីង​ពួយ។

បាត់ដំបង៖ប្រជាពលរដ្ឋប្រកបរបរដាំដំណាំស្ពៃ មានស្ពៃក្រញាញ់ ស្ពៃតឿ និងស្ពៃចង្កឹះ នៅតំបន់បឹង  កំពីងពួយ បាននាំគ្នារអ៊ូរទាំ រឿងតម្លៃធ្លាក់ចុះយ៉ាងគំហុក ហើយធ្វើឲ្យពួកគាត់សឹងតែមិនអាច ទូទាត់ នឹងការចំណាយលើការដាំដុះ និងការជួលឈ្នួលប្រមូលជាដើម ។

កសិករដាំស្ពៃក្រញាញ់ម្នាក់ឈ្មោះ ឡាំ សាវី ភេទប្រុស កំពុងប្រមូលផលស្ពៃ នៅចំណុច បឹងកំពីងពួង ស្ថិតក្នុងភូមិតាងែត ឃុំច័ន្ទតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បានឲ្យដឹងថា នៅដើមឆ្នាំ២០១៨នេះ តម្លៃស្ពៃបានធ្លាក់ចុះមកនៅ ៧០០ទៅ៨០០រៀល ហើយបើធៀបឹងរយៈ ពេលដូចគ្នាក្នុងឆ្នាំ២០១៦ មានតម្លៃជាង ១០០០រៀល ខណៈកាលពីខែ១០ និងខែ១១ ចុងឆ្នាំ ២០១៧ តម្លៃជាង២០០០រៀល ។

លោកបន្តថា ការធ្លាក់ថ្លៃនេះ បានត្រឹមតែទូទាត់ទៅលើការប្រើប្រាស់ពូជ ជួលឈ្នួល ថ្នាំការពារសត្វល្អិត និងការដឹកជញ្ជូនយកទៅលក់នៅផ្សារក្នុងក្រុងបាត់ដំបង  មិនមានការចំណេញ អីនោះទេ ព្រោះជី ថ្នាំ និងសាំងកាន់តែឡើងថ្លៃ ដោយបានត្រឹមទប់ទល់ ។

ពលរដ្ឋកំពុង​ប្រមូល​ផលដំណាំស្ពៃ។

ដោយឡែកកសិករម្នាក់ទៀតឈ្មោះ ឈួម ចិន្តា ភេទស្រី កំពុងប្រមូលផលស្ពៃតឿ បាន លើកឡើងថា ការកើនឡើងនៃការដាំស្ពៃច្រើនពេក នៅក្នុងរដូវនេះ បានធ្វើឲ្យស្ពៃធ្លាក់ថ្លៃ ប៉ុន្តែ ទោះបីធ្លាក់ថ្លៃក៏ដោយ ស្ពៃមិនមានទុកសល់នៅក្នុងចម្ការនោះទេ តែងតែមានអ្នកទិញយកអស់ ។

អ្នកស្រីបានបន្ថែមថា ស្ពៃដែលពួកគាត់យកទៅលក់នៅឯផ្សារនោះ ពេលទៅដល់ត្រូវបាន អ្នកទិញបន្ត ដាក់តម្លៃស្មើគ្នាមិនមានទម្លាក់តម្លៃឲ្យទាប ឬខ្ពស់ជាងគ្នានោះទេ ហើយក៏មានអ្នកចាំ ទិញយកអស់ៗតែម្ដង ។

ជាមួយគ្នានេះ ពួកគាត់ក៏ពាវនាវដល់ស្ថាប័នរដ្ឋពាក់ព័ន្ធ ជួយរកទីផ្សារឲ្យបានសមរម្យ ព្រោះបើតម្លៃនៅស្ថេរប៉ុណ្ណេះ នឹងធ្វើឲ្យពួកគាត់ប្រឈមនឹងការឈប់ដាំ ហើយកត្តាចំណាកស្រុក កាន់តែច្រើនឡើង ។

សូមបញ្ជាក់ថា ការដាំស្ពៃរបស់ប្រជាកសិករនៅតំបន់បឹងកំពីងពួងនេះ គឺពួកគាត់ដាំជា លក្ខណៈវិលជុំ ដោយពេលប្រមូលរួច គឺដាំបន្តទៀតពេញមួយឆ្នាំៗតែម្ដង ។ បើតាមប្រជាពលរដ្ឋ បានបញ្ជាក់ថា ក្រៅពីដាំស្ពៃនេះ ពួកគាត់ក៏មានដាំម្ទេស ពោត ធ្វើស្រែ និងនេសាទត្រីផងដែរ ៕