ភ្នំពេញ៖ វត្តមានទោចផ្ពាល់លឿងមានវត្តមាននៅកម្ពុជាច្រើនជាងគេបំផុតនៅលើពិភពលោក។ នេះបើយោងតាម របាយការណ៍នៃការស្រាវជ្រាវរបស់WWF។
«សត្វទោចថ្ពាល់លឿង» វាជាប្រភេទពួកពាននរដែលត្រូវដាក់បញ្ចូលក្នុងបញ្ជីក្រហមនៃអង្គការ IUCN ជាប្រភេទកំពុងរងគ្រោះថ្នាក់ ហើយកំពុងប្រឈមទៅនឹងការប្រមាញ់សម្រាប់លក់ដូរជាសត្វចិញ្ចឹម និងការបាត់បង់ទីជម្រក។
អង្គការសហភាពអន្តរជាតិអភិរក្សធនធានធម្មជាតិ (IUCN) បានបញ្ជាក់ថា ទោចថ្ពាល់លឿង គឺជាប្រភេទសត្វទោចដែលមានដើមកំណើតនៅប្រទេសកម្ពុជា វៀតណាម និងឡាវ ហើយវារស់នៅក្នុងព្រៃត្រូពិច ស្វែងរកផ្លែឈើជាចំណីអាហារ ប្រើប្រាស់ដៃដ៏វែងៗ របស់វាដើម្បីចាប់តោង និងឆ្លងពីដើមឈើមួយទៅដើមឈើមួយ។
សត្វទោចថ្ពាល់លឿងនេះ រស់នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ដែនជម្រកសត្វព្រៃកែវសីមាដែលជាតំបន់ខ្ពស់រាបភាគខាងកើតនៃខេត្តមណ្ឌលគីរី និងនៅសៀមប៉ាងខេត្តស្ទឹងត្រែង។
បើទោះបីជា WWF Cambodia អះអាងថាកម្ពុជាមានទោចថ្ពាល់លឿងច្រើនជាងគេបំផុតលើពិភពលោកមែនប៉ុន្តែអង្គការជំនាញសត្វព្រៃមួយនេះមិនបានបញ្ជាក់ពីចំនួនដែលកំពុងរស់នៅកម្ពុជានោះទេ៕
ប្រភពរូបភាព៖ WWF Cambodia