មិនយូរទេ!​ កម្ពុជាអាចនឹងមានផ្លូវរថភ្លើងល្បឿនលឿន ពីភ្នំពេញទៅ៣ខេត្តនេះ

0
875
រូបតំណាង

ក្រុមហ៊ុន​ឯកជន កំពុង​ស្នើ​សុំ​រាជរដ្ឋាភិបាល ក្នុងការ​សិក្សា​លើ​ការ​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ ខេត្ត​សៀមរាប ហើយ​បន្ត​ដល់​ប៉ោយប៉ែត ក្នុង​ខេត្តបន្ទាយមានជ័យ និង​ពី​ភ្នំពេញ​ទៅ​កាន់​ព្រំដែន​កម្ពុជា-វៀតណាម ក្រុង​បាវិត​ខេត្ត​ស្វាយ​រៀង។ នេះ​បើ​តាម​ប្រសាសន៍​របស់​ទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណាការ ថ្លែង​ក្នុង​ពិធី​ដាក់​ឲ្យ​ប្រើប្រាស់​បណ្ដោះ​អាសន្ន​ផ្លូវ​រថភ្លើង​ប៉ោយប៉ែត-បាត់ដំបង​នៅ​ព្រឹក​នេះ។

បច្ចុប្បន្ន​ផ្លូវ​រថភ្លើង​នៅ​កម្ពុជា មិន​អាច​រត់​ក្នុង​ល្បឿន​លឿន​នៅ​ឡើយ​ទេ ដោយ​សារ​មិន​ទាន់​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ ពោល​គឺ​ប្រវែង​ទទឹង​ត្រឹម​តែ​១​ម៉ែត្រ។ ប្រសិន​បើ​ចង់​រត់​ក្នុង​ល្បឿន​លឿន​ត្រូវ​ពង្រីក​ឲ្យ​បាន ១.៤៣៥​ម៉ែត្រ​ទើប​ស្រប​តាម​ស្តង់​ដារ​អន្តរជាតិ។ ដូច្នេះ​ហើយ​ទើប​មាន​ក្រុម​ហ៊ុន​ឯក​ជន ស្នើ​សុំ​សិក្សា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​សៀមរាប និង​ទៅ​​ក្រុង​បាវិត ដែល​មាន​ទទឹង​ផ្លូវ​ប្រវែង​១.៤៣៥​ម៉ែត្រ។ យ៉ាង​ណា​ក្ដី រដ្ឋាភិបាល​នៅ​មិន​ទាន់​ឯកភាព​ឡើយ ប៉ុន្តែប្រសិនក្រុមហ៊ុនឯកជនសាងសង់ផ្លូវដែកជាប្រភេទ BOT នោះប្រាកដជាឯកភាពមិនខាន។ នេះ​បើ​តាម​ការ​លើក​ឡើង​បន្ថែម​ទៀត​របស់ រដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល។

ឯក​ឧត្ដម ស៊ុន ចាន់​ថុល បាន​ឲ្យ​ដឹង​ដែរ​ថា ផ្លូវ​រថភ្លើង​នៅ​កម្ពុជា អាច​រត់​បានជា​មធ្យម​៦០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង។ ដោយ​ឡែក​ពី​ភ្នំពេញ​ទៅ​ខេត្ត ព្រះសីហនុ អាច​រត់​បាន​៩០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង។ ទៅ​ថ្ងៃ​អនាគត កម្ពុជា​នឹង​មាន​ផ្លូវ​ដែក​ស្រប​តាម​ស្តង់​ដារ​អន្តរជាតិ អាច​រត់​បាន​លឿន​មិន​ចាញ់​ប្រទេស​ដទៃ​ក្នុង​តំបន់​អាស៊ី​នោះ​ទេ។

​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​បញ្ជាក់​ច្បាស់​ៗ​ថា ចំពោះ​ការ​សិក្សា​លើ​ការ​សាងសង់​គឺ ត្រូវ​មាន​ផែនការ​ច្បាស់​លាស់ ទាំង​ផល​ប៉ះពាល់ និង​កញ្ចប់​ថវិកា​​ថា​តើ​ត្រូវ​រក​កម្ចី ឬ​ថវិកា​របស់​រដ្ឋាភិបាល មិន​មែន​ចេះ​តែ​និយាយ ឬ​សន្យា​ចោល​នោះ​ទេ។ ប្រសិន​បើ​ថា ធ្វើ​គឺ​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន៕