សមាគម​ម្រេច​កំពុងចរចា​ពង្រីក​ទីផ្សារ​ម្រេច​កំពត​បន្ថែមទៀតសម្រាប់​ឆ្នាំ​២០១៨

0
1041

ភ្នំពេញៈ កម្ពុជា​កំពុង​ស្វែងរក​ទីផ្សារ​ថ្មី​សម្រាប់​ម្រេច​កំពត ជា​ផលិតផល​សម្គាល់​ភូមិសាស្ដ្រ (GI) តែមួយគត់​របស់​កម្ពុ​ជា​ដើម្បី​ពង្រីក​ហួស​ពី​ទីផ្សារ​ដែលមាន​ស្រាប់​នៅ​តំបន់​អឺរ៉ុប។ នេះ​បើ​យោងតាម​សមាគម​លើកកម្ពស់​ម្រេច​កំពត (KPPA)។

លោក ងួន ឡាយ ប្រធាន KPPA បាន​ឲ្យ​ដឹងថា KPPA កំពុង​ស្វែងរក​ការពង្រីក​ទិសដៅ​ទីផ្សារ​ថ្មី​ទៅ​ប្រទេស កូរ៉េខាងត្បូង និង​ក្រុង​ហុងកុង ដោយសារតែ​កំណើន​ទិន្នផល​ម្រេច​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។

លោក​បាន​ថ្លែងថា៖ «យើង​កំពុង​ពិភាក្សា​ជាមួយ​ប្រទេស កូរ៉េខាងត្បូង និង​ទីក្រុង​ហុងកុង ដើម្បី​ពង្រីក​ទិសដៅ​ទីផ្សារ​របស់​យើង»។

លោក ងួន ឡាយ បាន​ឲ្យ​ដឹងថា តំបន់​ដាំ​ម្រេច GI កំពត បច្ចុប្បន្ន​មាន​ផ្ទៃដី ២៥០ ហិកតា​នៅ​ខេត្តកំពត និង​ខេត្ត​កែប។ ក្នុងនោះ ២០០ ហិកតា មាន​ចម្ការ​ម្រេច​ទុំ ដែល​អាច​ប្រមូល​ផល​បាន។

លោក​បន្ថែមថា៖ «ស្តុក​របស់​យើង​ត្រូវបាន​រក្សា​កំណើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ យើង​កំពុង​ស្វែងរក​អ្នកទិញ​បន្ថែមទៀត ដើម្បី​ឆ្លើយតប​នឹង​ការផលិត​របស់​យើង»។

លោក​បាន​បញ្ជាក់ថា បច្ចុប្បន្ន​ទីផ្សារសំខាន់ៗរបស់​ម្រេច​កំពត គឺ​សហភាព​អឺរ៉ុប អាមេរិក ជប៉ុន និង​កាណាដា។

បច្ចុប្បន្ន​សមាជិក​រប​ស់ KPPA បាន​កើន​ឡើងដល់ ៤៤២ គ្រួសារ និង​បាន​ធ្វើជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ឯកជន ២៩ ដើម្បី​នាំទៅ​ទីផ្សារ​អន្តរជាតិ។

ម្រេច​កំពត​មានតម្លៃ ១៥ ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​សម្រាប់​ម្រេចខ្មៅ តម្លៃ ២៥ដុល្លារ សម្រាប់​ម្រេច​ក្រហម និង​តម្លៃ ២៨ ដុល្លារ​ក្នុង ១ គីឡូក្រាម​សម្រាប់​ម្រេចស។ វិស័យនេះ​រកបាន​ប្រាក់ចំណូល​ប្រហែល ១ លាន​ដុល្លារ​ប្រចាំឆ្នាំ។ នេះ​បើតាម KPPA៕