ខេត្តកណ្ដាល៖ ស្ពៃក្ដោប ជាដំណាំមួយប្រភេទ ដែលប្រជាជនកម្ពុជាច្រើនគួរសម និយមចូលចិត្តទាំងការដាំដុះ និងបរិភោគ។ ប៉ុន្ដែ ការដាំដុះស្ពៃក្ដោបនៅកម្ពុជាហាក់មានកម្រិតនៅឡើយ ខណៈដែលបន្លែមួយប្រភេទនេះក៏ត្រូវបាននាំចូលពីប្រទេសជិតខាងច្រើនណាស់ដែរ។
ទោះជាយ៉ាងនេះក្ដី ខេត្តកណ្ដាល ត្រូវបានគេទទួលស្គាល់ថា ជាតំបន់ដែលការដាំដុះស្ពៃក្ដោបធំជាងគេនៅកម្ពុជា ដ្បិតថាដំណាំដ៏សម្បូរមួយនេះ នៅមិនអាចផ្គត់ផ្គង់សម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេសបានក៏ដោយ។
ដំណាំស្ពៃក្ដោប គឺជាប្រភេទដំណាំដែលត្រូវការទឹកច្រើនដើម្បីស្រោចស្រព ហើយត្រូវមានការថែទាំឲ្យបានជាប្រចាំ ទើបវាផ្ដល់ផលបានល្អ។
ប្រជាកសិករមួយគ្រួសាររស់នៅក្នុងភូមិចុងកោះខាងកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល លោក ជឿន ចំណាប់ កំពុងប្រមូលផលដំណាំស្ពៃក្ដោបមួយកន្លែង បានថ្លែងថា លោកប្រកបរបរបដំាំស្ពៃក្ដោបនេះ រយៈពេលជាង ២ ឆ្នាំមកហើយ ដោយលោកគ្មានដាំដុះខ្លួនឯងផ្ទាល់នោះទេ ពោលគឺលោកបានជួលដាំគេសម្រាប់ដាំ ហើយមកប្រមូលផលខ្លួនឯង។
កសិករវ័យកណ្ដាល លោក ចំណាប់ បានរៀបរាប់ថា គាត់ត្រូវចំណាយពេលវេលាប្រមាណពី ៣ខែកន្លះទៅជាង ៥ខែក្នុងមួយរដូវ ទើបពួកគាត់ទទួលបានផល និងយកទៅលក់ទីផ្សារ។
បើទោះបីជា ខេត្តកណ្ដាលតំបន់ដាំស្ពៃក្ដោបធំជាងគេនៅកម្ពុជាក៏ពិត តែមិនអាចផ្គត់ផ្គង់ឲ្យប្រជាជនខ្មែរទូទាំងប្រទេសបានទាំងអស់នោះទេ ព្រោះតែផលដំណាំខ្លះមិនអាចលក់នៅទីក្រុងបាន។
កសិករវ័យជាង ២០ឆ្នាំ លោក ចំណាប់ បានគូសបញ្ជាក់ថា ស្ពៃក្ដោបដែលលោកប្រមូលបាន គឺបានត្រឹមយកទៅលក់នៅផ្សារក្នុងភូមិប៉ុណ្ណោះ ព្រោះអ្នកទីក្រុងគេយកតែស្ពៃក្ដោបមានពណ៌រាងបៃតង តែបើស្ដៃក្ដោបដែលមានពណ៌សវិញ មិនសូវមានអ្នកត្រូវការទេ។
លោកបន្តទៀតថា ស្ពៃក្ដោបលក់នៅផ្សារក្នុងភូមិ បានតម្លៃតែ ៥០០ ទៅ ៦០០រៀល ក្នុងមួយគីឡូក្រាម តែបើយកទៅលក់ភ្នំពេញអាចបានថ្លៃជាងនេះ។
អាជីវករចែកចាយ និងលក់ស្ពៃក្ដោប ស្ថិតក្នុងផ្សារដើមគរ នៅទីក្រុងភ្នំពេញ លោកពូ ប៊ុន សឿន បានរៀបរាប់ថា ស្ពៃក្ដោបដែលលោកយកមកលក់ជារៀងរាល់ថ្ងៃ ត្រូវបាននាំចូលពីប្រទេសវៀតណាម។
អាជីវករវ័យកណ្ដាលរូបនេះ បានប្រាប់ពីមូលហេតុដែលលោកសុខចិត្តយកស្ពៃក្ដោប មកពីប្រទេសជិតខាងនោះ ព្រោះក្នុងស្រុកផលិតមិនទាន់តម្រូវការ។
អាជីវករវ័យជាង ៤០ ឆ្នាំរូបនេះ រៀបរាប់ថា សម្រាប់កន្លែងលោក មួយថ្ងៃអាចលក់បានរហូតដល់ ២០០គីឡូ ហើយតម្លៃប្រែប្រួលទៅអតិថិជនតិច ឬច្រើន។ តែជាទូទៅតម្លៃស្ពៃក្ដោបនៅទីផ្សារបច្ចុប្បន្ន មួយគីឡូក្រាម លក់បានតម្លៃប្រហែល ១២០០រៀល។
លោកពូ ប៊ុន សឿង ក៏ដូចជាអាជីវករខ្មែរដ៏ទៃទៀត បានលើកឡើងថា ប្រសិនបើខ្មែរមានស្ពៃក្ដោបគ្រប់គ្រាន់ ពួកគាត់នឹងយករបស់ក្នុងស្រុក និងចូលរួមជម្រុញទឹកចិត្តប្រជាកសិករខ្មែរបង្កើនការដាំដុះ។
ទោះជាយ៉ាងណា បញ្ហាទីផ្សារ គឺជាកត្តាសំខាន់របស់ប្រជាកសិករ។ សព្វថ្ងៃ ស្ពៃក្ដោបមានតម្លៃថោក ដោយតម្លៃលក់ដុំប្រមាណ ៥០០រៀលក្នុងមួយគីឡូក្រាម។ តម្លៃនេះកសិករលក់មិនបានប្រាក់ចំណេញឡើយ។
បើតាមប្រសាសន៍លោកបណ្ឌិត យ៉ង សាំងកុមារ អ្នកជំនាញផ្នែកសិកម្មបានរៀបរាប់ថា ដើម្បីការផលិតកម្មកសិកម្មជោគជ័យ អ្នករកស៊ីក្នុងអាជីវកម្មកសិកម្មត្រូវសិក្សាលើចំនុចបួនសំខានៗ៖
១. ត្រូវដឹងច្បាស់ពីអ្វីដែលខ្លួនផលិត ហើយចាប់យកមួយមុខឲ្យជាប់
២. កំណត់បរិមាណផលិត និងទំហំដីដាំដុះឲ្យជាក់លាក់
៣. ផ្គត់ផ្គង់ឲ្យបានទៀងទាត់ទៅតាមតម្រូវការទីផ្សារ
៤. ដឹងច្បាស់ពីថ្លៃដើមនៃការផលិត ៕