រថភ្លើង​កម្ពុជា​នឹង​បង្កើនល្បឿន​​ឱ្យដល់ ៨០-១០០គីឡូម៉ែត្រ​ក្នុង១ម៉ោង

0
799

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អះអាងថា កម្ពុជា​នឹង​បង្កើនល្បឿន​រថភ្លើង​រត់​ឱ្យបាន​ចន្លោះ​ពី៨០ទៅ១០០គីឡូម៉ែត្រ​ក្នុង១ម៉ោង ឱ្យ​ដូច​ទៅនឹង​ប្រទេសជិតខាង​ដែរ ។

អនុរដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​លី បូ​រិ​ន បាន​ឲ្យ​ដឹង​នា​ថ្ងៃទី១១ តុលា កន្លងមក​ថា បច្ចុប្បន្ន ខ្សែ​រថភ្លើង​ត្រូវបាន​ត​ភ្ជាប់​ឡើងវិញ​ហើយ តាមរយៈ​ថវិកា ADB និង​ថវិកា​រាជរដ្ឋាភិបាល រួមទាំង​ក្រុមហ៊ុន Royal Railway តែ​មិនទាន់មាន​ល្បឿន​លឿន​នៅឡើយ​ទេ គឺ​ត្រឹមតែ៣០ទៅ៦០គីឡូម៉ែត្រ​ប៉ុណ្ណោះ ក្នុង១ម៉ោង ប៉ុន្តែ​នៅពេលឆាប់ៗខាងមុខនេះ រថភ្លើង​នឹង​អាច​រត់​បាន​ល្បឿន​លឿន​ដូច​ប្រទេសជិតខាង​ដែរ គឺ​ពី៨០ទៅ១០០ គីឡូម៉ែត្រ ក្នុង១ម៉ោង ។

លោក​បន្តថា ក្នុងអំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ កន្លងទៅថ្មីៗនេះ រថភ្លើង​ទាំងបី​ខ្សែ​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ពលរដ្ឋ​ជិះ​ទៅមក​ដោយ​មិន​គិតថ្លៃ​នោះ គឺ​ពុំមាន​អ្នកជិះ​ច្រើន​កុះករ​ទេ ដោយសារតែ​ទន្ទឹមគ្នា​នោះ ក៏មាន​រថយន្ត​ជិះ​ដោយ​មិន​គិតថ្លៃ​ចំនួន​ជាង២០០គ្រឿង​ដែរ ។

លោក លី បូ​រិ​ន ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​គាំទ្រ​បន្តទៅទៀត និង​មាន​ទំនុកចិត្ត​ខ្ពស់ ព្រោះ​រាជរដ្ឋាភិបាល​កំពុង​ខិតខំ​កែលម្អ​នូវ​គ្រប់​ខ្សែ​រថភ្លើង​ទាំងអស់​ឱ្យ​កាន់តែ​ប្រសើរឡើង និង​មាន​ល្បឿន​លឿន​ជាង​មុន ហើយ​ធ្វើ​ឲ្យ​បាន​ក្នុងពេលឆាប់ៗនេះ ។

ទោះ​យ៉ាងនេះ​ក្ដី អ្នកនាំពាក្យ​ក្រសួង​ដដែល​នេះ គឺ​លោក​វ៉ា​ស៊ឹម សូរិយា បាន​ឲ្យ​ដឹងថា រថភ្លើង​កម្ពុជា​មិនអាច​រត់​បាន​ល្បឿន​លឿន​នោះទេ ដោយសារ​ផ្លូវ​រថភ្លើង​កម្ពុជា​មិនទាន់មាន​ស្តង់ដា ស្របតាម​ស្តង់ដា​អន្តរជាតិ ពិសេស​ផ្លូវ​រថភ្លើង​មាន​ចំណុច​ឆ្លងកាត់​ច្រើន ដែល​ធ្វើ​ឲ្យ​រថភ្លើង​មិនអាច​រត់​បាន​លឿន​នៅឡើយ។

លោក​មានប្រសាសន៍ថា ៖« ដោយសារ​ផ្លូវ​រថភ្លើង​របស់​យើង​ជា​ផ្លូវ​ចាស់ និង​បាន​ជួសជុល​ឡើងវិញ ទើប​យើង​មិនអាច​រត់លឿន​បាន ។ ម្យ៉ាងទៀត មាន​ប្រជាពលរដ្ឋ​សាងសង់​ផ្លូវ​ឆ្លងកាត់​ច្រើន »។ លោក​បន្តថា ៖« តាមពិត​រថភ្លើង​បច្ចុប្បន្ន​អាច​រត់​បាន៦០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប៉ុន្តែ​ដោយសារ​ស្ថានភាព​ផ្លូវ​មិនទាន់មាន​ស្តង់ដា និង​ផ្លូវ​មាន​ចំណុច​ឆ្លងកាត់​ច្រើន ទើប​រថភ្លើង​អាច​រត់​បាន​ក្នុង​ល្បឿន​ជា​មធ្យម៣០គីឡូម៉ែត្រ​ប៉ុណ្ណោះ ក្នុង​មួយ​ម៉ោង »។

ប្រទេសកម្ពុជាកំពុងមានការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស ក្នុងនោះផ្លូវថ្នល់បាននិងកំពុងធ្វើឱ្យប្រសើរឡើងពីផ្លូវ២គន្លងទៅ៤គន្លង, គម្រោងសាងសង់ផ្លូវល្បឿនលឿន, គម្រោងសាងសង់ផ្លូវពីបាត់ដំបង ទៅកាន់ខេត្តកោះកុង ដើម្បីកាត់បន្ថយពេល​វេលានៃការ​ដឹកជញ្ជូន​ទៅកាន់កំពង់​ផែទឹកជ្រៅ និងគម្រោងសាងសង់ផ្លូវពីខេត្តកំពង់ឆ្នាំងទៅកំពង់ធំ ជាដើម ។

ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិលោកបណ្ឌិត ម៉ី កល្យាណ បានថ្លែងថា បញ្ហា​ប្រឈម​ក្នុងសេដ្ឋកិច្ចរបស់យើង គឺការដឹកជញ្ជូនមានតម្លៃថ្លៃ ដោយសារកង្វះហេដ្ឋារចនាសម្ព័ន្ឋ ដែល​រដ្ឋាភិបាល​បាន​និងកំពុងគិតគូរវិនិយោគ ប៉ុន្តែការសាងសង់អ្វីមួយ វាមិនចំណាយពេលមួយថ្ងៃឬមួយឆ្នាំទេ ហេតុ​នេះ​រដ្ឋាភិបាលគួរតែពន្លឿនការវិនិយោគលើផ្លូវល្បឿនលឿន និងហេដ្ឋារចនាសម្ព័ន្ឋដទៃទៀត ។ លោកបន្តថា ៖« ការ​សាងសង់ផ្លូវល្បឿនលឿន ឬហេដ្ឋារចនាសម្ព័ន្ឋនានា ជាការបង្កើនកំណើនសេដ្ឋកិច្ចជាតិ ព្រោះ​បើចង់​ជំរុញកំណើនសេដ្ឋកិច្ចជាតិ ត្រូវតែវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ »៕