ដំឡូងមី និងមៀន​ប៉ៃលិននឹងនាំចេញទៅចិន​ដោយផ្ទាល់ ​

0
1929

ភ្នំពេញ​៖ ដំណាំដំឡូងមី និងមៀនប៉ៃលិន កំពុងរង​ចាំការ​វិនិយោគ​ពីចិនដោយ​ពុំចាំបាច់​ឆ្លង​កាត់​ប្រទេសទីបី​ដូចបច្ចុប្បន្ន នេះ បើតាមការដកស្រង់ខ្លឹមសារសង្ខេបក្នុងជំនួបរវាង ក្រសួង​ពាណិជ្ជកម្ម​ជាមួយ​ប្រតិភូកសិកម្មចិន កាលពីថ្ងៃទី ០៤ ខែមករា​ ឆ្នាំ២០១៨។

ដំណាំដំឡូងមី និងមៀនប៉ៃលិន កំពុងរង​ចាំការ​វិនិយោគ​ពីចិន។

ឯកឧត្តម ប៉ាន សូរស័ក្តិ លើកឡើងថា ដំឡូងមី ជាដំណាំអទិភាពទី២ និង​មាន​សក្តានុពល​នាំចេញ​ខ្ពស់​របស់កម្ពុជា បន្ទាប់ពីដំណាំស្រូវ ព្រមទាំងផ្លែមៀនប៉ៃលិន ដែលជា​ឈើហូប​ផ្លែមាន​តម្រូវ​ការ​ខ្ពស់​នៅ​លើទីផ្សារ។

ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាកំពុងចងក្រងគោលនយោបាយដំឡូងមី និងដំណាំ​ផ្សេងៗ​រួម​ទាំង​មៀនប៉ៃលិន ដើម្បីជំរុញការអភិវឌ្ឍចង្វាក់តម្លៃ និងការនាំចេញ សំដៅបង្កើនការងារជូនប្រជាជន និង​កាត់បន្ថយភាពក្រីក្រ។

ឯកឧត្តម ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា“កម្ពុជាមានដីអំណោយផលសម្រាប់វិស័យកសិកម្ម ជាពិសេស​ដំឡូងមី និងមៀនប៉ៃលិន ហើយយើងចង់សហការជាមួយវិនិយោគិនចិន ដើម្បីកែច្នៃ​ផលិត​ផលទាំងពីរនេះ សំដៅនាំចេញទៅកាន់ប្រទេសចិនផ្ទាល់ ដោយពុំចាំបាច់ឆ្លងកាត់ប្រទេសទីបី ដូចបច្ចុប្បន្ន” ។

ជាការឆ្លើយតប លោក ហ៊ឺ ជៀនយ៉ាង (HE Jianxiang) អគ្គនាយករង ទទួលបន្ទុក​ការិយា​ល័យ​កែច្នៃ​ផលិតផលកសិកម្ម នៃក្រសួងកសិកម្មប្រទេសចិន បានសន្យានឹងយកសំណើនេះ ទៅពិ​ភាក្សា​ជាមួយ​រដ្ឋមន្ត្រីកសិកម្មចិនឲ្យបានស៊ីជម្រៅ ព្រមទាំងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នាដើម​សប្តាហ៍​​ក្រោយនិងសិក្សាបន្ថែម អំពីលទ្ធភាពសហការ​វិនិយោគ​លើការ​អភិវឌ្ឍ​ចង្វាក់​តម្លៃនៃផលិត​ផល​ទាំងពីរ និងដំណាំសក្តានុពលផ្សេងៗទៀតរបស់កម្ពុជា ដូចជា ពោត ស្រូវ និងស្វាយជាដើម។

គួររំលឹកថា ចិន គឺជាប្រទេសវិនិយោគធំជាងគេនៅកម្ពុជា ដែលគិតត្រឹមឆ្នាំ ២០១៦ វិនិយោគ​របស់​ចិន​មានចំនួន ៥,០០០,១០០លានដុល្លារ លើវិស័យមួយចំនួនដូចជា រោងចក្រ សំណង់ វាយនភ័ណ និង​អគ្គិសនី៕