ខេត្តសៀមរាប ៖ យើងមានមោទនភាពខ្លាំងណាស់ដែលរកឃើញប្រាសាទ ១ទៀត ល្អស្អាតដូចប្រាសាទបន្ទាយស្រី ដែលត្រូវបានហៅថា ប្រាសាទចន្ទគីរី ដែលស្ថិតនៅភូមិគោកចន្ទ ឃុំល្វាក្រាំង ក្នុងស្រុកវ៉ារិន ខេត្តសៀមរាប។
ប្រាសាទចន្ទគីរី ដែលទើបបង្ហាញរូបរាងដ៏គួរអោយចាប់អារម្មណ៍តាមរយះនៃផ្តែរ និងរូបចម្លាក់ប្រមាណមិនលើសពី ១០ដុំ ដែលនៅស្តូកស្តឹង គរលើគ្នាខ្លះ កប់ក្នុងដីខ្លះ និងខ្លះផ្កាប់ ខ្លះផ្ងារលើគំនរបែកបាក់ដួលរលំដោយបណ្តាលមកពីវ័យជរា ជាពិសេសដោយសារសង្រ្គាម និងជនខិលខូចមួយចំនួនក្នុងសម័យនោះ។
ចាប់តាំងពីក្រោយរំដោះ ១៩៧៩ មកដល់ ១៩៩៦ ស្រុកវ៉ារិនស្ទើរទាំងមូលស្ថិតក្នុងសមរភូមិក្តៅ ពេលខ្លះប្រសាទជាគោលដៅដែលភាគីម្ខាងត្រូវផ្លោងគ្រាប់តំរង់រកព្រោះគេយល់ថាភាគីម្ខាងទៀតពួនក្នុងប្រាសាទ តែការពិតមិនមានភាគីណានៅទេ ហើយបានបន្សល់នូវភាពបែកបាក់ដួលរលំ ទាំងកំពែង កំពូល ហោជាងផ្តែរ ដែលមានក្បាច់រចនាមិនចាញ់ប្រាសាទបន្ទាយស្រីទេ រីឯថ្មរបស់ប្រាសាទនេះត្រូវបានកសាងពីថ្មភក់ និងមានលាយថ្មបាយក្រៀមដូចប្រាសាទបន្ទាយស្រីដែរ។
សព្វថ្ងៃនេះប្រាសាទចន្ទគីរី នៅតែទទួលរងនៅភាពឯកកោ មិនមានមនុស្សចោមរោមទស្សនាច្រើននោះទេ បើទោះបីប្រាសាទនេះនៅកិបនឹងផ្លូវទៅមកក្នុងស្រុកវ៉ារិនក៏ដោយ ប្រហែលជាមិនមានអ្នកថែទាំ និងម្យ៉ាងទៀតមកពីប្រាសាទនេះនៅឆ្ងាយពីតំបន់ទេសចរណ៍ គឺមានចម្ងាយប្រមាណ ១០០ គីឡូម៉ែត្រ ពីខេត្តសៀមរាប តែម្តងម្កាលតែងសង្កេតឃើញអ្នកភូមិរៀបចំពិធីឡើងគ្រូ បញ្ជាន់អារក្ស័ នៅពីមុខប្រាសាទដែលសង់នៅលើទីទួលដែលមានកំពស់ ៩ម៉ែត្រ។
សូមអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ មេត្តាជួយនិងថែរក្សា អភិរក្សនិងជួសជុលអោយប្រាសាទនេះមានកេរ្តិ៍ល្បីល្បាញដល់អ្នកទេសចរទស្សនាអោយបានច្រើនកុះករ៕#k26
សូមទស្សនាវីដេអូខាងក្រោម៖
Posted by Samut Siem Reap Angkor on Saturday, 10 February 2018