សត្វ​ត្មាត​ភ្លើង​ដ៏​កម្រ​ចំនួន​ ៣ ​សំបុក​ត្រូវ​បាន​រក​ឃើញដោយ​ក្រុម​អ្នក​អភិរក្ស​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ឆែប​

0
1055

ខេត្តព្រះវិហារ៖ សត្វ​ត្មាត​ភ្លើង​ដែល​ជា​ប្រភេទ​សត្វកម្រ​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក​ចំនួន ៣ ​សំបុក​ ត្រូវបាន​ក្រុម​អ្នក​អភិរក្ស​រក​ឃើញ​នៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ឆែប​ ខណៈ​សត្វ​ត្មាត​ភ្លើង​នេះ ​មាន​តិច​ជាង​ ៥០ ក្បាល​ប៉ុណ្ណោះ ​ដែល​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ការរកឃើញសំបុកនេះ គឺជាក្តីសង្ឃឹមដ៏ធំមួយ ដើម្បីអភិរក្សប្រភេទ នេះកុំឲ្យបាត់បង់នៅពេលខាងមុខដ៏ខ្លី។ ចំនួនសត្វត្មាតនៅលើសកលលោក មានការធ្លាក់ចុះខ្លាំងគួរឲ្យព្រួយបារម្ភ។ សត្វត្មាតកម្ពុជាមាន ចំនួន៣ប្រភេទ គឺត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ។ សត្វត្មាតទាំង ៣ ប្រភេទនេះ ស្ថិតនៅក្នុងបញ្ជីក្រហម របស់អង្គការ IUCN ជាប្រភេទរងគ្រោះ ជិតផុតពូជបំផុតលើសកលលោក។

លោក ​ស៊ឹង ​សាំង ​អ្នកយាម​សំបុក​ត្មាតភ្លើង​បាន​និយាយ​ថា ​អាហា​រដ្ឋាន​ត្មាត​ គឺជា​ទីកន្លែង​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​ផ្តល់​ចំណី​បន្ថែម​ដល់​ហ្វូង​សត្វ​ត្មាត​នៅ​កម្ពុជា។ ​អាហា​រដ្ឋាន​នេះ ​គឺជា​កិច្ច​សហការ​រួមគ្នា​រវាង​ក្រសួង​បរិស្ថាន​ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ និង​អង្គការ​ អភិរក្ស​ជាច្រើន ​ហើយ​បាន​ចូលរួម​លើក​កម្ពស់​ការយល់​ដឹង​អំពី​ សារៈសំខាន់​នៃ​តំបន់​នេះ​សម្រាប់​ការ​ថែរក្សា​តំបន់​ការពារ​នេះ ​និង​សុខភាព​មនុស្ស​។

លោក​បាន​បញ្ជាក់​ថា៖ «​ខ្ញុំ​ពេញចិត្ត ​នឹង​ការងារ​យាម​សំបុក​សត្វ​ត្មាត​នេះ​ណាស់​ពីព្រោះ​វា​ជួយ​ឲ្យ​ខ្ញុំ​អាច​រកប្រាក់​ចំណូល ​ដើម្បី​ជួយ​គ្រួសារ​ និង​អាច​ថែរក្សា​សត្វ​ត្មាត​ដែល​កាន់តែ​កម្រ​ នាពេល​បច្ចុប្បន្ន​។ ខ្ញុំ​បាន​ចំណាយ​ពេល​យាម​សំបុក​វា​ជាប្រចាំ​ដើម្បី​ការពារ​ ពី​ហានិភ័យ​នានា​ និង​ប្តេជ្ញាចិត្ត​ថែរក្សា​ពួកវា​ឲ្យ​បាន​សម្រាប់​ក្មេង​ជំនាន់ក្រោយ​»។

លោក​ តាន់​ សុផាន់​ មន្ត្រី​សម្រប​សម្រួល​គម្រោង​អភិរក្ស​សត្វ​ត្មាត​របស់​អង្គការ​ WCS​ ប្រចាំ​ដែន​ជម្រក​សត្វ​ព្រៃ​ឆែប​ បាន​លើក​ឡើង​ថា ​ចំនួន​សត្វ​ត្មាត​នៅលើ​សកល​លោក​មានការ​ធ្លាក់​ចុះ​ខ្លាំង​គួរ​ឲ្យ​ព្រួយ​បារម្ភ​ ខណៈដែល​សត្វ​ត្មាត​កម្ពុ​ជាមាន​ចំនួន​៣ប្រភេទ​ គឺ​ត្មាត​ភ្លើង ត្មាត​ត្នោត​ និង​ត្មាត​ផេះ។ ​សត្វ​ត្មាត​ទាំង ៣ ​ប្រភេទ​នេះ ​ស្ថិត​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​ IUCN ​ជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​បំផុត​លើ​សកលលោក​។

លោក​បន្ត​ថា ​នៅក្នុង​ប្រទេស​កម្ពុជា ​សត្វ​ត្មាត​ទាំង​៣ប្រភេទ​នេះ​មាន​ចំនួន​ ២០០-៣០០ ​ក្បាល​ប៉ុណ្ណោះ ​ដែល​ជា​ចំនួន​ច្រើន​ជាង​គេ​បង្អស់​នៅ​ក្នុង​តំបន់​ អាស៊ី​អាគ្នេយ៍​។​ វា​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ការពារ​សំបុក​សត្វ​ស្លាប ​អង្គការ​ WCS ​បាន​ជួល​សមាជិក​សហគមន៍​ចំនួន​ ០៦នាក់​ឲ្យ​ការពារ​សំបុក​សត្វ​ត្មាត​ទាំង ៣ នេះ​។ ពួក​គាត់​ទទួល​បាន​ប្រាក់​កម្រៃ​ពី​ការងារ​នេះ ​រហូតដល់​ពង​សត្វ​ត្មាត​ញាស់​ ហើយ​កូន​អាច​ហើរ​ចេញពី​សំបុក​ជំនួស​ឲ្យ​ការ​ប្រមូល​យក​ពង​កូន​សត្វ​ស្លាប​ទៅ​លក់​។

លោក​ តាន់ ​សុផាន់ ​និយាយ​ថា៖«​ត្មាតភ្លើង​គឺជា​ប្រភេទ​ដ៏​កម្រ​បំផុត​នៅ​កម្ពុជា​ ហើយ​ចំនួន​របស់​ពួកវា​មាន​តិចតួច​ណាស់​នា​ពេល​បច្ចុប្បន្ន​នេះ ​និង​ប្រឈម​ខ្ពស់​នឹង​ការ​ផុត​ពូជ​នៅពេល​ខាងមុខ​ដ៏​ខ្លី។​ ក្រៅពី​កម្មវិធី​ការពារ​សំបុក​ យើង​ក៏បាន​រៀបចំ​ជា​អាហារដ្ឋា​ន​ត្មាត​ដើម្បី​ផ្តល់​ចំណី​ឲ្យ​ពួកវា​ជា​រៀងរាល់​ខែ​»។

លោក ​សុផាន់​ បាន​បន្ថែម​ថា៖ «​ភ្ញៀវទេសចរ​ដែល​មក​កាន់​អាហារ​ដ្ឋាន​ត្មាត​ រៀបចំ​ដោយ​មជ្ឈមណ្ឌល ​សំ ​វាសនា ​សុទ្ធតែ​បាន​រួម​ចំណែក​អភិរក្ស​ហ្វូង​សត្វ​ត្មាត​កុំ​ឲ្យ​បាត់បង់​ និង​ជួយ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​សហគមន៍​។ សកម្មភាព​អភិរក្ស​សត្វ​ត្មាត​នៅ​ដែន​ជម្រក​សត្វព្រៃ​ឆែប​ទទួល​បាន​ការគាំទ្រ​ពី ​AFD​ មជ្ឈមណ្ឌល​សំ​វាសនា ​និង​សហភាព​អឺរ៉ុប​»។

តាម​របាយការណ៍​របស់​អង្គការ​ WCS​ បាន​បង្ហាញ​ថា ​ការកើន​ឡើង​នៃ​ការ​បាត់បង់​ព្រៃឈើ ​និង​ការ​ផ្លាស់ប្តូរ​ដី​ព្រៃ​តាមរយៈ​ដី​សម្បទាន​សេដ្ឋកិច្ច​ និង​ ការកាប់​ឆ្ការ​ដី​ព្រៃ​បាន​ជះ​ឥទ្ធិពល​ដល់​ការ​បាត់បង់​ទី​ជម្រក​ពង​កូន​ និង​កាត់បន្ថយ​ប្រភេទ​សត្វ​ជា​ចំណី​របស់​ហ្វូង​ត្មាត​ផង​ដែរ​។ សត្វ​ត្មាត​យ៉ាងតិច​ចំនួន​ ៣០ ក្បាល​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវបាន​គេ​សម្លាប់​នៅក្នុង​រយៈពេល ​៥ ឆ្នាំ​ចុង​ក្រោយនេះ ​ដោយសារ​ការ​ប្រើប្រាស់​ថ្នាំពុល​ដាក់​តាម​ត្រពាំង​ក្នុង​ព្រៃ​ដើម្បី​ចាប់​សត្វ​ស្លាប​ និង​ថនិកសត្វ ​មាឌតូច​ ដោយ​បញ្ហា​នេះ​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ចំនួន​សត្វ​ត្មាត​នៅ​កម្ពុជា​៕