កសិករខ្មែរយើងឥលូវចាប់ផ្ដើមប្រើវិធីដាំបន្លែតាមរបៀបថ្មីហើយ

0
1308

ភ្នំពេញ៖ កម្ពុជាជាប្រទេសមានកសិករភាគច្រើន រហូតនាំឲ្យគេចាត់ប្រទេសនេះជាប្រទេសកសិកម្ម។ ប៉ុន្តែជាច្រើនឆ្នាំមកហើយ វិស័យកសិកម្មកម្ពុជាហាក់ដើរក្នុងល្បឿនយ៉ឺតបើធៀបនឹងប្រទេសក្បែរខាង ដូចយ៉ាងថៃ និងវៀតណាមជាដើម។ ដំណើរដូចអណ្ដើកនៃវិស័យកសិកម្មខ្មែរ គឺដោយសារតែកសិករច្រើនលើសលុបនៅតែប្រើវិធីដាំដុះតាមបែបប្រពៃណី។

ប៉ុន្តែពេលនេះ អ្វីៗចាប់ផ្ដើមប្រែប្រួលជាបណ្ដើរហើយ ពោលគឺកសិករខ្មែរកាន់តែច្រើនឡើងៗ បានងាកមកប្រើវិធីបែបវិទ្យាសាស្រ្តដើម្បីដាំដុះបន្លែ។ នៅថ្ងៃនេះ យើងសូមលើកយកវិធីពីរយ៉ាង ដែលកសិករក្នុងខេត្តកណ្ដាលបានអនុវត្ត គឺការដាំបន្លែក្នុងរោងប្រក់កៅស៊ូតង់សថ្លា និងការក្រាលកៅស៊ូខ្មៅនៅតាមរងបន្លែ។

តាមរយៈទំព័រហ្វេសប៊ុកមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្ដាល កសិករនៅឃុំស្វាយប្រទាល ស្រុកស្អាង បានងាកមកប្រើវិធីយកកៅស៊ូសថ្លាមកប្រក់របៀបជារោងពីលើសួនបន្លែ ដែលយើងធ្លាប់តែឃើញកសិករស្រុកគេអនុវត្ត។

ចំណែកកសិករនៅស្រុកកណ្ដាលស្ទឹងវិញ បានយកកៅស៊ូខ្មៅមកក្រាលពីលើរងបន្លែដូច ដែលរូបភាពបានបង្ហាញលម្អិត។

វិធីនេះបើតាមអ្នកជំនាញ គឺអាចរក្សាសិតុណ្ហភាពល្អដែលអំណោយផលដល់ការលូតលាស់បន្លែ ពិសេសការរក្សាសំណើមដីតែម្ដង។ វាក៏ជួយទប់ស្កាត់សត្វល្អិតចង្កៃមកពងកូនបង្កើតជាដង្កូវ និងការលូតលាស់នៃស្មៅចង្រៃយ។

វិធីនេះជួយឲ្យបន្លែលូតលាស់បានល្អ ហើយកសិករក៏មិនចំណាយដើមទុនលើការបាញ់ថ្នាំសំលាប់សត្វល្អិត និងការជំរះស្មៅច្រើនដែរជាដើម៕

ប្រភព៖ Khmernas