កសិករឧត្ដរមានជ័យ​មិន​សូវ​ខ្វាយខ្វល់រឿងធ្វើស្រែបែរ​​ចំណាក​ស្រុក​ទៅថៃ​នាំ​ឲ្យ​ទិន្ន​ផលស្រូវ​ធ្លាក់​​ចុះ

0
1973

ឧត្ដរមានជ័យ៖ ក្រោយការជួបសំណះសំណាលដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធស្រូវអង្ករនៅមូលដ្ឋានខេត្តឧត្តរមានជ័យ សហព័ន្ធស្រូវអង្ករកម្ពុជាឲ្យដឹងថា កសិករក្នុងខេត្តឧត្តរមានជ័យមានផលិតកម្មស្រូវនៅទាប ខណៈពួកគេនាំគ្នាសម្រុកទៅធ្វើការនៅថៃក្រោយព្រួសស្រូវរួច ។

លោក អេង សួរ ម្ចាស់រោងម៉ាស៊ីនកិនស្រូវនៅឧត្តរមានជ័យឲ្យដឹងថា ភាគច្រើន​នៃប្រជាកសិករ​នៅក្នុង​ខេត្តឧត្តរមានជ័យ ដាំដុះស្រូវចម្រុះ និង ប្រភេទស្រូវនាងអំ ដែលជាប្រភេទស្រូវសរីរាង្គ និង មានការ​ដាំដុះស្រូវក្រអូបតិចតួច។

លោកបញ្ជាក់ថា ការផលិតស្រូវក្នុងខេត្តឧត្តរមានជ័យមានទិន្នផលទាប ដោយសារប្រជាកសិករ​មិនសូវ​ផ្តោតការយកចិត្តទុកដាក់ថែទាំនោះទេ ពោលគឺក្រោយព្រួសស្រូវរួច កសិករជាច្រើន​នាំគ្នាចំណាក​ស្រុកទៅធ្វើការនៅប្រទេសថៃ ។

ក្នុងនោះ ចំពោះតម្លៃស្រូវបច្ចុប្បន្ននេះ ស្រូវចម្រុះមានតម្លៃប្រមាណ៩៧០រៀល និង ស្រូវក្រអូប​ជាង១៣០០រៀល។

លោកថា ការចាប់ផ្តើមរបររោងម៉ាស៊ីនកិនស្រូវនេះ គឺផ្តើមចេញពីឱពុកម្តាយរបស់លោក ក្នុងឆ្នាំ​ទសវត្សរ៍​៦០ ហើយរបរនេះត្រូវអាក់ខានក្នុងរបបពលពត។ ក្រោយដួលរលំរបបពលពត ទីតាំង​រោងម៉ាស៊ីន​កិនស្រូវត្រូវកាន់កាប់ដោយអ្នកដទៃ ប៉ុន្តែក្រុមគ្រួសារ​របស់​លោក​បាន​ប្រមូល​ធនធាន​ទិញ​យករោងម៉ាស៊ីននេះត្រឡប់មកគ្រប់គ្រងវិញ ក្រោយកាន់កាប់អស់រយៈពេលប៉ុន្មានឆ្នាំ។

ម្ចាស់រោងម៉ាស៊ីនស្រូវខាងលើបន្ថែមថា បច្ចុប្បន្ន រោងម៉ាស៊ីន​អាចកិន​ស្រូវស​ម្រាប់​តែផ្គត់​ផ្គង់​ក្នុង​ខេត្តឧត្តរ​មានជ័យ និង តំបន់ជិតៗមួយចំនួនទៀតប៉ុណ្ណោះ។ រោងម៉ាស៊ីនរបស់លោក អេង សួរ មានលទ្ធ​ភាពកិនបានជាង១០តោនក្នុងមួយថ្ងៃ ។

គួរបញ្ជាក់​ថាទាក់ទងនឹងបញ្ហាខាងលើ ក្រុមលេខាធិការដ្ឋាន និង អ្នកសម្របសម្រួលប្រចាំតំបន់៤ នៃលេ​ខា​ធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជាកំពុងស្រាវជ្រាវរកបញ្ហាប្រឈមមូលដ្ឋាន ដើម្បី​ត្រៀម​ប្រជុំ​ជាមួយរដ្ឋបាលថ្នាក់ខេត្ត៕