ប៉ៃលិន៖ លោក តាំង សុយស៊ឺ ជាម្ចាស់អាជីវកម្មចិញ្ចឹមឃ្មុំលក្ខណៈគ្រួសារមួយនៅខេត្តប៉ៃលិន បានចាប់ផ្តើម របរនេះ ដំបូងពីឃ្មុំតែ២ ធុងប៉ុណ្ណោះ ដែលលោកទិញពីប្រទេសជិតខាង ក្នុងតម្លៃ៥០០ដុល្លារអាមេរិក។
ម្ចាស់អាជីវកម្មបែបកសិកម្មរូបនេះ បានបង្ហើបថា ចង់ចិញ្ចឹមឃ្មុំជោគជ័យទាល់ តែអ្នកចិញ្ចឹម មានបច្ចេក ទេសច្បាស់ លាស់ ខណៈលោកផ្ទាល់រៀនបច្ចេកទេសចិញ្ចឹមសត្វប្រភេទនេះពីបណ្តាញសង្គមយូធូប ឬភាសាអង់គ្លេស YouTube និងរៀនបទពិសោធន៍ខ្លះៗ ពីអ្នកមានបទពិសោធន៍ផ្សេងទៀត។
លោក តាំង សុយស៊ឺ ជាអ្នកខេត្តបាត់ដំបង បានបញ្ចប់ការសិក្សា ផ្នែកសេដ្ឋកិច្ចនៅឆ្នាំ ២០០៤ និងចំណាយពេលធ្វើការងារអស់រយៈពេលជាង៥ឆ្នាំ តែក្រោយមកលោកបានសម្រេចចិត្តបោះបង់ការងារ ហើយហក់មកចាប់អាជីវកម្មផ្ទាល់ខ្លួន បន្ទាប់ពីមើលឃើញថាតម្រូវការទីផ្សារ និងតម្លៃទឹកឃ្មុំនៅស្រុកខ្មែរខ្ពស់ខ្លាំង។
ម្យ៉ាងវិញទៀត លោកចង់បង្កើតរបរដែលប្លែកខុសពីគេ ទើបចាប់យកការចិញ្ចឹមឃ្មុំនេះ ដោយចំណាយពេលជាង៣ឆ្នាំសម្រាប់សាកល្បង បង្កើត និងពង្រីកដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។
ទាក់ទងនឹងការពង្រីកទំហំអាជីវកម្ម លោកបន្ថែមថា លោកមិនបានចាយទុនបន្ថែមឡើយក្នុងការពង្រីកការផលិតពូជ និងប្រមូលផលទឹកឃ្មុំអោយកើនឡើងខ្ពស់លឿនយ៉ាងនេះ។
លោកបានបង្ហើបប្រាប់ពាណិជ្ជកម្មកម្ពុជាថា លោកយកចំណូលពីទឹកឃ្មុំ មកចំណាយលើការទិញសម្ភារៈផ្សេងៗរហូត រីកសាយពីឃ្មុំ២ធុង កើនដល់រាប់រយធុងឯនោះ។ ជាក់ស្តែងពេញមួយរដូវនៃឆ្នាំមុនពូជឃ្មុំរបស់លោកជាង១០០ធុងហើយ ដែលអាជីវករនៅប៉ៃលិនរូបនេះបានចែកចាយតាមបណ្តាខេត្តនានានៅទូទាំងប្រទេសកម្ពុជា។
រីឯការប្រមូលផលទឹកឃ្មុំវិញលោកថា អាស្រ័យលើទីតាំងដែលអ្នកចិញ្ចឹមបង្កលក្ខខណ្ឌអោយឃ្មុំអាចផលិតទឹកបានច្រើន ពោលគឺរកទីតាំងណាសម្បូរទៅដោយផ្ការុក្ខជាតិច្រើន។ ដូចគ្នាផងដែរ ប៉ៃលិនជាទឹកដីសម្បូរចម្ការមៀន និងផ្លែឈើហូបផ្លែផ្សេងៗជាច្រើនទៀតជាកត្តាពិសេសមួយធ្វើអោយលោកអាចប្រមូលផលពីទឹកឃ្មុំក្នុងរដូវកាលមុនបានជាង៣តោនឯណោះ ដោយក្នុងមួយគីឡូក្រាមតម្លៃមិនក្រោម៩ដុល្លារឡើយសម្រាប់អ្នកលើកយកលក់បន្តនៅបណ្តាខេត្តនានា។
ម្ចាស់អាជីវកម្មអាយុលើស៣០ឆ្នាំបន្តិចរូបនេះ បានមានប្រសាសន៍ទាំងទឹកមុខញញឹមថា “នៅស្រុកខ្មែរឱកាសក្នុងវិស័យកសិកម្មមានច្រើនមែនទែនសម្រាប់យើងទាំងអស់គ្នា មានច្រើនសម្រាប់អ្នកដាក់ចិត្តដាក់កាយធ្វើ ហើយធ្វើអ្វីដែលគេមិនទាន់ធ្វើបានជោគជ័យរួចមកហើយ”។
គួរជម្រាបជូនថា ទីតាំងចិញ្ចឹមឃ្មុំរបស់លោកតាំង សុយស៊ឺ ស្ថិតនៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលលោកអ្នកអាចទាក់ទងទិញពូជឃ្មុំ និងរៀនពីវិធីសាស្រ្តចិញ្ចឹមឃ្មុំបានដោយ។ ទាក់ទងតាមរយៈទូរស័ព្ទលេខ ០៩៦៩ ៣៣៣៣ ២៣៕
ប្រភព៖ Business-Cambodia