កសិករនៅស្រុកបាណន់នាំគ្នាសម្រុកដាំត្រសក់ទ្រើងព្រោះ​ឆាប់​ទទួលផល​

0
1285

បាត់ដំបង៖ ខណៈរដូវច្រូតកាត់បានឈានមកដល់ ហើយតម្រូវការកាន់តែច្រើននោះ ប្រជាកសិកររស់នៅ តំបន់ភ្នំខ្ពស់ ស្ថិតក្នុងភូមិតាងែន ឃុំច័ន្ទតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ក្បែរនឹងបឹងទំនប់កំពីងពួយ មួយចំនួន បាននាំគ្នាសម្រុកដាំដំណាំត្រសក់ទ្រើង ក្នុងលក្ខណៈទំហំដីជាច្រើនរ៉ៃ ។

ស្ត្រីជាកសិករម្នាក់ឈ្មោះ ភួង សាន រស់នៅភូមិតាងែន ឃុំច័ន្ទតាគ្រាម បានឲ្យដឹងថា នៅតំបន់ នេះដាំតែត្រសក់ ដោយមានអ្នកដាំលើផ្ទៃដីសរុបប្រមាណជាង ១០ហិកតា ហើយការដាំនេះ គឺដាំវិលជុំ ជាបន្តគ្នារហូត អ្នកមកដាំភាគច្រើនជាអ្នកមកពីចម្ងាយ ចំពោះអ្នកតំបន់ភ្នំខ្ពស់ច្រើនតែដើរស៊ីឈ្នួលគេ ។

កសិកររូបនេះបានបន្តថា មូលហេតុដែលនាំគ្នាដាំដំណាំនេះ គឺមកពីវាមានអាយុខ្លីរហ័សបានផល និងឆាប់បានដឹងខាត ឬចំណេញ ហើយសម្រាប់ទីផ្សារវិញ មានការឡើងចុះជាការធម្មតា និងនៅពេល ប្រមូលផល ត្រូវបានឈ្មួញចុះមកទិញយកអស់ៗ តាមតម្លៃឡើងចុះហ្នឹង ។

ចំការត្រសក់ទ្រើងកសិករនៅស្រុកបាណន់នាំគ្នាសម្រុកដាំ។

អ្នកស្រី ភួង សាន បានបញ្ជាក់ថា ចំពោះផ្ទៃដែលគាត់កំពុងដាំនេះចំនួន ៤រ៉ៃ បើប្រមូលក្នុងមួយថ្ងៃ បានចំនួន២តោន ហើយលក់ក្នុងតម្លៃ ៥០០ ទៅ៦០០រៀល មិនខាតមិនចំណេញទេ គឺអាចរួចថ្លៃកម្មករ និងថ្លៃថ្នាំបាញ់សត្វល្អិតជាដើម ។

ដោយឡែកកសិករម្នាក់ទៀតឈ្មោះ មឿន ដែលជាអ្នកជួលដីគេដាំដំណាំត្រសក់នេះ បានឲ្យដឹង ថា ពេលវាឲ្យផលអាចបេះបានរាល់ថ្ងៃ ក្នុងរយៈពេលជាង១ខែ សម្រាប់បច្ចុប្បន្នលោកកំពុងប្រមូលផល ចុងដៃ ដោយលក់ក្នុងតម្លៃគ្រាន់បើពី ១២០០ ទៅ១៣០០រៀល ។ គាត់បានបន្ថែមថា ការដាំត្រសក់នេះ ជួយឲ្យគាត់អាចដោះស្រាយជីវភាពប្រចាំថ្ងៃបានគ្រាន់បើ ហើយក្រោយ​ពេលប្រមូលផលអស់ លោកនឹង ដើរជួលដីគេដាំបន្តទៀត ។

លោកបន្តថា ចំពោះបញ្ហាប្រឈមនៅពេលដាំដុះ គឺដំណាំត្រូវបានទឹកលិចអស់ខ្លះ ហើយពេលខ្លះ ក៏ខ្វះខាតទឹកស្រោចស្រប មានសត្វល្អិត និងដង្កូវរំខាន ហើយយើងអាចការពារបានទាន់ពេល ។

សូមបញ្ជាក់ថា សម្រាប់នៅក្បែរទំនប់បឹងកំពីងពួយ ប្រជាពលរដ្ឋមកពីតាមភូមិ ឃុំ និងស្រុកនានា ក្នុងខេត្តបាត់ដំបង បាននាំគ្នាមកជួល ឬទិញដីនៅតំបន់នេះ ដាំដំណាំផ្សេងៗដែលមានរយៈពេលខ្លី ដូចជា ត្រសក់ ស្ពៃស ស្ពៃតឿ ស្ពៃជើងទា និងម្ទេសជាដើម ជាលក្ខណៈវិញជុំ ហើយក្រោយពេលប្រមូលផលបាន ពួកគាត់ខ្លះយកទៅលក់ផ្ទាល់នៅផ្សារឯទីរួមខេត្តបាត់ដំបង និងខ្លះទៀតបានលក់ឲ្យឈ្មួញកណ្ដាល ដែល ការដាំជាបន្តបន្ទាប់របស់ពួកគាត់ អាចជួយដោះស្រាយជីវភាពបានគ្រាន់បើផងដែរ ៕