កសិករឃុំព្រៃកន្លោងប្រើតែទឹកអណ្ដូងស្នប់អាចធ្វើស្រូវ១ហិកតាបានជាង១០តោន

0
1203

ព្រៃវែង៖ ជារឿងដ៏គួរឲ្យកោតសរសើដែលកសិករឃុំព្រៃកន្លោង ស្រុកពោរៀង ខេត្តព្រៃវែង អាចធ្វើសូវ​ប្រាំង​បាន​យ៉ាង​ច្រើនសន្ធឹក ដោយគ្រាន់តែប្រើប្រាស់ទឹកទាញមកពីអណ្ដូងស្នប់។ កសិករបាន​ថ្លែង​ឲ្យដឹងថា​ក្នុងមួយឆ្នាំ ប្រសិន​បើមានដី១ហិកតា ពួកគាត់អាច​ធ្វើស្រែប្រមូល​ផល​បាន​មិន​តិច​ជាង​១០​តោន​នោះទេ។

ហេតុអ្វីបានជាប្រើប្រាស់ទឹកអណ្ដូងស្នប់? កសិករបានអះអាងថាដោយសារ​តែប្រភព​ទឹកបឹង​នៅឆ្ងាយ​ពីដីស្រែពេក ក៏បែកគំនិតនាំគ្នាជីកអណ្ដូងស្នប់ប្រើប្រាស់តែម្ដងទៅ។ ជាលទ្ធផលទឹក​អណ្ដូង​ស្នប់​ចេញ​ច្រើន ប៉ុន្តែកសិករក៏ត្រូវចំណាយថ្លៃប្រេងច្រើនជាងប៊ូមទឹកពីប្រភពដូចជាបឹង និង​ព្រែក​ដែរ។

ក្នុងមួយឆ្នាំ ពួកគាត់អាចធ្វើស្រូវនៅលើដីស្រែតែមួយបានពី៣ទៅ៤ដង អាស្រ័យលើ​ស្រែនៅក្បែរ​បឹងអាច​ធ្វើបានតែ៣ដង ព្រោះទឹករដូវវស្សាឡើងលិច ប៉ុន្តែបើស្រែនៅឆ្ងាយហើយដីខ្ពស់ គឺអាចធ្វើ​បាន​៣ដង ដោយធ្វើម្ដងៗចំណាយពេលជាង២ខែទៅ៣ខែប៉ុណ្ណោះ។ នៅពេល​ដែលដីភាគ​ច្រើនសុទ្ធ​តែធ្វើស្រូវ កណ្ដុរក៏មិនសូវមានដែរ លើកលែងតែ​ខែទឹកឡើង​ដែលវារត់​ចេញ​ពីព្រៃ​លិច​ទឹក។

កសិករបានថ្លែងទៀតថា ការធ្វើស្រែប្រាំងរបស់ពួកគាត់ គឺមិនស្ទូងដូចមុនឡើយ។ គាត់ប្រើវិ​ឮធីព្រោះ​គ្រាប់យកតែម្ដង ដោយព្រោះក្រាស់ៗទៀតផង។ ករណីនេះ ហាក់ផ្ទុយ​ពីគោល​ការណ៍​ធ្វើស្រែ​តាមប្រពលវប្បកម្មដែលគេស្ទូងស្រូវតែមួយដើម ប៉ុន្តែកសិករអះអាងថាការធ្វើព្រោះគ្រាប់ បើមិនព្រោះ​ឲ្យក្រាស់ទេ គឺមិនឈ្នះស្មៅឡើយ ហើយថាព្រោះក្រាស់ គឺបានផលក្រាស់។

ក្នុងដីមួយហិកតា កសិករអាចធ្វើស្រូវបានមិនតិចជាង៥តោនឡើយ។ នេះបើតាមការអះ​អាង​របស់​កសិករ។​ កសិករថាប្រសិនបើធ្វើបាន៣ដង គឺអាចបានចន្លោះពី១៣ ទៅ១៥តោន ឬលើសនេះ​ក៏មាន។ ហើយបើធ្វើបាន៤ដងវិញ គឺផលនឹងកើនទៅតាមនេះ។ ប៉ុន្តែកសិករក៏ត្រូវប្រើទឹកច្រើន ជីច្រើន បូកទាំងជីលាមកគោដែរ។

នៅឆ្នាំនេះ បើតាមកសិករឃុំព្រៃកន្លោង ស្រូវមួយគីឡូក្នុងអំឡុងខែមករានេះ អាចលក់​បាន​៩៥០រៀល។ នេះសម្រាប់ប្រភេទស្រូវអ៊ីអ៊ែរ។ កសិករ​ថ្លែងថា​តម្លៃមិន​ក្រោម​៩០០រៀល ក្នុងមួយគីឡូ គឺជាតម្លៃដែលផ្ដល់ក្ដីសង្ឃឹមសម្រាប់ពួកគាត់ ប៉ុន្តែបើក្រោមនេះ គឺគ្រាន់តែ​បាន​ត្រឹម​ទូទាត់​លើការ​ចំណាយប៉ុណ្ណោះ៕