​ក្រសួង​ការងារ​បង្ហាញ​ពី​វិធីសាស្ត្រ​ដោះស្រាយ​ចំពោះបញ្ហា​ក្នុង​វិស័យ​កាត់ដេរ

0
701

​ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បង្ហាញ​ពី​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​វិស័យ​កាត់ដេរ ដើម្បី​ធ្វើ​ឲ្យ​វិស័យ​នេះ​បន្ត​និរន្តរភាព ប្រសិនបើ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា ។

លោក​ហេង សួរ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើក​ឡើង​ថា ប្រសិនបើ​មានការ​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ របស់​សហភាព​អឺរ៉ុប​សម្រាប់​ទំនិញ​ពី​កម្ពុជា​មែន​នោះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​រឹង​មាំ តាម​រយៈ​ការ​ពង្រឹង​ស្ថាប័ន​សាធារណៈ ពង្រឹង​ផលិតភាព និង​ធនធានមនុស្ស ព្រមទាំង​កាត់​បន្ថយ​រនាំង​រដ្ឋបាល​មិន​ចាំបាច់​មួយ​ចំនួន ដើម្បី​ធានា​បាន​នូវ​ការ​ប្រកួតប្រជែង​មួយ​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់ និង​យូរអង្វែង​ទៅ​លើ​វិស័យ​កាត់ដេរ​នេះ។

លោក​បាន​បន្ត​ថា ម្យ៉ាងទៀត​ការ​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ក៏​មិន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​ជួប​បញ្ហា​នោះ​ដែរ ពីព្រោះ​ដោយ​ស្វ័យប្រវត្តិ​កម្ពុជា​នឹង​បាត់បង់​ភាព​អនុគ្រោះ​ពន្ធ​នេះ​នៅ​អំឡុង​ឆ្នាំ​២០២១ ឬ​២០២៣ ដោយសារ​កម្ពុជា​នឹង​ក្លាយទៅជា​ប្រទេស​ដែល​មាន​ចំណូល មធ្យម​កម្រិត​ទាប​ហើយ។

ការ​អះអាង​របស់​លោក​ហេង សួរ បាន​ធ្វើ​ឡើង បន្ទាប់​ពី​គណៈកម្មការ​សហភាព​អឺរ៉ុប​កំពុង​នឹង​បន្ត​នីតិវិធី​របស់​ខ្លួន​លើ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​របស់​កម្ពុជា។

លោក​អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​បាន​ថ្លែង​ថា វិធីសាស្ត្រ​របស់​ក្រសួង​ការងារ​នេះ​នឹង​ជួយ​សម្រួល​ដល់​ការ​នាំ​ចេញ​ផលិតផល​វិស័យ​កាត់ដេរ​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​បាន​ពី​២០ ទៅ​៣០​ភាគរយ ខណៈ​បច្ចុប្បន្ន​កម្ពុជា​បាន​នាំ​ចេញ ប្រមាណ​៤៥​ភាគរយ។

គួរ​រំលឹក​ថា កាលពី​ឆ្នាំ​២០១៧ កន្លង​ទៅ​កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​វិស័យ​កាត់ដេរ​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប​ដែល​មាន​តម្លៃ​ជិត​៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ព្រមទាំង​បាន​ជួយ​ផ្តល់​ការងារ​ដល់​កម្មករ​ជាង​៤០​ម៉ឺន​នាក់៕