កម្ពុជា​រំពឹងថា​នឹងមាន​កំណើន​ភ្ញៀវ​បន្ថែម​ពី​អាមេរិក

0
597

កម្ពុជា​រំពឹងទុក​ថា​ទទួលបាន​កំណើន​ទេសចរ និង​វិនិយោគិន​កាន់តែច្រើន​ថែមទៀត​ពី​សហរដ្ឋអាមេរិក បន្ទាប់ពី​ប្រតិភូ​ក្រសួងទេសចរណ៍​ដឹកនាំ​ដោយ​លោក សូ វិ​សុ​ទ្ធី អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ តំណាង​លោក​រដ្ឋមន្ត្រី ថោង ខុន បាន​ចូលរួម​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍ និង​វប្បធម៌​កម្ពុជា​នៅក្នុង​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ Travel & Adventure Show 2019 លើក​ទី៩ ចាប់ពី​ថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០១៩ នៅ​ទីក្រុង​ដា​ឡាស រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក។

ពិព័រណ៍ Travel & Adventure Show ជា​ពិព័រណ៍​ទេសចរណ៍​ដ៏​ធំជាងគេ​នៅ​ទ្វីបអាមេរិក​ខាងជើង ដែល​ប្រារព្វ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ នៅ​ទីក្រុង​សំខាន់​ចំនួន៩ផ្សេងគ្នា ដោយឡែក​ឆ្នាំនេះ​នៅ​ទីក្រុង​ដា​ឡាស រដ្ឋ​តិច​សាស់ មានការ​ចូលរួម​តាំងពិព័រណ៍​ជាង ៥០០ក្រុមហ៊ុន មកពី​ប្រមាណ ៧០ប្រទេស ក្នុងនោះ​ពន្លា​ក្រសួងទេសចរណ៍​បានរៀបចំ​តុបតែង​យ៉ាង​ល្អ​វិចិត្រ និង​មាន​ភាព​ទាក់ទាញ បង្ហាញ​អំពី​សម្បត្តិ​បេតិកភណ្ឌ វប្បធម៌ ធម្មជាតិ និង​គោលដៅ​ទេសចរណ៍​កម្ពុជា៖ «ព្រះរាជាណាចក្រ​អច្ឆរិយៈ ផ្តល់​ភាពកក់ក្តៅ» ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​អំពី​ភ្ញៀវ​ចូលមក​ទស្សនា និង​សាកសួ​ព័ត៌មាន​យ៉ាងច្រើន​ផុលផុស ឈានដល់​ការជ្រើសរើស​ដំណើរ​ទស្សនកិច្ច​មក​ក​ម្ពុ​ជា​ក្នុង​រដូវ​វិស្សមកាល ជាមួយគ្នានេះដែរ​សមាគម​ន៍​ខ្មែរ​នៅ​ទៅនោះ​ក៏បាន​ចូលរួម​សម្តែង​សិល្បៈ​បង្ហាញ​អំពី​សម្បត្តិ​វប្បធម៌​ដ៏​ល្អ​ផូ​ផង់​ដល់​ភ្ញៀវទេសចរ​ផងដែរ។

នៅក្នុង​ឱកាស​នោះ លោក សូ វិ​សុ​ទ្ធី បាន​ចូលរួម​ជា​វាគ្មិន​ធ្វើ​បទ​បង្ហាញ​នៅក្នុង​វេទិការ​គោលដៅ​ទេសចរណ៍​អន្តរជាតិ និង​បានរៀបចំ​វេទិការ​ជាមួយ​សហគម​ពាណិជ្ជកម្ម និង​ទេសចរណ៍​អាមេរិក ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​ពី​សក្តានុពល​វិស័យ​ទេសចរណ៍​កម្ពុជា និង​ឱកាស​វិ​និ​យោ​នៅ​កម្ពុជា​ផងដែរ។ ព្រមជាមួយ​នោះ ក៏បាន​ទទួល​ការស្នើរ​សុំ​ធ្វើដំណើ​ទស្សនកិច្ច​សិក្សា​របស់​ក្រុម​សាស្ត្រាចារ្យ​អាមេរិក អំពី​គណកម្មការ​កិច្ចការបរទេស​របស់​ទីក្រុង​ដា​ឡាស។

ប្រតិភូ​ក្រសួងទេសចរណ៍ ក៏បាន​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅក្នុង​រដ្ឋ​តិច​សាស់ និង​រដ្ឋ​ជិតខាង ក្នុងឱកាស​នៃ​កា​រៀបចំ​កម្មវិធី​អបអរ​បុណ្យចូលឆ្នាំ​ប្រពៃណី​យ​ជាតិ ដែល​បាន​ខិតជិត​មកដល់ និង​បាន​ពាំនាំ​នូវ​ការ​នឹករលឹក និង​ចែករំលែក​អំពី​បច្ចុប្បន្នភាព និង​វិបុលភាព​កម្ពុជា ក្រោយ​កា​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ក្នុង​បរិយាកាស​សប្បាយរីករាយ សាមគ្គី និង​ស្និទ្ធស្នាល​ក្រៃលែង។

គួរ​គាត់​សម្គាល់ថា នៅ​ឆ្នាំ២០១៨ កម្ពុជា​ទទួលបាន​ទេស​ចរ​អាមេរិក​ចំនួន​ជាង ២៥ម៉ឺន​នាក់ ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​លេខ៦ នៃ​ទីផ្សារធំៗទាំង១០របស់​កម្ពុជា ដែល​បាន​ចូលរួម​ដល់​កំណើន​ទេសចរ​អន្តរជាតិ​ចំនួន ៦.២លាន​នាក់ ក្នុង​ឆ្នាំ២០១៨ ៕