សត្វផ្សោតទន្លេមេគង្គកើនឡើង តែនៅរងការគំរាមកំហែងពីការនេសាទខុសច្បាប់

0
787
សត្វផ្សោត ដែលត្រូវបានប្រទះឃើញស្លាប់ នៅអន្លង់កាំពី ក្នុងខេត្តក្រចេះ នាពេលកន្លងមក ដោយសារតែ​ការ​ជាប់មង។ រូបថត៖ អង្គការ WWF-កម្ពុជា

អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ WWF-កម្ពុជា ប្រកាសថា ផ្សោតមេគង្គ ដែលជាសត្វកំពុងជិតផុតពូជ បានកើនចំនួនជាថ្មីម្តងទៀត ខណៈសត្វប្រភេទនេះនៅតែរងការគំរាមកំហែងដោយសារការនេសាទខុសច្បាប់។ ការប្រកាសនេះធ្វើឡើងនៅក្នុងថ្ងៃប្រារព្ធទិវាសត្វផ្សោតទន្លេមេគង្គ ដែលរៀបចំឡើងនៅខេត្តក្រចេះ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨។

សេចក្ដីប្រកាសព័ត៌មានរបស់អង្គការ WWF-កម្ពុជា ឱ្យដឹងថា ចាប់តាំងពីខែមករា រហូតដល់ខែតុលានេះ ចំនួនសត្វផ្សោតកើតថ្មីចំនួន៩ក្បាល តែស្លាប់ទៅវិញ៥ក្បាល។ ការកើនឡើងនេះ គឺបន្ថែមពីលើចំនួនសត្វផ្សោតដែលរកឃើញកាលពីឆ្នាំ២០១៧ ដែលមានសរុប ៩២ក្បាល។

របាយការណ៍ស្រាវជ្រាវរបស់អង្គការ WWF-កម្ពុជា បង្ហាញថា តាំងពីឆ្នាំ១៩៩៧ ចំនួនសត្វផ្សោតនៅកម្ពុជាមានប្រមាណ ២០០ក្បាល និងបន្តបាត់បង់ មកសល់ត្រឹម ៨០ក្បាល គិតត្រឹមឆ្នាំ២០១៥។

បើទោះបីជាចំនួនសត្វផ្សោតមានការកើនឡើង ក្នុងរយៈពេលពីរឆ្នាំជាប់គ្នាយ៉ាងណាក៏ដោយចុះ តែអង្គការ WWF-កម្ពុជា អះអាងថា សត្វផ្សោតទាំងនេះនៅតែរងគ្រោះដោយសារការនេសាទខុសច្បាប់ ជាពិសេសការដាក់មង ក្នុងតំបន់ការពារសត្វផ្សោត។

ក្រៅពីនេះ អង្គការក៏បារម្ភខ្លាំងចំពោះ គម្រោងវារីអគ្គិសនីថ្មីៗនៅតាមបណ្ដោយទន្លេមេគង្គ ដែលប៉ះពាល់ដល់ការរស់រានមានជីវិតរបស់សត្វផ្សោតទន្លេមេគង្គ និងជីវភាពរបស់សហគមន៍មូលដ្ឋាន នាពេលអនាគត។

នាយកអង្គការ WWF-កម្ពុជា លោក សេង ទៀក អះអាងថា អង្គការលោកនឹងបន្តដោះស្រាយការគំរាមកំហែងផ្សេងៗ ចំពោះសត្វផ្សោត ដែលលោកចាត់ទុកថាជា រតនសម្បត្តិមានជីវិតរបស់កម្ពុជា។

អង្គការ WWF ក៏បានអះអាងថា ធ្លាប់បានធ្វើការងារច្រើនដើម្បីអភិរក្សធនធានផ្សោតមេគង្គនេះតាមរយៈ ការពង្រឹងច្បាប់ឱ្យបានតឹងរ៉ឹង កាត់បន្ថយ និងការលុបបំបាត់ចោលរាល់ការនេសាទខុសច្បាប់ ក្នុងតំបន់ការពារផ្សោត កម្មវិធីលើកម្ពស់ការយល់ដឹង កម្មវិធីស្រាវជ្រាវ និងត្រួតពិនិត្យ និងផ្ដល់កម្មវិធីជម្រើសជីវភាពដល់សហគមន៍មូលដ្ឋានផងដែរ៕