ចុងឆ្នាំ​២០១៨នេះដំឡូង​មី​នៅខេត្ដ​មួយ​ចំនួន​ឡើងថ្លៃដល់ជិត៤០០គីឡូក្រាម​ក្នុង​១គីឡូ

0
832

ស្ទឹងត្រែង៖ វិស័យ​ដំឡូង​មី​កម្ពុជា កាន់តែ​រីកចម្រើន បន្ទាប់ពី​មាន​ដៃគូ​វិនិយោគ និង​ភាគី​ពាក់ព័ន្ធ បាន​ចូលមក​អភិវឌ្ឍន៍​ជា​បន្ដបន្ទាប់  ខណៈនា​ចុងឆ្នាំ២០១៨នេះ បើតាម​ការអះអាង​ពី​កសិករ​នៅ​ខេត្តស្ទឹងត្រែង បាន​លើកឡើងថា តម្លៃ​ដំឡូង​មី​លើ​ទីផ្សារ​បាន​ហក់​ឡើងវិញ បន្ទាប់ពី​រោងចក្រ​កែច្នៃ​ដំឡូង​មី​នៅ​ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​​បានចាប់ផ្ដើម​ដំណើរការ ។

លោក សា វ៉ា​ត់​ឌី ជា​កសិករ​មក​ឃុំ​កោះ​សំពាយ ស្រុក​សៀម​បូក បានលើកឡើង​កាលពី​ថ្ងៃទី១១ តុលា កន្លងមក​ថា ឆ្នាំនេះ​តម្លៃ​ទីផ្សារ​ដំឡូង​មី​ចាប់ផ្ដើម​ហក់​ឡើង​ខ្ពស់ ធ្វើឱ្យ​កសិករ​មានសង្ឃឹម​គ្រប់​គ្នា ពិសេស​អ្នក​ដែលមាន​ចម្ការ​ដំឡូង​មី​ច្រើន​ហិកតា ។

លោក​បន្ដថា ៖« នៅ​ដើមរដូវ​ប្រមូល​ផល​ឆ្នាំនេះ ដំឡូង​ស្រស់ ក្នុង១គីឡូក្រាម​ចាប់ពី៣៦០ទៅ៤០០រៀល​ទៅ​តាម​ដំឡូង​ស្អាត ឬ​ជាប់​ដី​តិច​ឬ​ច្រើន បើ​ធៀប​នឹងឆ្នាំមុនៗបានត្រឹមតែ១៥០ទៅ២០០រៀល​ប៉ុណ្ណោះ »។

ស្រដៀង​គ្នា​នេះដែរ លោក ផៃ ម៉េ​ត កសិករ​ម្នា​ក់នៅ​ភូមិ​រាជា​នុ​គោល ក្រុង​ស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ទីផ្សារ​ដំឡូង​មី​ឆ្នាំនេះ​ពិតជា​ឡើងថ្លៃ បន្ទាប់ពី​មាន​រោងចក្រ​កែច្នៃ​ដំឡូង​មី​នៅ​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​បានចាប់ផ្ដើម​ដំណើរការ​សង្វាក់​ផលិតកម្ម​របស់ខ្លួន ។

លោក​បន្ដថា ៖« ប្រសិនបើ​តម្លៃ​ទីផ្សារ​ដំឡូង​មី​មាន​ស្ថិរភាព ពួកយើង​នឹង​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​ឡើងវិញ ដោយសារតែ​បទ​ពិសោធន៍​ឆ្នាំកន្លងមក គឺ​ធ្វើ​ឲ្យ​ពួកយើង​នៅ​ស្ទាក់ស្ទើរ ។ ទោះយ៉ាងណា បច្ចុប្បន្ននេះ រោងចក្រ​កែច្នៃ​នៅ​ស្រុក​ចិត្រ​​បុរី បាន​ប្រមូល​ទិញ​ក្នុងតម្លៃ​ជិត៤០០ រៀល​ក្នុង ១គីឡូក្រាម »។

ប្រធាន​មណ្ឌល​សភាពាណិជ្ជកម្ម ក្រចេះ ស្ទឹងត្រែង រតនៈគិរី លោក កែវ សុទ្ធា​រិ​ទ្ធ បាន​លើកឡើងថា លោក​ចូលរួម​ត្រេកអរ​ដល់​បងប្អូន​កសិក​រ​ដែល​ផលិត​ដំឡូង ខណៈ​តម្លៃ​លើ​ទីផ្សារ កំពុង​ប្រសើរឡើង ។

លោក​បន្ដថា ៖« រាល់​កិច្ចការងារ​ទីផ្សារ យើង​តែងតែបាន​ទាក់ទង​ជាមួយនឹង​អ្នកវិនិយោគផ្សេងៗនៅ​ប្រទេសជិតខាង ដើម្បី​ជួយ​ទិញ​កសិផល​របស់​កសិក​រ​ខ្មែរ »។

យ៉ាងនេះ​ក្ដី លោក​ថា ដើម្បី​ទទួលបាន​តម្លៃ​ខ្ពស់​បន្ថែមទៀត​នោះ គ្រប់​ផលិតផល​របស់​កសិក​រ​ដែល​ផលិត​បាន មិនថាតែ​ដំឡូង​មី​ទេ គឺ​ត្រូវ​គិតពី​គុណ​ភាពជា​ចាំបាច់ ។

លោក​មានប្រសាសន៍ថា ៖« កសិករ​ត្រូវ​សិក្សា​អំពី​បច្ចេកទេស​កសិកម្ម និង​ពិនិត្យមើល​ផ្ទៃដី ហើយ​ចេះ​ផ្លាស់ប្តូរ​ពូជ​ដំណាំ​ដាំ​ដុះ និង​ប្រើប្រាស់​ជីធម្មជាតិ​ឱ្យបាន​ច្រើន ចៀសវាង​ជីគីមី​នាំឱ្យ​ខូចគុណភាព​ដី​និង​ផលិតផល ហើយ​ចំណាយ​ប្រាក់​ច្រើន​ទៀត »៕

គួររំឭកថា កាលពី​ថ្ងៃទី២៣ សីហា កន្លងមក អង្គការ​UNDP ប្រចាំ​កម្ពុជា និង​ក្រុមហ៊ុន​Green Leader ដែលជា​ក្រុមហ៊ុន​បាននិងកំពុង​វិនិយោគ​រោងចក្រ​កែច្នៃ​ដំឡូង​មី​នៅ​ខេត្តក្រចេះ បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ក្នុង​ការជំរុញ​លើកកម្ពស់​វិស័យ​ដំឡូង​មី​កម្ពុជា ប្រកបដោយ​បរិ​យា​ប័ន្ន និង​មាន​និរន្តរភាព ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ដំឡូង​មី​របស់​កម្ពុជា ។

តាមរយៈ​កិច្ចព្រមព្រៀង​មូលនិធិ​រួមគ្នា​នេះ គឺជា​ការចាប់ផ្តើម​ជា​ផ្លូវការ​នៃ​ការបង្កើត និង​អនុវត្ត​គម្រោង​ជំរុញ​ការអភិវឌ្ឍ​ទីផ្សារ​ដំឡូង​មី ប្រកបដោយ​បរិ​យ​ប័ន្ន ក្នុង​គោលបំណង​បង្កើន​ការនាំចេញ​ផលិតផល​ដំឡូង​មី​ស្រស់ ទៅកាន់​ទីផ្សារ​សកល ខណៈដែល​គុណភាព និង​តម្លៃបន្ថែម ត្រូវបាន​បង្កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា ។ លើសពីនេះ​ទៀត គម្រោង​នេះ​ក៏មាន​គោលដៅ​ធានា​និរន្តរភាព​ទីផ្សារ​ដ៏​មាន​ស្ថិរភាព​មួយ​សម្រាប់​កសិករ​កម្ពុ​ជា​ផងដែរ ។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បានបញ្ជាក់​កន្លងមក​ថា និន្នាការ​និង​ការរំពឹងទុក​បានបង្ហាញ​ថា តម្រូវការ​ដំឡូង​មី​សម្រាប់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក នឹងមាន​កំណើន​កាន់តែ​ខ្ពស់ ដែល​នេះ​គឺជា​កាលានុវត្តភាព​ថ្មី​សម្រាប់​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​សង្វាក់​តម្លៃ​ដំឡូង​មី តាមរយៈ​ការពង្រឹង និង​ពង្រីក​ផលិតកម្ម ការកែច្នៃ​ចំណិត​ដំឡូង​មី និង​សមត្ថភាព​នាំចេញ សំដៅ​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​នាពេល​អនាគត ។

លោក​រដ្ឋមន្ត្រី បន្តថា ដើម្បី​ចាប់យក​នូវ​កាលានុវត្តភាព​នេះ កម្ពុជា​ចាំបាច់​ត្រូវ​វិនិយោគ​បន្ថែម និង​ការឯកភាព​ជា​ធ្លុង​មួយ​រវាង​រាជរដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​ហានិភ័យ​នានា ដូចជា ភាពទន់ខ្សោយ​ខ្សែសង្វាក់​តម្លៃ កង្វះ​ព័ត៌មាន​ទីផ្សារ ការផ្គត់ផ្គង់​មិន​ទៀត​ទាត់ និង​គុណភាព​ប្រែប្រួល​នៃ​ដំឡូង​មី ដែលជា​កត្តា​រាំងស្ទះ​ដល់​ការលូតលាស់​នៃ​ឧស្សាហកម្ម​ដំឡូង​មី​នៅ​កម្ពុជា ។

យោងតាម​របាយការណ៍​អគ្គនាយដ្ឋាន​កសិកម្ម​បាន​បង្ហាញថា កាលពី​ឆ្នាំ២០១៧ កន្លងទៅ ការនាំចេញ​ផលិតផល​ចំណិត​ដំឡូង​មី​ស្ងួត​ទៅកាន់​ទីផ្សារ​បរទេស​មាន​ប្រមាណ​ជាង២,៣លាន​តោន ខណៈដែល​ការនាំចេញ​ដំឡូង​មី​ស្រស់ មាន​ចំនួន​ជាង៧៥ម៉ឺន​តោន ក្នុងនោះ​ប្រទេស​ថៃ និង​វៀតណាម ត្រូវបាន​ចាត់ទុកថា ជាទី​ផ្សារ​ធំ​បំផុត​ក្នុង​ការនាំចេញ ខណៈ​ទីផ្សារ​នាំ​ចេញទៅ​ប្រទេស​ចិន​ផ្ទាល់ ហាក់​មាន​តិចតួច​នៅឡើយ ។

យោងតាម​ក្រសួងពាណិជ្ជកម្ម​បញ្ជាក់ថា កាលពី​ឆ្នាំ២០១៧ កម្ពុជា​បានក្លាយ​ជា​ប្រទេស​ស្ថិតនៅ​លំដាប់​លេខ​រៀង​ទី៨ ក្នុងចំណោម​ប្រទេស​ផលិត​ដំឡូង​មីធំៗទាំង១០ នៅលើ​ពិភពលោក ។ ចាប់តាំងពី​ឆ្នាំ២០១១មក ផ្ទៃដី​ដាំ​ដុះ​ដំឡូង​មី​ត្រូវបាន​ពង្រីក​ពី៤០០ពាន់​ហិកតា ដល់៥៧៤ពាន់​ហិកតា នៅក្នុង​ឆ្នាំ២០១៥ ដោយ​ផ្តល់​ទិន្នផល​សរុប​ជាង១៣លាន​តោន ៕