កម្ពុជាជាប់ចំណាត់ថ្នាក់ទី៨លើលោកចំពោះការផលិតដំឡូងមី និងលេខ៤នៅក្នុងតំបន់

0
2011

ភ្នំពេញ៖ របាយការណ៏របស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា កម្ពុជាគឺជាប្រទេសផលិតដំឡូងមីលំដាប់ទី៨ នៅលើពិភពលោក និងទី៤ នៅក្នុងតំបន់ ហើយគិតត្រឹម រយៈពេល ៩ខែដើមឆ្នាំ២០១៧ ការនាំចេញផលិតផលដំឡូងមីកម្ពុជា សម្រេចបានជាង ១,៨លានតោន។

របាយការណ៏ដដែលបន្តថា ការនាំចេញផលិតផលដំឡូងមីរបស់កម្ពុជា (ដំឡូងមីស្រស់ ចំណិតដំឡូងមីក្រៀម និងម្សៅដំឡូងមី) បានកើនឡើងពី ០,២២លានតោន ក្នុងឆ្នាំ២០១២ ដល់ជាង ៣,៦លានតោន ក្នុងឆ្នាំ២០១៦។

គិតត្រឹមរយៈពេល ៩ខែដើមឆ្នាំ២០១៧ ការនាំចេញផលិតផលដំឡូងមីកម្ពុជា សម្រេចបានជាង ១,៨លានតោន។ជាមួយ គ្នានេះ កន្លងមក លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានស្នើឲ្យ ប្រតិភូកសិកម្មចិន ដឹកនាំដោយលោក ហ៊ឺ ជៀនយ៉ាង (HE Jianxiang) អគ្គនាយករង ទទួលបន្ទុកការិយាល័យកែច្នៃផលិតផលកសិកម្ម នៃក្រសួងកសិកម្មប្រទេសចិន ធ្វើការអភិវឌ្ឍចង្វាក់តម្លៃបន្ថែម សម្រាប់ដំណាំដំឡូងមី និងមៀនប៉ៃលិន ដើម្បីពង្រីកការនាំចេញផលិតផលទាំងពីរនេះឲ្យបានអតិបរិមា។

រដ្ឋមន្ត្រី បានជម្រាបប្រតិភូចិន អំពីអត្ថប្រយោជន៍នៃដំឡូងមី ដែលជាដំណាំអទិភាពទី២ និងមានសក្តានុពលនាំចេញខ្ពស់របស់កម្ពុជា បន្ទាប់ពីដំណាំស្រូវ ព្រមទាំងផ្លែមៀនប៉ៃលិន ដែលជាឈើហូបផ្លែមានតម្រូវការខ្ពស់នៅលើទីផ្សារ។

ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាកំពុងចងក្រងគោលនយោបាយដំឡូងមី និងដំណាំផ្សេងៗរួមទាំងមៀនប៉ៃលិន ដើម្បីជំរុញការអភិវឌ្ឍចង្វាក់តម្លៃ និងការនាំចេញ សំដៅធ្វើពិពិធកម្មវិស័យការងារជូនប្រជាជន និងកាត់បន្ថយភាពក្រីក្រ៕