បន្ទាប់ពីសមាគមន៍គ្រាប់ស្វាយចន្ទីវៀតណាម ប្រកាស់ថាឈប់ទិញគ្រាប់ស្វាយចន្ទីពីអាហ្វ្រិក ដោយសារបញ្ហាតម្លៃកើនឡើង វៀតណាមអាចនឹងទិញចូលពីខ្មែរច្រើនជាងមុន ។
ថ្លែងក្នុងសន្និសិទស្តីពីវិស័យគ្រាប់ស្វាយចន្ទីនៅទីក្រុងហូជីមិញ កាលពីសប្តាហ៍មុននេះ លោក Dang Hoang Giang អគ្គនាយករងសមាគមន៍គ្រាប់ស្វាយចន្ទី លើកឡើងថា តម្លៃគ្រាប់ស្វាយចន្ទីនៅអាហ្វ្រិកបានកើនឡើងពី ៣០-៤០% គិតជាទឹកប្រាក់ប្រហែល ១៩៥៦ ដុល្លារក្នុងមួយតោនជាមធ្យម កាលពីឆ្នាំមុន ខណៈដែលតម្លៃនៅលើទីផ្សារអន្តរជាតិកើនឡើងបានតែ ១០-១៥% ប៉ុណ្ណោះ ។
តាមសារព័ត៌មាន vietnamnews ឲ្យដឹងថា ដើមខែឆ្នាំនេះតម្លៃគ្រាប់ស្វាយចន្ទីបានកើនឡើងដល់ ២០០០ ដុល្លារក្នុងមួយតោន ហើយបើពួកគេទិញក្នុងតម្លៃប៉ុននេះ ពួកគេអាចនឹងត្រូវខាតលុយបន្ទាប់ពីកែច្នៃហើយ ។
លោក Giang ក៏បានឲ្យដឹងទៀតថា កាលពីឆ្នាំមុនដោយសារផលិតភាពគ្រាប់ស្វាយចន្ទីនៅវៀតណាមបានធ្លាក់ចុះ ដូចច្នោះវៀតណាមបាននាំចូលគ្រាប់ស្វាយចន្ទីប្រមាណ ១.៣ លានតោន ដើម្បីផ្គត់ផ្គង់ការនាំចេញទៅទីផ្សារអន្តរជាតិ ។
ចំណែកលោក Ta Quang Huyen អគ្គនាយកក្រុមហ៊ុនវៀតណាម Hoàng Sơn 1លើកឡើងថា ឆ្នាំនេះគេត្រូវការនាំចូលគ្រាប់ស្វាយចន្ទីស្រស់ចន្លោះពី ៩៥ ម៉ឺនតោន ទៅ ១លានតោនប៉ុណ្ណោះ ប៉ុន្តែការផ្គត់ផ្គង់ពីកម្ពុជាអាចនឹងមានការកើនឡើងយ៉ាងខ្លាំង ដើម្បីជំនួសឲ្យការឈប់នាំចូលពីអាហ្វ្រិក ។
ជាមួយគ្នានេះវៀតណាមក៏បានធ្វើការជាមួយក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទកម្ពុជា ដើម្បីអភិវឌ្ឍន៍ដំណាំស្វាយចន្ទី និងបង្កើនការនាំចេញឲ្យបាន ១ លានតោននៅរយៈពេល ១០ ឆ្នាំខាងមុខ ខណៈដែលសមាគមន៍វៀតណាម ជាអ្នកផ្តល់ពូជ បច្ចេកទេស និងជាអ្នកទទួលទិញពីកម្ពុជាផងដែរ ។
គួរបញ្ជាក់ថា វៀតណាមគឺជាប្រទេសដែលផលិតនិងនាំចេញគ្រាប់ស្វាយចន្ទីធំជាងគេទៅកាន់ទីផ្សារពិភពលោក ប្រមាណ ៦០% នៃទីផ្សារសរុប ក្នុងនោះវៀតណាមបានទិញគ្រាប់ស្វាយចន្ទីពីក្រៅស្រុកចំនួន ៣២ ប្រទេស រួមទាំងកម្ពុជាផងដែរ ៕