ខ្មែរ​ទិញអំបិល​ប្រមាណ៥ពាន់​តោន​​ពី​ប្រទេស​ចិន ពេលនេះបាន​មកដល់​កម្ពុជា​ហើយ

0
689

ភ្នំពេញ៖ អំបិល​ប្រមាណ៥ពាន់​តោន ដែល​នាំចូល​ពី​ប្រទេស​ចិន បាន​មកដល់​កំពង់ផែ​ក្រុងព្រះសីហនុ​ហើយ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ប៊ុន បារាំង សហប្រធាន​សហគមន៍​អំបិល​កែប​កំពត កាល​ថ្ងៃទី២៨ ខែវិច្ឆិកា​នេះ។

លោក ប៊ុន បារាំង បាន​ឲ្យ​ដឹងថា «សមាគម​អំបិល​កែប​កំពត បាន​នាំចូល​អំបិល​ពី​ប្រទេស​ចិន​ចំនួន៥ពាន់​តោន និង​បាន​មកដល់​កម្ពុជា​ហើយ​នា​ថ្ងៃ​ម្សិលមិញ​នេះ។ ការ​នាំចូល​អំបិល​ប្រមាណ៥ពាន់​តោន​នេះ ជា​ជំហាន​ទី១ ដែល​សមាគម​នាំ​ពី​ប្រទេស​ចិន»។

លោក​បន្ដថា ការ​នាំចូល​អំបិល​នេះ ពិតជា​ទាន់ពេលវេលា ស្របពេល​អំបិល​ដែល​ក្នុង​ស្ដុក នៅ​កម្ពុជា​អស់រលីង​តែម្ដង។ សម្រាប់​តម្លៃ​អំបិល​ដែល​នាំចូល​មកនេះ មានតម្លៃ៩០ដុល្លារ​ក្នុង១តោន ប៉ុន្ដែ​តម្លៃ​លក់​នៅ​កម្ពុជា​វិញ​មិនទាន់​បានដឹងថា លក់​ថ្លៃ​ប៉ុន្មាន​នៅឡើយ​ទេ ដោយសារតែ​សមាគម​ពុំទាន់​បាន​ទូទាត់​រួចរាល់។

លោក​បញ្ជាក់ថា អំបិល៥ពាន់​តោន​នេះ ផ្គត់ផ្គង់​លើ​ទីផ្សារ​កម្ពុជា​មិន​គ្រប់គ្រាន់​ឡើយ ត្រូវ​នាំចូល៣ម៉ឺន​តោន​ឯណោះ។ អំបិល​នឹង​បន្ដ​នាំចូល​ពី​ប្រទេសផ្សេងៗ រហូតដល់​រដូវ​ធ្វើ​អំបិល​ទើប​ឈប់​នាំចូល ប៉ុន្ដែ​ប្រសិនបើ​ដល់​រដូវ​ហើយ​កម្ពុជា មិនអាច​ធ្វើ​អំបិល​បាន​ទៀត​នោះ​គឺ ត្រូវ​សូម​គោលការណ៍​នាំចូល​បន្ដទៀត។

លោក​បញ្ជាក់ទៀតថា «អំបិល៥ពាន់​តោន​នេះ នាំចូល​ពី​ប្រទេស​ចិន តែ​សមាគម​មាន​គម្រោង​នាំចូល ពី​ប្រទេស​ចិន២ម៉ឺន​តោន និង​នាំ​ពី​ប្រទេស​ថៃ១ម៉ឺន​តោន»។

ការសម្រេច​នាំចូល​អំបិល​ពី​ប្រទេស​ចិន​នេះ បណ្ដាលមកពី​កម្ពុជា​កំពុង​ប្រឈម​ការខ្វះខាត អំបិល​ផ្គត់ផ្គង់​តម្រូវការ ដោយសារ​ការផលិត​អំបិល មិន​ទទួលបាន​ផល ព្រោះតែ​បញ្ហា​អាកាសធាតុ មាន​ភ្លៀង​ធ្លាក់​ច្រើនពេក។ ការ​ប្រឈម​នឹង​ការ​អត់​អំបិល​ប្រើប្រាស់​ក្នុងឆ្នាំនេះ បណ្ដាលមកពី​សមាគម​ផលិត​អំបិល មិនអាច​ផលិត​បាន ដោយសារតែ​ឆ្នាំនេះ អាកាសធាតុ​ប្រែប្រួល​ពោល គឺ​មេឃ​ភ្លៀង​ធ្លាក់​រហូត។

សូមបញ្ជាក់ថា នេះ​ជា​លើក​ទី២ហើយ ដែល​កម្ពុជា​ប្រឈម​នឹង​ការខ្វះខាត​អំបិល ពោល​កាលពី​ឆ្នាំ២០០៨ កម្ពុជា​ធ្លាប់​ជួប​បញ្ហា​នេះ​ម្ដង​ដែរ។ ដោយឡែក​ក្នុង​ឆ្នាំ២០១៦ កម្ពុជា​ផលិត​អំបិល​បាន​ប្រមាណ១៤ម៉ឺន​តោន ដែល​បរិមាណ​នេះ លើស​តម្រូវការ​ប្រើប្រាស់។ ជាទូទៅ​បរិមាណ​ដែល​ផ្គត់ផ្គង់​គ្រប់​គ្រាន់តែ១០ម៉ឺន​តោន​ប៉ុណ្ណោះ ប៉ុន្ដែ​សម្រាប់​ឆ្នាំ ២០១៧-២០១៨ វិញ ទិន្នផល​អំបិល​ធ្លាក់ចុះ ដោយសារតែ​កត្តា​អាកាសធាតុ និង​ត្រូវតែ​នាំចូល​អំបិល​ពី​បណ្ដា​ប្រទេសផ្សេង៕