ទូកងវែងជាងគេលើលោករបស់ ខ្មែរ នឹងត្រូវវាយតម្លៃជាផ្លូវការថ្ងៃ ១២ វិច្ឆិកា

0
1140

ភ្នំពេញ៖ ទូកងដ៏ល្អវិចិត្ររបស់ប្រជាជាតិកម្ពុជា ដែលត្រូវបានប្រសិទ្ធនាមថា «កម្ពោជិកបុត្តាខេមរាតរី (អានថា កាំពោជឹកប៉ុតតាខែមម៉ាក់រ៉ា តាក់រ៉ី) មានន័យថា ទូកងរបស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា» នោះ នឹង ត្រូវ វាយ តម្លៃជាផ្លូវការនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខ ដោយស្ថាប័ន Guinness World Records ដែល ជា ស្ថាប័ន អន្តរជាតិដ៏ធំមួយ ទទួលបន្ទុកវាយតម្លៃឯតទគ្គកម្មពិភពលោក។

តាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការផលិតទូកង ដើម្បីបំបែកឯតទគ្គកម្មពិភពលោក ដែលចេញ ផ្សាយនា ថ្ងៃទី១៤ ខែតុលានេះ បានឱ្យដឹងថា ការវាយតម្លៃជាផ្លូវការនេះ គឺធ្វើឡើង រួមគ្នា នៅក្នុងពិធីបំបែកកំណត់ត្រាឯតទគ្គកម្ម ទូកងវែងជាងគេងលើពិភពលោក ដែល នឹងប្រារព្ធ ឡើងនៅទីប្រ ជុំជន អ្នក លឿង ត្រើយខាងកើត ស្ថិតនៅឃុំព្រែកខ្សាយខ (ខ្សាយ ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។

សេចក្ដីប្រកាសដដែលបានបញ្ជាក់ទៀតថា ក្នុងពិធីខាងលើនោះដែរ ក៏មានការអុំជាក់ស្ដែង បង្ហាញ ជូន តំណាង ស្ថាប័ន Guinness World Records និងអ្នកចូលរួមទាំងអស់បានទស្សនាផងដែរ រួចហើយ នឹងប្រកាស លទ្ធ ផល អំពីការវាយតម្លៃ នៅចុងកម្មវិធីបំបែកកំណត់ត្រាឯតទគ្គកម្មខាងលើតែម្ដង៕