ហាងឆេង​កង់​នៅ​កម្ពុជា​កំពុង​មាន​ទីផ្សារ​ ខណៈកង់ខ្លះមាន​តម្លៃខ្ទង់ម៉ឺន​ដុល្លារ

0
1631

ភ្នំពេញ៖ហាងឆេង​ទីផ្សារ​លក់​កង់​នៅ​កម្ពុជា កំពុង​មានសន្ទុះ​ទីផ្សារ​កើន​ឡើង​នាពេល​បច្ចុប្បន្ន​ ខណៈ​​​ហាង​កង់​មាន​ចំនួន​នៅ​ភ្នំពេញ កង់​១គ្រឿង​អាច​មាន​តម្លៃ​រហូត​ដល់​ជាង​១ម៉ឺន​ដុល្លារ​អាមេរិក​ក៏មាន។​

លោក ហេង ស៊ុនហ៊ី អ្នក​គ្រប់​គ្រងទូទៅ​ហាង​កង់​ហោះ ដែល​មាន​ទីតាំង​នៅជិត​វិទ្យាស៊ីសុវត្ដិ បាន​ថ្លែង​ប្រាប់​ពាណិជ្ជកម្ម​កម្ពុជា​ថ្ងៃ​នេះឲ្យ​ដឹងថា បច្ចុប្បន្ន​សន្ទុះ​នៃការ​ងាក​មក​ជិះកង់​របស់​ប្រជាជន​ខ្មែរ មាន​ការ​កើន​ឡើង​ច្រើន​ពិសេស​នៅ​ភ្នំពេញ។

លោក​បន្ដថា៖ «ជាទូទៅ​កង់​កន្លែង​ខ្ញុំ​មាន​លក់​ក្នុង​តម្លៃ​ចាប់​ពីជាង​ ៣០០ដុល្លារ រហូត​ដល់​ជាង១ម៉ឺន​ដុល្លារ ប៉ុន្ដែ​លក់​ដាច់​ខ្លាំង​ជាងគេគឺកង់ប្រភេទ Mountain Bike ​ដែល​មាន​តម្លៃ​មធ្យម​ចាប់​ពី ៥០០ ដល់ជាង ១ពាន់ដុល្លារ»។

បើ​តាម​លោក ស៊ុនហ៊ី ហាង​កង់​ហោះ​របស់​លោក​នាពេលបច្ចុប្បន្ន​មាន​សន្ទុះ​ក្នុង​ការ​លក់​កើនឡើង​ខ្លាំង ហើយ​ជាមធ្យម​ក្នុង​មួយខែ​អាច​លក់បាន​ចាប់​ពី ៧០-១០០ កង់ ។

ប្រធាន​គ្រប់​គ្រង​ទូទៅ​រូបនេះ​បាន​លើក​ឡើងថា បើ​តាម​ការ​មើល​ឃើញ​របស់​ខ្ញុំ មូលហេតុ​ដែល​ប្រជា​ជន​ងាក​មក​និយម​ជិះកង់ ព្រោះ​អាច​ជួយ​ដល់​សុខភាព និង​កាត់​បន្ថយ​អារម្មណ៍​តាន​តឹង​របស់​ពួកគាត់​បាន ។​

ទាក់​ទិន​នឹង​កំណើន​រីក​ឡើង​ខ្លាំង​ចំពោះ​អ្នក​ជិះកង់​នាពេល​បច្ចុប្បន្ន​ននេះ លោក អេម​ សេង​ហ៊ង អ្នក​ចាត់​ការ​ទូទៅ ហាង​លក់​កងម៉ាក់ Scott Cambodia បាន​ឲ្យ​ដឹង​ដែរ​ថា ហាង​កង់​របស់​លោក​ក៏​មាន​កំណើន​កើន​ឡើង​ខ្លាំង​ដែរ​នាពេល​បច្ចុប្បន្ននេះ។

លោក​បាន​បន្ដ​ថា​ «ចំពោះ​ការលក់​នៅ​ហាង​ខ្ញុំ​បច្ចុប្បន្ន​អាច​កើន​ឡើង​ប្រហែល ១៥​ ទៅ ២០ ភាគរយ​ប៉ុន្ដែ​បើ​តាម​ខ្ញុំ​មើល​ឃើញ​ ចំនួន​នៃការ​កើន​ឡើង​នេះ នៅ​តែ​មាន​ចំនួន​តិច នៅ​មិន​បាន​ ៣ភ% នៃ​ចំនួន​ប្រជាជន​យើង​ផង​»។

បើ​តាម​លោក ហ៊ង កង់​នៅ​ហាង​របស់​លោក មាន​លក់​ក្នុង​តម្លៃ​ចាប់​ពីជាង​ ៣០០ដុល្លារ ដល់​ខ្ទង់​ ៥ពាន់​ដុល្លារអាមេរិក។

ចំពោះ​តម្លៃ​កង់​ដែល​មាន​តម្លៃ​ខ្ទង់ម៉ឺន​ដុល្លារ​ បើ​តាម​លោក ស៊ុនហ៊ី បាន​ឲ្យ​ដឹងថា កង់​ប្រភេទ​នេះ គឺ​ជា​កង់​ដែល​ផលិត​ឡើង​នៅ​ជំនាន់​ចុង​ក្រោយ​បំផុត ដែល​មាន​បំពាក់​ដោយ​គ្រឿង​បន្លាស់តាម​រយៈបច្ចេក​វិទ្យា​ទំនើបៗ និង​មាន​ទម្ងន់​ស្រាល​ខុសពី​កង់​ធម្ម​តា​ ព្រោះ​ត្រូវ​បាន​រចនា​ឡើង​ដោយ​សារធាតុ​កាបូន៕