រដ្ឋមន្រ្តីកសិកម្ម​៖ ឆ្នាំ២០១៩កម្ពុជាមានផែនការផលិតបន្លែឱ្យបាន៦ម៉ឺនតោន

0
1235

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានថ្លែង​ប្រាប់​អ្នក​សារព័ត៌មានថា ចាប់ពីឆ្នាំ២០១៩ខាងមុខ កម្ពុជានឹងអាចផលិតបន្លែឱ្យបាន៦ម៉ឺនតោនក្នុងមួយឆ្នាំៗ ដើម្បី​ប្រើប្រាស់ក្នុងស្រុក។ ការថ្លែងនេះ ធ្វើឡើងក្នុងវេទិកាស្រូវអង្ករកម្ពុជា ថ្ងៃទី២២ មករា ឆ្នាំ២០១៨ នៅក្នុងសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា។

លោករដ្ឋមន្រ្តីបន្តថា កន្លងមក កសិករខ្លះ បាននឿយណាយក្នុងការដាំបន្លែដោយប្រើប្រាស់កម្លាំង ដោយសារក្រសួងមិនទាន់បានបញ្ចូលបច្ចេកវិទ្យាទំនើបនៃការដាំដុះបន្លែ។ ប៉ុន្តែលោកថា បច្ចុប្បន្ន ក្រសួងមានផែនការគាំទ្រតាមរយៈការឧបត្ថម្ភទុន និងការរៀប​ចំហេដ្ឋា​រចនា​សម្ព័ន្ធ​ជូន​កសិករ​ជាច្រើន ដូចជារៀបចំប្រព័ន្ធស្រោចស្រប ប្រព័ន្ធការពារសំណើមដីនិងស្មៅ និងវិធី​សាស្រ្ដកំ​ចាត់​សត្វ​ល្អិត​ ហើយមន្ទីរកសិកម្មនៅតាមខេត្ត ក៏កំពុងរកទីផ្សារឱ្យបានច្រើនជាងដែរ។

ជុំវិញការផ្គត់ផ្គង់បន្លែក្នុងស្រុកមិនទាន់គ្រប់នេះ ប្រជាពល​រដ្ឋកំ​ពុង​ព្រួយ​បារម្ភអំ​ពីបញ្ហា​សុខភាពដោយសារ​បន្លែមានលក់នៅទីផ្សារភាគច្រើន គឺមានផ្ទុកសារជាតិគីមី ស្របពេលដើម្បី​បង្គ្រប់​ទីផ្សារបន្លែរបស់ខ្លួន គឺកម្ពុជា បានពឹងផ្អែកលើការនាំចូលបន្លែពីប្រទេសវៀតណាម និងថៃ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ធ្លាប់បានប្រទូសពលរដ្ឋណា ដែលនាំគ្នាទៅទិញបន្លែគីមីមកបរិភោគ តែបែរជាមករិះគន់រដ្ឋាភិបាលរបស់ខ្លួន ដែលលោកថា ពលរដ្ឋទាំងនោះ គួរតែចេះមើលនិងទិញបន្លែណា ដែលគ្មានជាតិគីមី។ លោកក៏បានអំពាវនាវ ឱ្យពលរដ្ឋនាំគ្នាធ្វើពហិកាមិនទិញបន្លែគីមី នោះនាពេល កម្ពុជានឹងលែង​មាន​បន្លែ​គីមី​លក់​ទៀត​ហើយ។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មបញ្ជាក់ថា ផែនការ​ផលិត​ស្រូវ​ពូជ​ឱ្យ​បាន១​ម៉ឺន​៥ពាន់​តោន​ និងបន្លែ៦ម៉ឺនតោន នៅឆ្នាំ២០១៩ខាងមុខនេះ ក្រសួងនឹងប្រើប្រាស់ថវិកាអស់ ចំនួន​៣០​លាន​ដុល្លារសហរដ្ឋអាមេរិក៕