ឆ្នាំ២០២១សណ្ឋាគារកម្រិតផ្កាយប្រាំនៅខេត្តព្រះសីហនុ នឹងអាចកើនដល់ជិត១ម៉ឺនបន្ទប់

0
726

ព្រះសីហនុៈ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍បានរៀបចំកិច្ចប្រជុំបូកសរុបការងារទេសចរណ៍ត្រីមាសទី១ ឆ្នាំ២០១៩ និងវឌ្ឍនភាពការងាររបស់ក្រុមការងារទាំងប្រាំ ដើម្បីជួយពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍទេសចរណ៍ខេត្តព្រះសីហនុ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដោយមានការចូលរួមពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុង មន្ទីរ អង្គភាពពាក់ព័ន្ធ និងប្រតិបត្តិករទេសចរណ៍ក្នុងខេត្ត។

ជារួមវឌ្ឍនភាពការងារវិស័យទេសចរណ៍ និងទីក្រុងស្អាត ទទួលបានលទ្ធផលដូចខាងក្រោម៖

១៖ ការងារគ្រប់គ្រងនិងសម្អាតឆ្នេរទទួលបានលទ្ធផលល្អជាលំដាប់ តាមរយះការពង្រឹងវិធានការរៀបចំសណ្តាប់ធ្នាប់ កែលម្អប្រព័ន្ធលូ និងសម្អាតឆ្នេរដោយប្រើប្រាស់ គ្រឿងចក្រជាប្រចាំ ជាពិសេស ក្រោយទទួលបានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្រ្តី និងមានការអនុវត្តផ្ទាល់ដោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មធិការអភិវឌ្ឍនឆ្នេរសមុទ្រកម្ពុជា ធ្វើការសាងសង់ស្ថានីយន៍បូមទឹកកខ្វក់ចំនួនបួនទីតាំង ដើម្បីបូមទឹកបញ្រ្ចាស់កុំឲ្យហូរចូលសមុទ្រឡើងលើឆ្ពោះ ទៅទីតាំងអាងប្រព្រឹត្តកម្មសំណល់រាវរបស់ខេត្តទំហំ១៦ហិចតា។

២៖ ការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ គ្រប់គ្រងបរិស្ថាន និងអនាម័យរបស់ខេត្ត មានលក្ខណៈល្អប្រសើរ តាមរយះការចាត់វិធានការតឹងរឹង អប់រំ និងផ្សព្វផ្សាយដល់មូលដ្ឋាន អាជីវកម្ម ទេសចរណ៍ក៏ដូចជាមូលដ្ឋានលំនៅដ្ឋានប្រជាពលរដ្ឋដោយផ្ទាល់។

៣៖ ការងារសន្តិសុខ និងសុវត្តិភាព ត្រូវបានគ្រប់គ្រងយ៉ាងល្អ និងបញ្ហានានាត្រូវបានដោះស្រាយជាបន្តបន្ទាប់ប្រកបដោយប្រសិទ្ធភាព។

៤៖ ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងស្លាកយីហោអាជីវកម្ម ត្រូវបានពង្រឹងល្អប្រសើរ ដោយក្រុមការងារចុះត្រួតពិនិត្យជាប្រចាំ។

៥៖ បន្តជម្រុញដល់ស្ថាប័នហិរញ្ញវត្ថុនានា និងប្រតិបត្តិករទេសចរណ៍សហការប្រើប្រាស់ប្រតិបត្តិការទូទាត់តាមអ៊នឡាញ ដោយប្រព័ន្ធ QR Code ឬដោយមធ្យោបាយផ្សេងៗ។

៦៖ ដើម្បីគាំទ្រដល់ការរីកចម្រើនវិស័យទេសចរណ៍យ៉ាងគំហុក និងជាបន្តបន្ទាប់នៅខេត្តព្រះសីហនុ ក្រសួងទេសចរណ៍បាន និងកំពុងរៀបចំផែនការបណ្តុះបណ្តាលធនធានមនុស្ស និងពង្រឹងគុណភាពបុគ្គលិកជំនាញតាមរយៈការបើកវគ្គបណ្តុះបណ្តាលជាប្រចាំ និងជម្រុញដល់គ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ធ្វើការបើកវគ្គពង្រឹងសមត្ថភាពនៅមូលដ្ឋានផ្ទាល់ (In house training)។

ជាទីបញ្ចប់ លោកបណ្ឌិតរដ្ឋមន្រ្តី បានកោតសរសើរខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងកន្លងមក និងបានផ្តល់អនុសាសន៍ដល់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង មន្ទីរទេសចរណ៍ ក្រុមការងារទាំងប្រាំ ព្រមទាំងមន្ទីរ និងអង្គភាពពាក់ព័ន្ធត្រូវសហការគ្នាបន្តអនុវត្តភារកិច្ច និងដោះស្រាយបញ្ហាប្រឈមតាមជំនាញ និងអនុវត្តច្បាប់ជាចម្បងប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្ពោះទៅដល់ការរៀបចំ និងអភិវឌ្ឍខេត្តព្រះសីហនុ ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំពិធីបុណ្យសមុទ្រឆ្នាំ២០២០ និងកិច្ចប្រជុំកំពូលអាស៊ាន (ASEAN Summit) ក្នុងឆ្នាំ២០២២។

គួរកត់សម្គាល់ថា ឆ្នាំ២០១៨ កន្លងមកនេះ ចំនួនទេសចរបរទេសមកកម្ពុជាមានចំនួន៦,២លាននាក់កើនឡើង១១% ដោយឡែកទេសចរអន្តរជាតិមកខេត្តព្រះសីហនុ មានចំនួន៥៨ម៉ឺននាក់កើន២៤% ដែលបង្កើតការងារដោយផ្ទាល់ចំនួន១៧ម៉ឺននាក់ និងសម្រាប់៣ខែដើមឆ្នាំ២០១៩នេះ មានចំនួន២០ម៉ឺននាក់ កើនឡើង២៥%។ បច្ចុប្បន្ន មូលដ្ឋានសេវាស្នាក់នៅមានចំនួន៩៦៩៧បន្ទប់ ក្នុងនោះសណ្ឋាគារកម្រិតផ្កាយ៥ មានចំនួនប្រមាណ២ពាន់បន្ទប់។
តាមសន្ទសន៍នៃសក្តានុពល និងការវិនិយោគលើវិស័យសេវាស្នាក់នៅ ខេត្តព្រះសីហនុ នឹងមានសណ្ឋាគារកើនឡើងជាមធ្យម៣,៥ពាន់បន្ទប់ក្នុងមួយឆ្នាំ និងក្នុងនោះសណ្ឋាគារ កម្រិតផ្កាយប្រាំនឹងអាចកើនដល់ជិត១ម៉ឺនបន្ទប់ក្នុងឆ្នាំ២០២១៕