ក្នុងឆ្នាំ២០២០ មានរោងចក្រកាត់ដេរចំនួន ១២៩ បានបិទលែងដំណើរការប៉ះពាល់ដល់កម្មករជាង៧ម៉ឺននាក់

0
179

ភ្នំពេញ៖ ដោយសារវិបត្តិនៃការរីករាលដាល់ជំងឺកូវីដ១៩ ដែលកំពុងវាយលុកសកលលោកយ៉ាងធ្ងន់ធ្ងរនោះ បានធ្វើឱ្យវិស័យកាត់ដេរនៅកម្ពុជា រងផលប៉ះពាល់យ៉ាងខ្លាំង ដោយនៅឆ្នាំ២០២០ មានរោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរចំនួន ១២៩ រោងចក្រ បានបិទទ្វារលែងដំណើរការ ដែលបានប៉ះពាល់ដល់កម្មករនិយោជិតជាង ៧០,០០០ នាក់។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានថ្លែងប្រាប់សារព័ត៌មានថា គិតរហូតមកដល់ដើមឆ្នាំ២០២១ នេះ ស្ថានភាពទូទៅនៃវិស័យការងារ គឺបានត្រលប់មករកភាពប្រសើរឡើងវិញបន្តិចម្ដងៗ ពោលគឺល្អជាងដើមឆ្នាំ២០២០ ដែលរោងចក្រសហគ្រាសមួយចំនួនមានការព្យួរ និងបិទទ្វារលែងដំណើរការ ដោយនាំឱ្យមានផលប៉ះពាល់ខ្លះដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ។ លោក ហេង សួរ បានថ្លែងយ៉ាងដូច្នេះថា «ក្នុងឆ្នាំ២០២០ មានរោងចក្រកាត់ដេរចំនួន ១២៩ រោងចក្រ បានបិទលែងដំណើរការ ដែលប៉ះពាល់ដល់កម្មករនិយោជិតចំនួន ៧១,២០២ នាក់ (ស្រី ៥៧,៧៩៤ នាក់)»។

អ្នកនាំពាក្យខាងលើបានបន្តទៀតថា ក្នុងឆ្នាំ២០២០ ដដែលនោះ ក៏មានរោងចក្រកាត់ដេរចំនួន ១១២ រោងចក្រ បានបើកថ្មីវិញដែរ ដែលបានបង្កើតការងារដល់កម្មករនិយោជិតចំនួន ២៣,២០៨ នាក់ (ស្រី ១៧,៦៣៨ នាក់)។

ទោះជាយ៉ាងណា សម្រាប់ឆ្នាំ២០២១នេះ កម្ពុជារំពឹងថាចំនួនរោងចក្រដែលបង្កើតថ្មីៗនឹងមានចំនួនប្រហាក់ប្រហែលនឹងឆ្នាំ២០២០ កន្លងទៅនោះដែរ ខណៈចុងឆ្នាំ២០២០ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក៏បានអនុម័តគម្រោងវិនិយោគរោងចក្រជាបន្តបន្ទាប់ ដែលគេនឹងដំណើរការសាងសង់នៅឆ្នាំ២០២១នេះ។

ចំពោះបញ្ហាវត្ថុធាតុដើមសម្រាប់ដំណើរការផលិតក្នុងវិស័យកាត់ដេរ ត្រូវបាន លោក ហេង សួរ បញ្ជាក់ដែរថា មិនមានការខ្វះខាតនោះឡើយ ពោលគឺមានវត្ថុធាតុដើមគ្រប់គ្រាន់តាមតម្រូវការនៃការផលិត។ រីឯការនាំចេញផលិតផលកាត់ដេរ គឺមានការធ្លាក់ចុះខ្លះ ប៉ុន្តែផលិតផលធ្វើដំណើរវិញ គឺមានការកើនឡើងជាងមុន ទោះបីជួបនឹងវិបត្តិជំងឺកូវីដ១៩ ក៏ដោយ។​ បើតាមអ្នកនាំពាក្យក្រសួងការងាររូបនេះ «វិស័យកាត់ដេរទាំងមូលនៅកម្ពុជាអាចនឹងវិលមកប្រក្រតីភាពវិញ ក្រោយពេលវិបត្តិជំងឺកូវីដ១៩ចប់»។

សូមបញ្ជាក់ថា វិបត្តិនៃជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរជាសកល ទាំងអាយុជីវិរបស់មនុស្សជាតិ វិបត្តិសង្គម និងសេដ្ឋកិច្ចរបស់ពិភពលោក ក្នុងនោះប្រទេសកម្ពុជាក៏រងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ។ ក្រៅពីបង្កការឆ្លងរីករាលដាលដល់ប្រជាពលរដ្ឋ ផលប៉ះពាល់នៃជំងឺនេះក៏បង្កជាវិបត្តិដល់វិស័យមួយចំនួនផងដែរ ពិសេសគឺវិស័យការងារ និងវិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ធ្ងន់ជាងគេ។ ដូច្នេះហើយទើបបានជារាជរដ្ឋាភិបាលសម្រេចបញ្ចេញកញ្ចប់ថវិកា និងចំណាត់ការគ្រប់រូបភាព ដើម្បីជួយទ្រទ្រង់ដល់វិស័យទាំងពីរនេះ។

កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសជួយដល់វិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ កាបូប និងវិស័យទេសចរណ៍ រយៈពេលបីខែបន្ថែមទៀតរហូតដល់ខែមីនា ឆ្នាំ២០២១៕

ប្រភព៖ FN