បុគ្គលល្បីឈ្មោះម្នាក់ ដែលកូនខ្មែរគ្រប់រូបគោរព ស្រលាញ់ ចងចាំរហូតមកដល់បច្ចុប្បន្ន

0
1229

សម្តេច​ ព្រះ​សង្ឃរាជ ជួន ណាត៖ ព្រះ​អង្គប្រសូត្រ​​​ថ្ងៃ​អង្គារ ​ទី​១១ ខែ មីនា គ.ស.​១៨៨៣ នៅ​ភូមិ​កំរៀង សង្កាត់​​រកា​​កោះ នៅ​ស្រុកគង​ពិសី ខេត្ត​កំពង់​ស្ពឺ។​​ សម្ដេច​​មាន​​ព្រះជាតិ​​ក្នុង​​ត្រកូល​​កសិករ ព្រះ​មាតា​​នៃ​​សម្ដេច​​នាម យក់ ព្រះ​​បិតា​​នាម ព្រហ្ម ជួន។ គ្រួសារ​នេះ​​មាន​​បុត្រ​តែ​​ពីរ​នាក់​​គឺ អង្គ​​សម្ដេច​ព្រះសង្ឃរាជ និង​លោក​​ឧកញ៉ា​​សោភណ្ឌ​​មន្ត្រី ជួន នុត ជា​ព្រះ​​អនុជ​​នៃ សម្ដេច​​ព្រះសង្ឃ​រាជ។ សម្តេច​សង្ឃរាជ​ជួន ណាត បាន​ចាប់​ផ្តើម​ធ្លាក់​ឈឺ និង​បាន​សោយ​ទិវង្គត​នៅ​ឆ្នាំ​១៩៦៩។ ព្រះអង្គ​បាន​សោយ​ទិវង្គត​នៅ​ព្រះ​ជន្ម៨៦​ព្រះ​វស្សា វេលា​ម៉ោង ៨​និង​២០​នាទី​យប់។

ព្រះអង្គត្រូវបាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ទទួល​ស្គាល់​ថា​ជាអ្នកប្រាជ្ញខ្មែរ​មួយ​រូប ហើយ​ស្នាដៃ​ដែល​វិសេស​វិសាល​ដែល​ព្រះ​អង្គបន្សល់​ទុក​សម្រាប់​កូន​ខ្មែរជំនាន់ក្រោយ​នោះគឺ​ការ​រៀបចំបញ្ចប់​នូវ​ចនានុក្រម​ខ្មែរ ដែលស្គាល់ជាទូទៅថា​វនានុក្រម​ ជួន ណាត។

សម្ដេច​ព្រះសង្ឃរាជ ដែល​ទ្រង់​ចាប់​រៀន​វិជ្ជា​ណា​មួយ មាន​វិជ្ជា​បាលី​ជា​ដើម គឺ​រៀន​ដោយ​យក​ព្រះទ័យ​ទុក​ដាក់ ខិតខំ​ប្រឹង​ប្រែង ឥត​មាន​បន្ធូរ​បន្ថយ​ក្នុង​ការ​សិក្សា​នោះ​ឡើយ។

​កាលសម្ដេច​ឋិត​នៅ​ក្នុង​កុមារ​ភាព មាន​ព្រះជន្មាយុ​រវាង​១២​ឆ្នាំ ព្រះ​មាតា​បិតា​បាន​នាំ​យក​ទៅ​ផ្ទុកផ្ដាក់​ឲ្យ​រៀន​សូត្រ​អក្សរ​សាស្ត្រ​ របស់​ជាតិ​ក្នុង​សំណាក់​លោក​គ្រូ​សូត្រ​ស្ដាំ​នាម កែ​ ម៉ម វត្ត​ពោធិ​ព្រឹក្ស ហៅ​វត្ត​ពោល្យំ សង្កាត់​រលាំងកែន ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល។

ឯកសារ​ជាច្រើន​ដែល​បាន​ចងក្រង​ពី​ជីវប្រវត្តិ​សម្តេច​សង្ឃរាជ​ជួនណាត​បាន​បញ្ជាក់​ដូចគ្នា​ថា លុះ​សម្ដេច​មាន​ព្រះជន្មាយុ​១៤​ឆ្នាំ បាន​បួស​ជា​សាមណេរ ក្នុង​ថ្ងៃ​១៥​កើត គ.ស.​១៨៩៧ នៅ​បំពេញ​កិច្ច​សិក្សា​នា​វត្ត​ពោធិ​ព្រឹក្ស អស់​រយៈ​កាល​ពីរ​ឆ្នាំ ទើប​ចេញ​អំពី​វត្ត​ពោធិ​ព្រឹក្ស​ទៅ​រៀន​សូត្រ​ព្រះ​បរិយត្តិ​ធម៌ ឯ​វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ ។

សម្ដេច លុះ​បាន​ព្រះជន្មាយុ​គម្រប់​២១​ព្រះវ​ស្សា​បាន​ទ្រង់​និមន្ត​ត្រឡប់​ទៅ​សូម​ ឧបម្បទា​ជា​ភិក្ខុ ក្នុង​វត្ត​ពោធិ​ព្រឹក្ស​ដែល​ជា​វត្ត​ដើម​វិញ។

សម្ដេច​​ទ្រង់​ទទួល​ព្រះនាម​ប្បញ្ញត្តិ​ថា ជោតញ្ញា​ណោ លុះ​ទ្រង់​បំពេញ​ឧបសម្បទា​ជា​ភិក្ខុភាព​រួច​ហើយ ទ្រង់​ក៏​និមន្ត​ត្រឡប់​មក​គង់​នៅ​វត្ត​ឧណ្ណាលោម ទទួល​ការ​សិក្សា​គន្ថធុរៈ​វិញ​ទៀត។

សម្ដេច​ព្រះសង្ឃ​រាជ មាន​សេចក្ដី​ព្យាយាម​ប្រកប​ដោយ​ថាមពល​ដ៏​ក្លៀវក្លា​ក្នុង​ការ​សិក្សា ទាំង​ផ្នែក​ភាសា​បាលី ទាំង​ផ្នែក​ភាសា​ឯ​ទៀត​ៗ មាន​ភាសា​បារាំង​ ជាដើម។ ការ​សិក្សា​របស់​សម្ដេច​ព្រះសង្ឃរាជ មាន​ជោគ​ជ័យ​ប្រសើរ​ណាស់។

សម្ដេច​ព្រះសង្ឃរាជ ដែល​ទ្រង់​ចាប់​រៀន​វិជ្ជា​ណា​មួយ មាន​វិជ្ជា​បាលី​ជា​ដើម គឺ​រៀន​ដោយ​យក​ព្រះទ័យ​ទុក​ដាក់ ខិតខំ​ប្រឹង​ប្រែង ឥត​មាន​បន្ធូរ​បន្ថយ​ក្នុង​ការ​សិក្សា​នោះ​ឡើយ។

សម្ដេច​ទ្រង់​ទទួល​ការ​សិក្សា​នោះ​គឺ សិក្សា​ដោយ​ឆន្ទៈ​ដ៏​មាន​កម្លាំង​មែន​ទែន ពុំ​មែន​សិក្សា​វិជ្ជា​ណា​មួយ​ដោយ​លេង​ៗ ទេ។ វិជ្ជា​ខាង​ភាសា​បាលី ភាសា​សំស្ក្រឹត និង​ភាសា​បារាំង សុទ្ធ​តែ​វិជ្ជា​ដែល​ប្រដាប់​ដោយ​វេយ្យាករណ៍​ហ្មត់ចត់ ជ្រាល​ជ្រៅ​លំបាក​រៀន លំបាក​យល់​ជាទី​បំផុត ប៉ុន្តែ​សម្ដេច​អាច​រៀន អាច​យល់​ច្បាស់លាស់ ដោយ​ឆាប់​រហ័ស​គួរ​ឲ្យ​កោត​សរសើរ​ពន់​ពេក​ណាស់។

ក្រៅពីកិច្ច​ការ​ទាំងនេះ​ព្រះអង្គ​ក៏​ធ្លាប់ជា​ចាងហ្វាង​សាលាបាលីជាន់ខ្ពស់ និង​ជា​សមាជិកក្រុមជំនុំ​ព្រះត្រៃបិតក និង​ក៏ជា​ព្រះគ្រូចៅអធិការ​វត្ត​ឧណ្ណាលោម ក្នុង​រាជធានីភ្នំពេញ​​ផងដែរ។ នៅ​ឆ្នាំ​១៩៦៣ សម្តេច​ព្រះសង្ឃរាជ ក៏បាន​ទទួល​ព្រះឋានៈជាព្រះ​សង្ឃរាជទី១​នៃព្រះរាជាណាចក្រ​កម្ពុជា​ពីសម្តេច​ព្រះនរោត្តម សីហនុ ព្រះប្រ​មុខរដ្ឋនៃព្រះរាជាណាចក្រ​កម្ពុជានាសម័យ​នោះ​។

សម្ដេច​ទ្រង់​ចេះ​ដឹង​យល់​ធ្លុះធ្លាយ​ចំពោះ​វេយ្យាករណ៍​គ្រប់​ភាសា ដែល​សម្ដេច​បាន​រៀន មាន​វេយ្យាករណ៍​បាលី​សំស្ក្រឹត​ជាដើម ទាំង​អក្សរសាស្ត្រ​របស់​ជាតិ និង​ពាក្យ​ពេចន៍​ក្នុង​ផ្នែក​វប្បធម៌​បុរាណ​ក៏​សម្ដេច​ចេះ​ចាំ​យល់​ហេតុ​ផល​ ជា​ច្រើន​ណាស់។ ភាសា​សៀម ភាសា​លាវ និង​ភាសា​បារាំង ដែល​សម្ដេច​បាន​រៀន អាច​និយាយ​ប្រាស្រ័យ​ទាក់ទង​នឹង​ជនជាតិ​សៀម ជាតិ​លាវ និង​ជាតិ​បារាំង​បាន។ សម្ដេច​ឈ្លាសវៃ​ប្រសព្វ​យក​តម្រាប់​តាម​សំឡេង​ភាសា​ជាតិ​ដទៃ​ៗ​ឲ្យ​ស្រដៀង ឬ​ដូច​ភាសា​ជាតិ​ដទៃ​បាន។ ភាសា​អង់គ្លេស និង​ភាសា​វៀតណាម ក៏​សម្ដេច​បាន​រៀន អាច​មើល សរសេរ​និយាយ ប្រាស្រ័យ​បាន​​ដែរ។

នៅ​ គ.ស.​១៩១៣ សម្ដេច​ទ្រង់​បាន​ចូល​ប្រឡង​ដេញ​ប្រយោគ​ក្នុង​ព្រះ​ឧបោសថ​រតនារាម វិហារ​ព្រះ​កែវ​មរកត ចំពោះ​ព្រះភ័ក្ត្រ​ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ​ស៊ីសុវត្ថិ​បាន​៤​ប្រយោគ ដែល​ជា​ប្រយោគ​ជាន់​ខ្ពស់​បំផុត​ក្នុង​សម័យ​នោះ។

នៅឆ្នាំ​១៩១៥ សម្ដេច​ទ្រង់​បាន​ប្រឡង​ជាប់​លេខ​២ បាន​ទទួល​ការ​តែង​តាំង​ជា​សាស្ត្រាចារ្យ​នៅ​សាលា​បាលី​ជាន់​ខ្ពស់ ដែល​សព្វ​ថ្ងៃ​មាន​ឈ្មោះ​ជា​ពុទ្ធិក​វិទ្យាល័យ​សុរាម្រឹត។

លោក ទូច គន់ ពលរដ្ឋ​ម្នាក់​និង​ជា​អ្នក​ស្រាវជ្រាវ​ដែល​បាន​ប្រើប្រាស់​ជា​ប្រចាំ​នូវ​វចនា​នុក្រម​សម្តេច ជួន ណាត​បាន​ថ្លែង​កោត​សរសើរ​ដល់​វីរភាព​និង​ស្នាដៃ​មិន​អាច​កាត់ថ្លៃ​ដែល​សម្តេច​សង្ឃរាជ​ជួន ណាត​បាន​បន្សល់ទុក​មកដល់​សព្វថ្ងៃ។

ព្រះអង្គត្រូវបាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ទទួល​ស្គាល់​ថា​ជាអ្នកប្រាជ្ញខ្មែរ​មួយ​រូប ហើយ​ស្នាដៃ​ដែល​វិសេស​វិសាល​ដែល​ព្រះ​អង្គបន្សល់​ទុក​សម្រាប់​កូន​ខ្មែរជំនាន់ក្រោយ​នោះគឺ​ការ​រៀបចំបញ្ចប់​នូវ​ចនានុក្រម​ខ្មែរ ដែលស្គាល់ជាទូទៅថា​វនានុក្រម​ ជួន ណាត។

ក្រៅពី​ស្នាដៃនេះព្រះអង្គក៏ជា​អ្នក​និពន្ធ​បទភ្លេង​ជាតិ «នគររាជ» មាន​អត្ថន័យបង្ហាញពី​មោទនភាពជាតិ​ ដោយ​រៀប​រាប់ពី​ «ជាតិ សាសនា និង​ព្រះ​មហាក្សត្រ» របស់​កម្ពុជា។

សម្ដេច​ព្រះ​សង្ឃរាជ ដែល​ព្រះ​អង្គ​បាន​យាង​មក​សោយ ព្រះ​ជាតិ​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ ព្រះ​អង្គ​បាន​ធ្វើ​ប្រយោជន៍ ទាំង​ផ្លូវ​ព្រះពុទ្ធ​សាសនា ទាំង​ផ្លូវ​លោក ទុក​ឲ្យ​ពុទ្ធ​បរិស័ទ​ជា​ច្រើន​ណាស់ ដោយ​ព្រះ​អង្គ​បាន​លើក​ព្រះ​ពុទ្ធ​សាសនា លើក​ប្រទេស​ជាតិ​ឲ្យ​បាន​ថ្កុំថ្កើង​​រុង​រឿង ដោយ​ព្រះ​មធ្យោបាយ​ដ៏​ខ្ពង់ខ្ពស់​បំផុត ឲ្យ​ប្រទេស​ជាតិ​មាន​ឯកភាព សាមគ្គីភាព សន្តិភាព បាន​ឯករាជ្យ​ដ៏​បរិបូរណ៍ ដូច​សេចក្ដី​ប្រាថ្នា ហើយ​សម្ដេច​ព្រះសង្ឃ​រាជ​មាន​ព្រះរាជ​ជីវ​ប្រវត្តិជា​គំរូ​ដល់​សម្រាប់​ជាតិ​ខ្មែរ៕

 

សូម​ subscribe Channel Youtube របស់​ cambotripnews ​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

Link: https://www.youtube.com/channel/UCtT3dOrH3sRJnGT8nXUwJXw