ខេត្តកែប៖ នៅតាមឆ្នេរកែបរបស់អ្នកខេត្តកែបរបរចាក់កងដៃលក់មួយចំនួនអាចបាត់បង់នៅថ្ងៃអនាគត ដោយហេតុផលថាយុវជនជំនាន់ក្រោយមិនសូវចូលចិត្តរបរនេះ និងម្យ៉ាងទៀតវត្ថុធាតុដើមកាន់តែខ្សត់ពិបាករក។
អ្នកទេសចរទៅលេងខេត្តកែប ប្រាកដជាបានឃើញអ្នកលក់មួយចំនួនបានទូល ឬដាក់លើរ៉ឺម៉កលក់វត្ថុអនុស្សាវរីយ៍ប្រភេទកងដៃចាក់នេះ។ កងដៃប្រភេទធ្វើពីវល្លិ និងស្មៅជើងក្រាស។

អ្នកស្រី យ៉ែម ភា រស់នៅសង្កាត់កែប ក្រុងកែប ដែលបានបន្តការងារនេះពីម្តាយក្មេងរយៈបីឆ្នាំ មកហើយលើកឡើងថាក្រៅពីធ្វើស្រែចម្ការ អ្នកស្រីចាប់យករបរនេះដើម្បីរកចំណូលបន្ថែម។ ក្នុងមួយថ្ងៃអ្នកស្រីថា អាចចាក់កងដៃបានចន្លោះពី៥០ទៅ៧០កង។ អ្នកស្រីបានលក់បោះដុំឲ្យម៉ូយយកទៅលក់បន្តទៀត ដោយថាក្នុងមួយ១០០កងបានតម្លៃចន្លោះពី១២ ០០០ ទៅ១៥ ០០០រៀល តែថានៅមុនរដូវចូលឆ្នាំចិនចូលមកដល់ លក់ឲ្យឈ្មួញវៀតណាមបានតម្លៃចន្លោះពី១៨ ០០០រៀល ទៅ២ម៉ឺនរៀល។
កងដៃនេះអ្នកស្រីថាធ្វើពីវល្លិពីរប្រភេទ បូកជាមួយនឹងស្មៅជើងក្រាស ដែលថាវល្លិត្រូវពុះជាចម្រៀក និងបិតឲ្យស្តើងមុននឹងយកទៅរុំលើឈើមូល រួចយកទៅរោលភ្លើងដើម្បីឲ្យវល្លិមានរាងកោង ហើយមូល ទើបយកចាក់ចេញជាកងដៃបាន។

និយាយដល់ចំណុចនេះ អ្នកស្រីទម្លាក់សំឡេងបន្តិច រួចបន្តថារបរនេះទំនងជាមិនស្ថិតស្ថេរយូរទេ ដោយថាក្មេងៗជំនាន់ក្រោយចូលចិត្តទៅធ្វើការរោងចក្រជាងធ្វើការងារនេះ។ មួយវិញទៀត អ្នកស្រីថាវល្លិក៏ពិបាករកដែរនៅពេលនេះ ដោយថាវល្លិមិនសូវសំបូរ និងត្រូវធ្វើដំណើរឆ្ងាយពីផ្ទះ ដោយត្រូវជិះទូកមួយម៉ោងទើបទៅដល់។ ប្រភេទវល្លិទាំងនេះកាន់តែខ្សត់ អ្នកស្រីថាដោយសារតែវល្លិនេះមិនអាចដាំបាននៅតាមស្រុកភូមិ ហើយចំនួនអ្នករកក៏មានច្រើន និងម្យ៉ាងថាកត្តាភ្លើងឆេះព្រៃក៏រួមចំណែកធ្វើឲ្យវល្លិប្រភេទនេះកាន់តែខ្សត់ទៅផងដែរ។
អ្នកស្រីបន្ថែមថាៈ « កាលមុនមាននៅភ្នំក្បែរនេះ ឥឡូវត្រូវទៅឆ្ងាយ ដល់កោះពោធិ៍ ជួនទៅព្រឹកវិលល្ងាច ដេក១យប់២យប់… ទៅគ្នីគ្នាទៅជាមួយជួន២នាក់ ៣នាក់ ឬ ៦នាក់ បើអស់ពីកោះពោធិ៍នេះមានតែទៅឆ្ងាយៗ បើអស់កន្លែងហ្នឹងរកកន្លែងផ្សេង បើឆ្ងាយលែងមានសមត្ថភាពរកដល់ យើងមានតែឈប់ (ហើយ)រកមុខរបរអ្វីផ្សេងជំនួស……នារីបច្ចុប្បន្នមានទំនោរធ្វើការរោងចក្រមានលុយដុំ ជាងប្រកបការងារនេះដែលជាលុយរាយ»។
ក៏មានដែលបញ្ហាមួយទៀតគឺការមិនទុកចិត្តពីសំណាក់ភ្ញៀវទេសចរ ថាកងដៃចាក់នេះមិនមែនធ្វើឡើងដោយអ្នកខេត្តកែប តែថាយកពីខេត្តសៀមរាបមកលក់ទៅវិញ។ នេះបើតមាការលើកឡើងរបស់អ្នកស្រី ឡេង គន្ធា អ្នកឡើកកងដៃលក់បន្ត។
អ្នកស្រីបន្តថាៈ «តាមពិតកងដៃនេះផលិតដោយអ្នកខេត្តកែប តែគេឃើញមានលក់ច្រើននៅសៀមរាប ភ្ញៀវមួយចំនួនថាយើងយកពីសៀមរាប»។
សម្រាប់តម្លៃលក់បន្ត អ្នកស្រី ឡេង គន្ធា ថាក្នុង១០កង ថ្លៃ ចន្លោះពី៣ ០០០ ទៅ៥ ០០០រៀល៕ ប្រភព : sabay