វិស័យកសិកម្មនៅកម្ពុជាគឺបានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសដូច្នេះហើយទើបយុវត្តីវ័យ២០ឆ្នាំ គឺ កញ្ញា គង់ សុស្រីពៅ បានចាប់ផ្តើមចាប់របរនេះ ក្រោយពីបញ្ចប់ការសិក្សារថ្នាក់បរិញ្ញាបត្ររងនៅសាលាបច្ចេកទេសមួយនៅខេត្តព្រះសីហនុ ខណៈមិត្តភក្តិរបស់នាងសង្វាតស្វែងរកការងារធ្វើនៅក្រុមហ៊ុនផ្សេងៗ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia នាងបានប្រាប់ថា ហេតុផលដែលនាងសម្រេចចិត្តចាប់អាជីវកម្មបណ្ដុះសណ្ដែក នេះឡើង គឺដោយសារតែការស្រឡាញ់ និងចង់លើកស្ទួយផលិផលរបស់ខ្មែរ ជាពិសេសរបរនេះនឹងអាចធ្វើឲ្យជីវភាពគ្រួសាររបស់នាងផ្លាស់ប្តូរផងដែរ។
នាងបានបន្តថា ក្នុងមួយថ្ងៃនាងអាចរកចំណូលចូលគ្រួសារប្រមាណពី២៥០ដុល្លារអាមេរិក ពីការលក់ចេញសណ្តែក ប្រមាណជា៤០០គីឡូក្រាម។ ដោយឡែកចំពោះថ្ងៃបុណ្យវិញបរិមាណនៃតម្រូវការកើនឡើងរហូតទៅដល់ ៦០០ទៅ៧០០គីឡូក្រាម ដែលអាចទទួលបានប្រាក់ចំណូលប្រមាណជាង ៤០០ដុល្លារ ក្នុងមួយថ្ងៃ។
សុស្រីពៅ ផ្តោតសំខាន់ទៅលើអ្នកលក់នៅតាមភោជនីយដ្ឋាននានានៅទូទាំងក្រុងកំពង់សោម ព្រមទាំងអ្នកលក់នៅទីផ្សារផងដែរ ដែលលក់នៅក្នុងតម្លៃត្រឹមតែ ២៥០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ដែលនេះជាតម្លៃមួយដែលសមរម្យសម្រាប់ឈ្មួញកណ្តាលក្នុងការលក់ចេញបន្ត។
នាងមិនបានបណ្តុះសណ្តែកនៅលើដីនោះទេ ប៉ុន្តែនាងបានបណ្តុះវានៅក្នុងកូនពាងតូចៗ ប្រមាណជាង២០០ពាង ដែលប្រើប្រាស់គ្រាប់ចំនួន៨០គីឡូក្រាម ដែលនេះជាយុទ្ធសាស្រ្តមួយផ្តល់ភាព ងាយស្រួលសម្រាប់ការប្រមូលផល ព្រមទាំងទទួលបានទិន្នផលខ្ពស់ទៀតផង។
នាងបានសង្កត់ធ្ងន់ថា នៅក្នុងមុខរបររកស៊ី តែងមានការប្រកួតប្រជែងទីផ្សារ ក្នុងការដណ្តើមអតិថិជនប៉ុន្តែសម្រាប់នាង បែរជាគិតថា វាមិនសំខាន់នោះទេ ព្រោះ អតិជនរបស់គាត់ ជឿជាក់លើផលិផលរបស់នាង ទាំងទៅលើគុណភាព និងតម្លៃ ដោយនាងមិនដែលតម្លើងថ្លៃ ឬចុះថោកតាមដៃគូរប្រកួតប្រជែងឡើយ។
ស្រីពៅ គឺជាបុគ្គលម្នាក់ដែលតែងចែករំលែកនូវចំណេះដឹងដែលនាងមាន ទៅគ្រប់គ្នាដែលចង់ចេះ ចង់ដឹងពីចំណេះជំនាញមួយនេះ ដោយមិនបានលាក់បាំងអ្វីឡើយ ពោលគឺនាង ចង់ឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ក្លាយជាមហាសេដ្ឋីកសិកម្មគ្រប់គ្នា។
ជាចុងក្រោយ សុស្រីពៅ បានផ្តែផ្តាំទៅកាន់ប្រជាពលរដ្ឋខ្មែរទាំងមូល ជាពិសេសយុវវ័យទាំងអស់ ត្រូវធ្វើអ្វីទៅតាមសេចក្តីស្រឡាញ់ និងភាពជឿជាក់របស់ខ្លួន ចុងក្រោយប្រាកដជាជោគជ័យ៕