ខេត្តបាត់ដំបងជាប់ចំណាត់ថ្នាក់លេខ២ចំពោះផលិតស្រូវ ឆ្នាំ២០១៧-២០១៨

0
707

បាត់ដំបងៈ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ខេត្តបាត់ដំបងទទួលបានចំណាត់ថ្នាក់លេខ ២ ខាងផលិតស្រូវ នៅឆ្នាំ ២០១៧-២០១៨។

លោកបានលើកឡើងយ៉ាងដូច្នេះ នៅក្នុងពិធីបើកពិព័រណ៌ផ្សារណាត់បន្លែសុវត្ថិភាព និងផលិតផលកសិកម្ម របស់គម្រោងជំរុញផលិតកម្មស្បៀង កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅសួននាគសន្តិភាព ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា កាលពីឆ្នាំ២០១៦-២០១៧ ខេត្តបាត់ដំបង ទទួលបានចំណាត់ថ្នាក់ទី៣ បន្ទាប់ពីខេត្តព្រៃវែង និងខេត្តតាកែវ ប៉ុន្តែឆ្នាំនេះ (២០១៧-២០១៨) ខេត្តបាត់ដំបងបានឡើងមកឈរចំណាត់ថ្នាក់លេខ២ ដោយចាញ់តែខេត្តព្រៃវែងមួយប៉ុណ្ណោះ។

លោកបន្ថែមថា កាលពីឆ្នាំ ២០១៦-២០១៧ ព្រៃវែង ផលិតស្រូវបាន ១,២៤លានតោន ឯបាត់ដំបង ផលិតបានក្រោម ១លានតោន ចំណែកឆ្នាំ ២០១៧-២០១៨ នេះ ព្រៃវែង ផលិតបាន ១,៣៤លានតោន ឯបាត់ដំបង ផលិតបានជាង ១,១លានតោន។

លោកវេង សាខុន សង្ឃឹមថា នៅពេលខាងមុខ ខេត្តបាត់ដំបង នឹងអាចដណ្តើមពាន ដែលជាចំណាត់ថ្នាក់ទី១ នៃការផលិតស្រូវ កុំឲ្យខូចកេរ្តិ៍ឈ្មោះ ខេត្តបាត់ដំបង ដែលល្បីឈ្មោះថាជាខេត្តជង្រុកស្រូវនៃប្រទេសកម្ពុជា។

លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ដែរថា ក្រៅពីស្រូវ បាត់ដំបង ក៏ល្បីខាងដំណាំរួមផ្សំ និងបន្លែបង្កាផងដែរ ដូចជា ដំឡូងមី ពោត ក្រូចពោធិសាត់ ក្រូចថ្លុង និងផ្លែតាង៉ែន ជាដើម៕