បាត់ដំបង៖ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានទៅដើរកម្សាន្ត ជិះទូក និងជិះកាណូតលេង នៅតាមតំបន់រម្មណីយដ្ឋានផ្សេងៗ ក្នុងក្រុងបាត់ដំបង គិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ មាន ចំនួនសរុប ៦១៨ ១៣៩នាក់ បើធៀបនឹងឆ្នាំ២០១៦ មានការកើនឡើងចំនួន ១,៣៦ភាគរយ។
បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបង្ហាញថា ភ្ញៀវទេសចរ អន្តរជាតិបានទៅកម្សាន្តមានចំនួន ១៥ប្រទេស សរុបចំនួន ៩៨ ៣០៤នាក់ ក្នុងភ្ញៀវបារាំង ឈរ លេខរៀងទី១ មានចំនួន ១៩ ៧៥៧នាក់, សហអាមេរិកលេខ២ មានចំនួន ១៨ ៣៤២នាក់ និងថៃ លេខ៣ មានចំនួន ៨ ៧៩៩នាក់ ។
របាយការណ៍ដដែល បានបន្តថា ក្នុងឆ្នាំ២០១៧នេះ ខែដែលភ្ញៀវបុកមកកម្សាន្តជាងគេ គឺខែធ្នូនេះ តែម្ដង គឺមានរហូតដល់ចំនួន ៦២ ៥៥៦នាក់ ហើយចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ មាន ៣ ២១៥ ៥០៤នាក់ ។
ខេត្តបាត់ដំបងមានកន្លែងទេសចរណ៍ទាំងតំបន់វប្បធម៌ ធម្មជាតិ និងសុបនិម្មិត ដោយ តំបន់វប្បធម៌ មានប្រសាទបាណន់, ប្រាសាទឯកភ្នំ, ប្រាសាទស្នឹង, ផ្ទះបុរាណ ស្ថិតក្នុងភូមិវត្តគរ, សារមន្ទីរជាតិ និងសំណង់ អគារ ផ្ទះ បន្សល់ទុកពីសម័យអាណានិគមបារាំងជាដើម ។
តំបន់ធម្មជាតិ មានទឹក ធ្លាក់សេកសក, ជិះទូក និងជិះកាណូតមើលលេងកម្សាន្តផ្ទះបណ្ដែតទឹក នៅតំបន់ទន្លេសាប និង កន្លែងសុបនិម្មិត គឺនៅបឹងកំពីងពួយជាដើម ៕