សហគមន៍ទេសចរណ៍ស្រុកបន្ទាយស្រី បានផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងស្រុក

0
382

សៀមរាប៖ ស្រុកបន្ទាយស្រី មានតំបន់ទេសចរណ៍ជាច្រើន ដូចជាការទស្សនាប្រាសាទបុរាណតំបន់ទេសចរណ៍ធម្មជាតិ ពោលគឺ ភ្ញៀវទេសចរអាចទទួលបាន បទពិសោធន៍នៃជីវិតពិត ដោយគ្រាន់តែធ្វើដំណើរមកកាន់ស្រុកបន្ទាយស្រី ដែលមានចម្ងាយប្រមាណជាង១០គីឡូម៉ែត្រប៉ុណ្ណោះពីក្រុងសៀមរាបនោះ លោកអ្នកនឹងអាចស្វែងយល់អំពីការរស់នៅរបស់ប្រជាពលរដ្ឋលើសពីប្រាសាទ និង ទទួលបានបទពិសោធន៍ជាក់ស្តែងផ្សេងៗ។អ្នកយកព័ត៌មានយើងប្រចាំខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍!

លោកភួង សាវ៉ុន ប្រធានបណ្តាញទេសចរណ៍សហគមន៍ស្រុកបន្ទាយស្រី បានប្រាប់អ្នកយកព័ត៌មាននៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះថា បន្ទាយស្រីជាស្រុកមួយដែលមានសក្តានុពលលើវិស័យទេសចរណ៍ ពីព្រោះទីនោះមានប្រាសាទ បុរាណជាច្រើន សម្បូរ ទៅដោយវប្បធម៍ប្រពៃណី តំបន់ទេសចរណ៍ធម្មជាតិ និងវិស័យកសិកម្មដែលសុទ្ធតែអាចទាក់ទាញភ្ញៀវទេសចរមកកម្សាន្តជាហូរហែ ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋានអាចទទួលបានប្រាក់ចំណូលបន្ថែមពីវិស័យមាសបៃតងនេះ។ លោកបន្តថា ដោយសង្កេតឃើញពីសក្តានុពលនៃវិស័យទេសចរណ៍បែបធម្មជាតិ បច្ចុប្បន្ននេះរដ្ឋបាលស្រុក សហការជាមួយស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន បង្កើតឱ្យមានជារមណីយដ្ឋានសហគមន៍ជាច្រើនដើម្បីឱ្យទីនោះក្លាយទៅជាតំបន់អភិរក្សសហគមន៍ផង និងជាគោលដៅទេសចរផងដោយប្រជាពលរដ្ឋក៏អាចយកផលិតផលកសិកម្មរបស់ខ្លួនមកដាក់លក់បានថែមទៀតផង។

លោកបន្តទៀតថា នៅក្នុងស្រុកបន្ទាយស្រីមានសហគមន៍ជាច្រើនដូចជា សហគមន៍បឹងឈូក សហគមន៍ភ្នំជ័រ សហគមន៍កសិកម្មសុវត្ថិភាពបន្ទាយស្រីសហគមន៍ស្រះដូនរីក សហគមន៍ព្រៃក្បាលជប់ សហគមន៍ព្រៃបល្ល័ង្គ សហគមន៍តានាវ សហគមន៍ផ្ទះស្នាក់ត្បែង សហគមន៍ភូមិធម្មជាតិរុនតាឯក សហគមន៍ស្ករត្នោត និងសហគមន៍នំបញ្ចុកជាដើម។

«សហគមន៍ទាំងអស់នេះ បានដើរតួរួមចំណែក ជាមួយរដ្ឋបាលស្រុកច្រើនណាស់ ពាក់ព័ន្ធជាមួយការលើកកម្ពស់ វិស័យសេដ្ឋកិច្ចកសិកម្ម ផ្សារភ្ជាប់ជាមួយទេសចរណ៍ ឧទាហរណ៍បឹងឈូកមួយ ក្នុងមួយថ្ងៃទិញសម្ភារបន្លែ ត្រីសាច់ចូលហ្នឹង មិនតិចជាងមួយលានរៀលទេ អ៊ីចឹងបន្លែ ត្រី សាច់ ក្តាម ខ្យង កង្កែប ដែលអ្នកភូមិរកបាន គាត់យកទៅលក់ដល់សហគមន៍តែម្តង ហើយមួយទៀតអ្នកភូមិគាត់មានការងារធ្វើនៅក្នុងហ្នឹង ឱ្យមានចំណូលដល់ពួកគាត់ ជាលក្ខណៈប្រយោល និងផ្ទាល់តែម្តង ហើយអ្វីដែលជាគោលដៅសំខាន់ គឺសហគមន៍ទាំងអស់នោះ ផ្តោតទៅលើការងារអភិរក្សជីវៈចម្រុះបានច្រើននៅក្នុងតំបន់ស្រុកបន្ទាយស្រីនេះ»។

សូមជម្រាបផងដែរថា ចក្ខុវិស័យរបស់រដ្ឋបាលស្រុកបន្ទាយស្រីកំពុងតែប្រែក្លាយ ពីការធ្វើកសិកម្មបែបធម្មជាតិ មកជាកសិទេសចរណ៍ ដើម្បីជាការទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរទៅកម្សាន្តទីនោះ និងដើម្បីរួមចំណែកបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ។តាមរយៈចក្ខុវិស័យនេះ ក៏មានគំនិតផ្តួចផ្តើមជាច្រើនត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញ និងផ្សព្វផ្សាយពីចក្ខុវិស័យកសិទេសចរណ៍ និងបង្កើតឱ្យមានផ្លែឈើតំបន់ និងម្ហូបអាហារតំបន់ ដូចជាការចែក និងដាំដើមឈើហូបផ្លែ មានត្រសក់ផ្អែម ទុរេន សាវម៉ៅ ឪឡឹកពូជ ក្រូចតៃវ៉ាន់ តាង៉ែន ល្ហុងហូឡង់ ខ្នុរការ៉ុត ការដាំបន្លែធម្មជាតិ និងការចិញ្ចឹមសត្វជាដើម៕

ដោយ អេង យូ