បន្ទាយមានជ័យ៖ ឧទ្យានុរក្សតំបន់ការពារទេសភាពនៅខេត្តបន្ទាយមានជ័យ បង្ហាញភ្ញៀវបរទេសពីវត្តមានសត្វស្លាបទឹក នៅគោលដៅតំបន់ការពារ១ក្នុងចំណោម៣កន្លែង ក្នុងដូវវស្សាភ្លៀងធ្លាក់ជោកជាំនេះ។
លោក យឹម លី ប្រធានមន្ទិរបរិស្ថានខេត្តបន្ទាយមានជ័យ ឲ្យដឹងថ្ងៃទី១៥ខែសីហាថា ការងារអភិរក្សនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ របស់មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ គឺឧទ្យានុរក្សតំបន់ការពារទេសភាពអាងត្រពាំងថ្ម ស្រុកភ្នំស្រុក សហការជាមួយអង្គការអភិក្សសង្គមសត្វព្រៃ (ដាប់បិលយូស៊ីអេស: WCS) ចុះល្បាតចំណុចខាងកើតត្រពាំងក្រចាប់ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ទន្ទឹមនឹងនេះ ក៏បានជូនដំណើរភ្ញៀវទេសចរជនជាតិបារាំងទស្សនាសត្វស្លាបទឹកចម្រុះ ដូចជា រនាលពណ៍ ក្រៀលខ្យង(ឬចង្កៀលខ្យល) ទុង។ល។ វត្តមានសត្វទាំងនេះ បង្ហាញមុខក្នុង១ប្រភេទៗរាប់រយក្បាល។ ប៉ុន្តែសត្វក្រៀលក្បាលក្រហមដ៏កម្រ និងជិតផុតពូជក្នុងពិភពលោកវិញ ពុំទាន់មាននៅឡើយ។ វាមានពីដើមរដូវប្រាំងនាខែធ្នូ និងមករាតទៅ។
ជាការកត់សម្គាល់ ឧទ្យានុរក្សនៅតំបន់នោះ ឲ្យដឹងថា នៅតំបន់ការពារទេសភាពអាងត្រពាំងថ្ម ពុំមានបទល្មើសអីកើតឡើងទេ។ នៅតំបន់ការពារ២កន្លែងទៀត គឺតំបន់ការពារទេសភាពបន្ទាយឆ្មារស្រុកថ្មពួក និងតំបន់ការពារទេសភាពរនាមដូនសំ ស្រុកម៉ាឡៃ ដែលឧទ្យានុរក្សបានចុះល្បាតក្នុងតំបន់ និងក្នុងសហគមន៍ការពារព្រៃឈើ ក៏ពុំមានបញ្ហាគួរកត់សំគាល់ដែរ។
លោក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុកប្រាប់តាមទូរស័ព្ទថ្ងៃទី១៥ខែសីហាថា ក្នុងក្រុមការងារសត្វក្រៀលអាងត្រពាំងថ្ម នៃអង្គការ WCS ក៏មានមន្ត្រីនគរបាលប្រចាំការសហការជាមួយ ហើយតាមដាននិងបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសសត្វព្រៃនិងនេសាទក្នុងតំបន់។ ជាលទ្ធផល មួយរយៈចុងក្រោយនេះ មិនមានបទល្មើសគួរឲ្យកត់សម្គាល់ឡើយ៕