ក្រសួងទេសចរណ៍ កំពុងរៀបចំ​អភិវឌ្ឍន៍​ឆ្នេរ​អូរត្រេះ និង​ប៉ាក់​ខ្លងធ្វើជា​ឆ្នេរ​គំរូនៅខេត្ដកោះកុង

0
938

កោះកុងៈ ក្រសួងទេសចរណ៍ កំពុង​រៀបចំ​សេចក្តីព្រាង​ផែនការមេ​អភិវឌ្ឍន៍​រមណីយដ្ឋាន​ឆ្នេរ​អូរត្រេះ ខេត្ត​ព្រះសីហនុ និង​ឆ្នេរ​ប៉ាក់​ខ្លង ខេត្តកោះកុង ជា​ឆ្នេរ​គំរូ និង​ឈានដល់​ការកសាង​លិខិតបទដ្ឋាន​គតិយុត្ត​នានា បទដ្ឋាន​ឆ្នេរ​ស្អាត ដើម្បី​ជា​មូលដ្ឋាន និង​ជា​ត្រីវិស័យ។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​ផែនការអភិវឌ្ឍន៍​ឆ្នេរ​ទាំង២នេះ កាលពី​រសៀល​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ នៅ​សណ្ឋាគារ​ឯករាជ្យ ខេត្ត​ព្រះសីហនុ។ សិក្ខាសាលា​នេះ ក៏មាន​ការចូលរួម​ពី​លោក ផៃ ប៊ុន​វណ្ណៈ អភិបាលរង​ខេត្ត​ព្រះសីហនុ និង​លោក Bruno Bodard អគ្គនាយក​ក្លឹប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើ​សកលលោក​ផងដែរ។

បើតាម​ការចុះផ្សាយ​រប​ស់ AKP លោក ប៉ាក់ សុខុម បាន​ថ្លែងថា ឆ្នេរសមុទ្រ​កម្ពុជា បាន​នឹង​កំពុង​ដើរតួនាទី​យ៉ាងសំខាន់ ជា​ប៉ូល​សេដ្ឋកិច្ច​ទី២ ក្នុងការ​ទាក់ទាញ​វិនិយោគ ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ បន្ទាប់ពី​រាជធានី​ភ្នំពេញ។ វា​ត្រូវបាន​ចាត់ទុកជា​គោលដៅ​ទេសចរណ៍ធម្មជាតិ ដ៏​មាន​ភាព​ទាក់ទាញ និង​ប្រកបដោយ​ភាព​ប្រកួតប្រជែង​ខ្ពស់​នៅ​កម្ពុជា និង​ក្នុង​តំបន់ ព្រមទាំង​ជា​គោលដៅ​ទេសចរណ៍​ដ៏​ធំ បន្ទាប់ពី​តំបន់​បេតិកភណ្ឌ​វប្បធម៌​ប្រវត្តិសាស្ត្រ​សៀមរាប អង្គរ និង​រាជធានី​ភ្នំពេញ។

កាលពី​ឆ្នាំ២០១៧ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន​ជាង ៥,៦លាន​នាក់​កើនឡើង ១១,៨ភាគរយ ធៀប​នឹង​ឆ្នាំ២០១៦ ក្នុងនោះ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា មាន​កំណើន​ភ្ញៀវទេសចរ ១១,៥ភាគរយ។ នៅ​ឆ្នាំ២០២០ ក្រសួងទេសចរណ៍​រំពឹងថា តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា អាច​ទទួល​ភ្ញៀវទេសច​រ​អន្តរ​ជាតិប្រមាណ ១លាន​នាក់។

យ៉ាងណាមិញ តំបន់ឆ្នេរ​សមុទ្រ បាន​នឹង​កំពុង​ប្រឈម​បញ្ហា​មួយចំនួន ដែល​ទាមទារ​ឱ្យមាន​ការគិតគូរ​ឱ្យបាន​ទាន់ពេលវេលា ដូចជា៖ ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ឆ្នេរ ការសាងសង់​មិន​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​នៅតាម​បណ្តោយ​ឆ្នេរ  និង​លើដី​ចំណី​ឆ្នេរ ការគ្រប់គ្រង​សំណល់​រឹង រាវ​មិនបាន​ត្រឹមត្រូវ​ជាដើម។

លោក​រដ្ឋលេខាធិការ​បញ្ជា​ក់ថា បញ្ហា​ទាំងនេះ ចាំបាច់​ត្រូវ​បង្កើន​នូវ​កិច្ចខិតខំ​ការពារ​អភិរក្ស​បរិស្ថាន ធនធានធម្មជាតិ រក្សា​ភាព​ស្អាត និង​ភាព​បៃតង សោភ័ណភាព អនាម័យ និង​សណ្ដាប់ធ្នាប់​នៅ​តំបន់ឆ្នេរ​ដោយ​ឈរលើ​គោលការណ៍ “ការអភិវឌ្ឍ​បម្រើឱ្យ​ការអភិរក្ស រីឯ​ការអភិរក្ស បម្រើឱ្យ​ការអភិវឌ្ឍ” ដើម្បី​ធានា​នូវ​និរន្តរភាព​នៃ​ការអភិវឌ្ឍ​តំបន់ឆ្នេរ និង​ទាក់ទាញ​ភ្ញៀវទេសចរ​មក​សម្រាក កម្សាន្ត​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា៕