សត្វកន្ធាយក្បាលកង្កែប ៥៦៥ ក្បាល ត្រឡប់ទៅរស់នៅក្នុងធម្មជាតិវិញ!

0
884
Asian Giant Softshell Turtle | WCS Cambodia
Asian Giant Softshell Turtle | WCS Cambodia

អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយរដ្ឋបាលជលផល Wildlife Reserve Singapore និងសម្ព័ន្ធដើម្បីការរស់រានប្រភេទសត្វអណ្តើក (Turtle Survival Alliance) បានលែង កូនសត្វកន្ធាយក្បាលកង្កែប (ឬរមិច) ដែលជាប្រភេទរងគ្រោះជិតផុតពូជនៅលើសាកលលោកចំនួន៥៦៥ក្បាល ឲ្យទៅរស់នៅក្នុងទីជម្រកធម្មជាតិនៅតាមដងទន្លេមេគង្គវិញ។ យើងបានប្រមូលកូនកន្ធាយក្បាលកង្កែបដែលព្រលែង នោះមកពីសំបុកការពារដោយសហគមន៍ដែលជាផ្នែកមួយនៃសកម្មភាពគម្រោង។

កន្ធាយក្បាលកង្កែបស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ដែលជាប្រភេទរងគ្រោះជិតផុតនៅលើសាកលលោក ខណៈចំនួនរបស់វានៅតែបន្តធ្លាក់ចុះគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ យើងបានគិតថាកន្ធាយក្បាលកង្កែបបានផុតពូជពីកម្ពុជាទៅហើយ រហូតដល់ឆ្នាំ២០០៧ គេបានរកឃើញវត្តមានពួកវាម្តងទៀតនៅក្នុងបរិវេណ៤៨គីឡូម៉ែត្រនៅដងទន្លេមេគង្គចន្លោះខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

 

Asian Giant Softshell Turtle | WCS Cambodia
Asian Giant Softshell Turtle | WCS Cambodia

លោក ញូន ចន្ទី អ្នកសម្របសម្រួលគម្រោងអភិរក្សសត្វកន្ធាយក្បាលកង្កែបនៃអង្គការ WCS បាននិយាយថា៖ “ការលែងកូនកន្ធាយក្បាលកង្កែបនេះធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនចំនួនសត្វកន្ធាយក្បាលកង្កែបរស់នៅក្នុង ធម្មជាតិ។”

លោក ញូន ចន្ទី បានបន្តថា៖ “ការលែងកូនកន្ធាយក្បាលកង្កែបនេះក៏នឹងជួយបង្កើនប្រាក់ចំណូលសម្រាប់ ប្រជាសហគមន៍ និងលើកទឹកចិត្តឲ្យពួកគាត់គាំទ្រ និងចូលរួមក្នុងការអភិរក្សប្រភេទសត្វនេះ ពីព្រោះគម្រោងនឹងបង់ប្រាក់ឲ្យសហគមន៍សម្រាប់ការយាមថែរក្សា និងការពារសំបុកពងកូនសត្វកន្ធាយក្បាលកង្កែប”។

ចាប់តាំងពីឆ្នាំ ២០០៧ មក អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានអនុវត្តគម្រោងអភិរក្សកន្ធាយក្បាលកង្កែប (កន្លងមកអនុវត្តដោយអង្គការអភិរក្សអន្តរជាតិ) ដោយសហការជាមួយរដ្ឋបាលជលផល និងសម្ព័ន្ធដើម្បីការរស់រាន ប្រភេទសត្វអណ្តើក។ កម្មវិធីការពារសំបុកបានលើកទឹកចិត្តឲ្យប្រជាសហគមន៍រស់នៅខេត្តក្រចេះ និងស្ទឹងត្រែង ចូលរួមការពារសត្វកន្ធាយក្បាលកង្កែបដោយបានជ្រើសរើសអតីតអ្នកប្រមូលពង និងមេពូជកន្ធាយក្បាលកង្កែបឲ្យ មកធ្វើការងារជាបុគ្គលិករបស់គម្រោងដើម្បីស្វែងរក និងការពារសំបុកសត្វកន្ធាយក្បាលកង្កែបជំនួសឲ្យការប្រមូលយកពង និងមេពូជសម្រាប់ហូប និងលក់។ ចាប់តាំងពីពេលនោះមក យើងបានការពារសំបុកពងកូនបានចំនួន ៤០២សំបុក និងបានលែងកូនកន្ធាយក្បាលកង្កែបចំនួន៩០៤៧កូន។

លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផលបាននិយាយថា៖ “ការការពារដោយមានការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ពិតជាចាំបាច់ខ្លាំងណាស់ដើម្បីថែរក្សាកន្ធាយក្បាលកង្កែបកុំឲ្យបាត់បង់ពីលើ លោកយើងនេះ។ កាប្រមូលយកពងកូន ឬចាប់យកមេពូជកន្ធាយក្បាលកង្កែបមកលក់ ឬធ្វើជាម្ហូបគឺជាអំពើខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។”
លោក អ៊ុក វិបុល បានបន្តថា៖ “សាធារណៈជនទាំងអស់អាចចូលរួមអភិរក្សសត្វកន្ធាយក្បាលកង្កែបកុំអោយបាត់បង់បានតាមរយៈការមិនទិញ និងបរិភោគសាច់ ឬពងសត្វកន្ធាយក្បាលកង្កែប។”

ការងារអភិរក្សសត្វកន្ធាយក្បាលកង្កែបទទួលបានការគាំទ្រពីម្ចាស់ជំនួយដូចជា Critical Ecosystem Partnership Fund (CEPF) អង្គការអភិរក្សអន្តរជាតិ Wildlife Reserve Singapore និងសម្ព័ន្ធដើម្បីការរស់រានប្រភេទសត្វអណ្តើក (Turtle Survival Alliance)។