ក្រុម​បុរាណវិទូ បាន​ធ្វើ​កំណាយ​រកឃើញ​សំណង់​បុរាណ​នៅ​ភ្នំ​គូលែនដ៏អស្ចារ្យ!

0
1631

ខេត្តសៀមរាប ៖ ក្រុម​បុរាណវិទូ បាន​ធ្វើ​កំណាយ​រកឃើញ​សំណង់​បុរាណ​នៅ​ភ្នំ​គូលែន ដែល​ទំនង​ជា​អតីត​រាជវាំង​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​ ២ ​ក្នុង​សតវត្សរ៍​ទី ៩ ហើយ​នេះ​ជា​វត្ថុតាង​បន្ថែម​ទៀត​សម្រាប់​កម្ពុជា​ដាក់​បំពេញ​លក្ខខណ្ឌ ដើម្បី​ដាក់​បញ្ចូល​ភ្នំ​គូលែន​ទៅ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។

ក្រុម​បុរាណវិទូ​របស់​អាជ្ញាធរ​អប្សរា និង​អង្គការ​មូលនិធិ​បុរាណវិទ្យា និង​អភិវឌ្ឍន៍ (ADF) ​ក្រោម​កិច្ចសហការ​ជាមួយ​នឹង​ក្រសួង​បរិស្ថាន​បាន​ធ្វើ​កំណាយ​ទីតាំង​មួយ​ឈ្មោះ​ បន្ទាយ ឬ​ហៅថា ផ្ទះ​គូចារ្យ នៅ​ឧទ្យាន​ជាតិ​ព្រះជ័យវរ្ម័ន​​នរោត្តម​ភ្នំ​គូលែន​។ ទីតាំង​នោះ​ស្ថិត​នៅ​ក្នុង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ព្រៃធំ​អន្លង់​ធំ នៅ​ភូមិ​អន្លង់ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយលើ​។

លោក ងិន សារុន បុរាណវិទូ របស់​អាជ្ញាធរ​អប្សរា​បាន​ឲ្យ​ដឹង​ថា ​ការសិក្សា​ស្រាវជ្រាវ​នេះ​មាន​រយៈពេល​ ១ ​ខែ​ដោយ​ចាប់ផ្តើម​កាលពី​ថ្ងៃទី​ ១២ ខែ​មីនា​កន្លង​មក និង គ្រោង​នឹង​បិទ​​បញ្ចប់​នៅ​ថ្ងៃ​ ១៣ ខែ​ មេសា ​សប្តាហ៍​ក្រោយ​នេះ​។ គិត​មក​ទល់​នឹង​សប្តាហ៍​ទី​ ៤ ​នេះ​ក្រុម​ការងារ​ដែល​រួមមាន​ក្រុម​អ្នក​បច្ចេកទេស​ និង ​កម្មករ​ប្រមាណ​ជា​ ៦០ នាក់ បាន​រកឃើញ​រចនាសម្ព័ន្ធ​សំណង់​បុរាណ​មួយ​ធ្វើ​ពី​ឥដ្ឋ និង​ថ្មបាយក្រៀម​ដែល​ប្រហែល​ជា​អតីត ​«​រាជដំណាក់ ឬ​រាជវាំង​» ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​ ២ នៅ​ដើម​សតវត្សរ៍​ទី​ ៩​។

លោក​ សារុន បញ្ជាក់​ថា​៖ «​នេះ​គឺ​គ្រាន់​តែ​ជា​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​ដែល​យើង​មិន​ទាន់​បាន​ធ្វើ​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​នោះ​ទេ​។ យើង​មិន​ទាន់​សន្និដ្ឋាន​ច្បាស់ ១០០ % នោះ​ដែរ​តែ​វា​អាច​ជា​អតីត​ព្រះរាជដំណាក់ ឬ​រាជវាំង។ ការរកឃើញ​នេះ​មាន​សារៈសំខាន់​សម្រាប់​មនុស្ស​ជាតិ​ខ្លាំង​ណាស់ ពិសេស​គឺ​កម្ពុជា​យើង​»​។ លោក​បន្ត​ថា​រចនាសម្ព័ន្ធ​សំណង់​បុរាណ​នោះ​ត្រូវ​បាន​ជីក​រកឃើញ​នៅ​ក្នុង​ជម្រៅ​ជិត ១ ម៉ែត្រ​កន្លះ តែ​ទំហំ​វិញ​​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​​ទេ​។ ក្រៅពី​នោះ​ក្រុម​ការងារ​ក៏​បាន​រកឃើញ​អំបែង​កុលភាជន៍​ជាច្រើន​ផង​ដែរ​។

ភ្នំពេញ​ប៉ុស្តិ៍ មិន​អាច​ទាក់ទង​លោក សៅ សុភាព អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ទេ​កាលពី​ម្សិលមិញ​។ រីឯ​លោក ជា សំអាង ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ​ និង​អភិរក្ស​ធម្មជាតិ​ថ្លែង​ថា​លោក​ជាប់​រវល់​មិន​អាច​ធ្វើ​អធិប្បាយ​បាន​ទេ​។

ទោះ​យ៉ាង​ណា​ក្រសួង​បរិស្ថាន​បាន​សរសេរ​នៅ​ហ្វេសប៊ុក​របស់​ខ្លួន​ថា លទ្ធផល​រកឃើញ​ដែល​បាន​សន្និដ្ឋាន​បឋម​នោះ​រួមមាន​ផ្លូវ​ចូល​ពី​ទិស​ខាង​កើត អគារ​សង់​ពី​ឥដ្ឋ​,​សំណង់​កណ្តាល​នៃ​អគារ​នេះ​មាន​ ៣ ​ដំណាក់កាល​។ ដំណាក់កាល​ទី ១ ប្រហែល​ជា​ស្ថិត​ក្នុង​រាជព្រះបាទ​ជ័យវរ្ម័នទី ២ ស្ថិត​ក្នុង​សតវត្សរ៍​ទី ៩​។ បច្ចេកទេស​សំណង់​មាន​បង្ហាប់​គ្រឹះ​ដោយ​ប្រើ​ដី លាយ​ជាមួយ​កម្ទេច​ថ្ម​បាយ​ក្រៀម​ និង​ក្រួស​។ បន្ទាប់​មក​ទើប​រៀប​ក្រវ៉ាត់​ពី​ឥដ្ឋ​មុន​នឹង​ធ្វើ​សំណង់​ខាង​លើ​។ នៅក្នុង​ដំណាក់កាល​ទី​ ២ គឺ​ចាក់ដី​កម្រាស់​ ៣០ ​សង់ទីម៉ែត្រ​នៅ​លើ​កម្រាល​ឥដ្ឋ ហើយ​បន្ទាប់​មក​ទើប​រៀប​កម្រាល​ឥដ្ឋ​នៅ​ពី​លើ​។ ក្នុង​ដំណាក់កាល​នេះ​ក្រុម​អ្នក​ស្រាវជ្រាវ​មិន​ទាន់​អាច​ធ្វើការ​សន្និដ្ឋាន​ថា​គេ​ធ្វើ​នៅ​ពេល​ណា​នៅ​ឡើយ​នោះ​ទេ ដោយសារ​មិន​ទាន់​មាន​ភ័ស្តុតាង​គ្រប់គ្រាន់ ដើម្បី​ធ្វើការ​សន្និដ្ឋាន​បឋម​។

ចំណែកឯ​ក្នុង​ដំណាក់កាល​ទី​ ៣ ​គឺ​វា​ស្ថិត​ក្នុង​អំឡុង​ទសវត្សរ៍​ទី ៦០ រហូត​ដល់​ពេល​ប្រទេស​មាន​សង្គ្រាម​។ ក្រសួង​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា​ចាស់ទុំ​នៅ​តំបន់​នេះ​បាន​ប្រាប់​ថា​ក្នុង​ទសវត្សរ៍​ទី ៦០ មាន​លោកតា​អាចារ្យ​ម្នាក់​បាន​មក​សង់​ផ្ទះ​មួយ​នៅ​ទី​នោះ​ដើម្បី​ធ្វើ​ធម៌ តែ​បន្ទាប់​ពី​ប្រទេស​មាន​សង្គ្រាម​ក៏​បាត់​ដំណឹង​គាត់​ចាប់ពី​ពេល​នោះ​មក​។

ក្រសួង​បន្ត​ថា​ទីតាំង​រាជវាំង​នេះ​បាន​រកឃើញ​ដោយ​បាន​កត់ត្រា​ពី​អ្នក​ស្រាវជ្រាវ​បារាំង តែ​មិន​ដែល​បាន​ធ្វើការ​កំណាយ​នៅ​ឡើយ​ទេ​។ ហេតុនេះ​ទើប​អង្គការ ADF តាមរយៈ​កម្មវិធី​ភ្នំ​គូលែន​ឆ្នាំ​ ២០០៩ ​បាន​សហការ​គ្នា​ដើម្បី​ធ្វើ​កំណាយ​ជា​បន្តបន្ទាប់​រហូត​ដល់​បច្ចុប្បន្ន​នេះ​។ ក្រៅពី​ការស្រាវជ្រាវ​ក៏​មាន​កម្មវិធី​បណ្តុះបណ្តាល​បុរាណ​វិទូ​ខ្មែរ​ឲ្យ​កាន់តែ​ស្ទាត់​ជំនាញ​ដែល​ជា​ធនធាន​មនុស្ស​ក្នុង​វិស័យ​បុរាណវិទ្យា សម្រាប់​សង្គម​កម្ពុជា​នាពេល​អនាគត​។

ក្រសួង​ក៏​បាន​សរសេរ​ដោយ​បាន​ដកស្រង់​ពី​សៀវភៅ​បោះពុម្ព​លើក​ទី ២ របស់​អ្នក​ស្រាវជ្រាវ​បារាំង​ឈ្មោះ E Aymonier ដែល​លោក​បាន​និយាយ​រៀបរាប់​ពី​ជួរ​ភ្នំ​គូលែន​។ ក្នុង​នោះ​បាន​បញ្ជាក់​ពី​ទីតាំង​ភូមិសាស្ត្រ ភូគព្ភសាស្ត្រ នរវិទ្យា និង​ធារាសាស្ត្រ​ដោយ​បាន​ហៅ​ទីតាំង​នេះ​ថា​ «​មហេន្ទ្របរពត​» ​ដែល​មាន​ន័យ​ថា ជា​ភ្នំ​នៃ​ព្រះឥន្ទ្រ​។ លើស​ពី​នេះ​សៀវភៅ Le Cambodge ភាគ​ទី​ ៣ ​របស់​លោក E.Aymonier ក៏​បាន​បង្ហាញ​ខ្លះ​ដែរ​ពី​អត្តសញ្ញាណ​របស់​មហេន្ទ្របព៌ត ដោយ​លោក​បាន​លើក​ឡើង​ថា មហេន្ទ្របរពត គឺជា​ភ្នំគូលែន​នា​ពេល​បច្ចុប្បន​នេះ​។

ក្រៅពី​នោះ​សិលាចារឹក​ស្តុក​កក់ធំ (K.235) ក៏​បាន​រៀបរាប់​យ៉ាង​ក្បោះក្បាយ​ផង​ដែរ​ពី​ការផ្លាស់ប្តូរ​រាជធានី​របស់​ព្រះបាទ​ជ័យវរ្ម័នទី ២ ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ទៀត​។ សិលាចារឹក​នេះ​មាន​ការ​សន្និដ្ឋាន​ជាច្រើន​ដូច​គ្នា​ថា មហេន្ទ្របរពត គឺជា​ភ្នំគូលែន​ដោយ​មាន​ភ័ស្តុតាង​ជាច្រើន​។ ក្នុង​នោះ​ដូចជា​ប្រាសាទ ដែល​ព្រះអង្គ​ប្រកាសរាជ បន្ទាប់ពី​ព្រះអង្គ​បាន​ធ្វើការ​បង្រួបបង្រួម​ជាតិ​រួច​, សំណង់​សាធារណៈ​, ទំបន់​ទឹក​, ប្រាសាទ​សម្រាប់​សាសនា និង​រាជវាំង​។

យោង​តាម​អង្គការ ADF ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ការ​ស្រាវជ្រាវ​នេះ គឺ​ក្នុង​គោល​បំណង​ផ្តោត​សំខាន់​ទៅ​លើ​ការសិក្សា​រចនាសម្ព័ន្ធ​សំណង់​រាជវាំង​បុរាណ​មួយ​នេះ​ឲ្យ​កាន់តែ​ស៊ីជម្រៅ ថា​តើ​សំណង់​នេះ​សង់​ពី​អ្វី​? រចនាប័ទ្ម​អី្វ​? មាន​ប៉ុន្មាន​ដំណាក់កាល​? មាន​តួនាទី​អ្វី​ខ្លះ​? សង់​ក្នុង​ឆ្នាំ​ណា​ខ្លះ​?

សម្រាប់​ទៅ​ថ្ងៃ​អនាគត​ពួកគេ​នឹង​ចងក្រង​សក្តានុពល​របស់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន ដើម្បី​ចូលរួម​បំពេញ​លក្ខខណ្ឌ​បញ្ជូល​ភ្នំគូលែន​ទៅ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។

ក្រៅពី​នោះ​នឹង​ធ្វើការ​បោះពុម្ភ​ផ្សាយ​ស្តីពី​ការរកឃើញ​ថ្មី​នៃ​រចនាសម្ព័ន្ធ​សំណង់​រាជវាំង​សម័យ​បុរាណ​ដែល​មាន​នៅ​លើ​ខ្នង​ភ្នំ​គូលែន​។ លើស​ពី​នោះ​ប្រសិន​ជា​អាច​ ពួកគេ​នឹង​សង់​មជ្ឈមណ្ឌល​ព័ត៌មាន​នៅ​ទីតាំង​នេះ​ផ្ទាល់​ដែល​មាន​ការគ្រប់គ្រង​ដោយ​គណៈកម្មការ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​សម្រាប់​ផ្សព្វផ្សាយ​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ធ្វើការ​ស្វែងយល់​អំពី​ប្រវត្តិ​ទីតាំង​នេះ​។ ក្នុង​នោះ​គណៈកម្មការ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ និង​ក្លាយ​ជា​មគ្គុទេ្ទសក៍​ប្រចាំ​តំបន់​នេះ​ផ្ទាល់​ដែល​អាច​រកប្រាក់​ចំណូល​បាន​តាមរយៈ​ធ្វើការ​ពន្យល់​ដល់​ភ្ញៀវ​ដែល​បាន​មក​ទស្សនា​ក្នុង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​របស់​ពួកគាត់​។

បុរាណ​វិទូ លោក​ សារុន ​ក៏​បាន​ឲ្យ​ដឹង​បន្ថែម​ថា​របក​គំហើញ​នេះ​ជា​ភ័ស្តុតាង​ថ្មី​មួយ​ដ៏​មាន​សារៈសំខាន់​ និង​កាន់តែ​សុក្រឹត​សម្រាប់​កម្ពុជា​យក​ទៅ​បំពេញ​លក្ខខណ្ឌ​របស់​អង្គការ​យូណេស្កូ ដើម្បី​ចុះ​បញ្ជី​ភ្នំ​គូលែន​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​កាន់តែ​បាន​ឆាប់​នា​ថ្ងៃ​អនាគត​៕