រ៉ឺម៉កកង់បីប្រភេទថ្មីឈ្មោះ Ape របស់ក្រុមហ៊ុនអ៊ីតាលានម៉ូតូ (Italian Motors) បានហក់ចូលទីផ្សារកម្ពុជាកាលពីថ្ងៃ ទី២៦ ខែមេសា ឆ្នាំ ២០១៨ ម្សិលមិញនេះ ខណៈដែល App ហៅកង់បីនៅស្រុកខ្មែរយើងកំពុងរីកដូចផ្សិត ។
រ៉ឺម៉កកង់បីថ្មីនេះត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ធ្វើឡើងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន ដោយមានការចូលរួមពីមន្រ្តីរាជរដ្ឋាភិបាល និងដៃគូឯកជនជាច្រើនទៀត។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញចំណាប់អារម្មណ៍ថា តាមរយៈមធ្យោបាយនេះ វាពិតជាមានសារសំខាន់ណាស់ ទៅដល់ការចូលរួមចំណែកបម្រើឱ្យភាពរីកចម្រើននៃវិស័យទេសចរណ៍ តាមរយៈការកសាងកម្ពុជាស្អាត និងបៃតងដែលនឹងធ្វើសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត។
ឯកឧត្តមបានបន្ថែមថា វិស័យទេសចរណ៍ជាវិស័យសំខាន់មួយ ដែលបានចូលរួមបម្រើដល់សេដ្ឋកិច្ចជាតិ។ ជាក់ស្តែងកាលពីអំឡុងចូលឆ្នាំថ្មីកន្លងមកនេះ ទេសចរជាតិ និងអន្តរជាតិ បានធ្វើដំណើរកម្សាន្តជាង៥លាននាក់ ទៅកាន់គោលដៅទេសចរណ៍នានា ហើយក្រសួងក៏បានដាក់ចេញនូវយុទ្ធសាស្ត្រ អភិវឌ្ឍនូវគោលដៅទេសចរណ៍ទាំងអស់ ឱ្យកាន់តែល្អប្រសើរផងដែរ។
លោក វុង ពិលី នាយកប្រតិបត្តិក្រុមហ៊ុនអ៊ីតាលានម៉ូតូ បានលើកឡើងថា រ៉ឺម៉កកង់បី Ape របស់ Piaggio ដែលចូលរួមចំណែកដឹកជញ្ជូនភ្ញៀវទេសចរ និងប្រជាពលរដ្ឋ នៅក្នុងទីក្រុងពេលនេះ គឺធ្វើដំណើរដោយប្រើប្រាស់កម្មវិធី App តាមទូរស័ព្ទដៃដូចជា Grab, PassApp, WeGo, Tos Tos, CamGo, 711Go Taxi, Exnet និង App ជាច្រើនផ្សេងៗទៀត។
លោកបានបញ្ជាក់ទៀតថា ជាមួយកម្មវិធី App តាមទូរស័ព្ទដៃនេះ វាពិតជាមានភាពងាយស្រួលណាស់ ហើយវាអាចសន្សំពេលវេលាបានទៀតផង ដោយឲ្យគេមកយកដល់កន្លែងដែលយើងនៅតែម្តង ហើយវាអាចជូនយើងទៅកន្លែងណា ដែលយើងចង់ទៅបានយ៉ាងងាយស្រួល ដោយគ្រាន់តែចុច ប៉ូតុងមួយប៉ុណ្ណោះ។
ជាចុងក្រោយ លោកបានបញ្ជាក់ទៀតថា វាពិតជាងាយស្រួលជាង ការធ្វើដំណើរនៅបណ្តាប្រទេសមួយចំនួនទៅទៀត ដោយប្រជាជនគេត្រូវដើរថ្មើរជើង ទៅស្ថានីយ៍រថភ្លើង និងដើរពីស្ថានីយ៍រថភ្លើងទៅកន្លែង ដែលពួកគេចង់ទៅ៕